លោក ឡៃ សុធា តាំងចិត្តបង្កើន Fan ឲ្យបានលើសពី ១ម៉ឺននាក់ ជូនភ្នំពេញក្រោន

ភ្នំពេញ៖ លោក ឡៃ សុធា បានផ្លាស់ប្ដូរទ្រនំថ្មី ទៅរួមរស់ជាមួយ ក្លឹបភ្នំពេញក្រោនវិញហើយ ក្រោយចាកចេញពី ក្លឹបវេស្ទើនភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ ។ ទន្ទឹមជាមួយគ្នានេះ លោកបានតាំងចិត្តនឹងធ្វើឲ្យក្លឹបថ្មីនេះ ក្លាយជាក្លឹបមានអ្នកគាំទ្រ (Fan) ជាងគេបំផុតនៅកម្ពុជា ដើម្បីចូលរួមទស្សនា និងគាំទ្ររាល់ការប្រកួត របស់ក្លឹបភ្នំពេញក្រោន នារដូវកាលថ្មី ឆ្នាំ២០១៦នេះ ។

អតីតអ្នកចាត់ការទូទៅ ក្រុមវេស្ទើនភ្នំពេញរូបនេះ បានថ្លែងឲ្យដឹងថា ជាមួយនឹងការផ្លាស់ប្ដូរទ្រនំថ្មីនេះ មិនមែនដោយសារលោកមិនបញ្ហា ជាមួយក្លឹបចាស់នោះទេ ពោលគឺលោកចាកចេញ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ ខ្លួនឲ្យកាន់តែខ្លាំង ជាមួយនឹងការងារជា ប្រធានទីផ្សារនៅក្លឹបភ្នំពេញក្រោន។

លោក ឡៃ សុធា បានបន្ដថា ភ្នំពេញក្រោន គឺជាក្លឹបបាល់ទាត់ ដ៏មានសក្ដានុពល និងមានគោលដៅ អភិវឌ្ឍន៍ឥតឈប់ឈរនៅកម្ពុជា ហេតុនេះទើបលោកជ្រើសរើសក្លឹបនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ។ មិនតែប៉ុណ្ណោះ លោកថែមទាំង មានគោលដៅរួមចំណែក លើកស្ទួយក្លឹបថ្មីនេះ ឲ្យកាន់តែអស្ចារ្យទៀតផង ពិសេសគឺការបង្កើនចំនួនអ្នកគាំទ្រ ការរៀបចំព្រឹត្តិការណ៍ផ្សេងៗជាដើម ។

លោកបញ្ជាក់ថា «ជាមួយនឹងមុខងារថ្មីនេះ វាគឺជាឆ្នាំទី៦ របស់ខ្ញុំ ដែលមានបទពិសោធន៍ជាមួយបាល់ទាត់ ។ ប៉ុន្ដែអ្វីដែលថ្មី មកទីនេះយើងត្រូវបង្កើនផែនការថ្មី ដើម្បីរួមចំណែកអភិវឌ្ឍន៍ ពិសេសធ្វើយ៉ាងណា ដើម្បីទាក់ទាញអ្នកគាំទ្រឲ្យបានច្រើន ដែលខ្ញុំបានតាំងចិត្ត នឹងធ្វើឲ្យមានអ្នកគាំទ្រលើសពី ១ម៉ឺននាក់ មកទស្សនារាល់ការ ប្រកួតរបស់ភ្នំពេញក្រោន» ។

«ទន្ទឹមជាមួយគ្នានេះដែរ ខ្ញុំក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាក្រុមហ៊ុនតូច-ធំ ទូទាំង ប្រទេសកម្ពុជា មកសហការជាមួយ ភ្នំពេញក្រោន ហើយខ្ញុំក៏នឹងព្យាយាមបង្កើត ឲ្យមានព្រឹត្តិការណ៍ផ្សេងៗ ក្រៅពីកីឡាបាល់ទាត់ ដូចជាកម្មវិធីប្រគុំតន្ដ្រី ប្រដាល់ ឬកម្មវិធីអភិវឌ្ឍន៍យុវជនជាដើម ដើម្បីរួបរួមគ្នាធ្វើឲ្យបាល់ទាត់ កាន់រីកចម្រើនផងដែរ» នេះបើតាមការបញ្ជាក់របស់លោក ឡៃ សុធា ។

គួរបញ្ជាក់ថា មុននឹងសម្រេចចិត្តផ្លាស់ប្ដូរ មកបន្ដអាជីពជាមួយ ក្លឹបភ្នំពេញក្រោន លោក ឡៃ សុធា ធ្លាប់បានបង្កើតស្នាដៃ ឲ្យក្លឹបវេស្ទើនចំនួន ៥ឆ្នាំរួចមកហើយ ក្នុងនោះលោកធ្លាប់ដឹកនាំ ក្រុមបាល់ទាត់សាកលវិទ្យាល័យមួយនេះ ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ជាច្រើនលើក ក្នុងការប្រកួតក្របខណ្ឌក-១ និងពានរង្វាន់បាល់ទាត់កម្រិតឧត្តមសិក្សា។ ពិសេសលោកធ្លាប់ បានស្វែងរកដៃគូឧបត្ថម្ភជាច្រើន មកឧបត្ថម្ភដល់ក្លឹបវេស្ទើន រហូតសាងសង់បានជា កីឡាដ្ឋានផ្ទាល់ខ្លួនទៀតផង៕

លោក ឡៃ សុធា តាំងចិត្តបង្កើន Fan ឲ្យបានលើសពី ១ម៉ឺននាក់ ជូនភ្នំពេញក្រោន

លោក ឡៃ សុធា តាំងចិត្តបង្កើន Fan ឲ្យបានលើសពី ១ម៉ឺននាក់ ជូនភ្នំពេញក្រោន