អាដហុក ចេញសេចក្តីថ្លែង ការណ៍គាំទ្រ រាជរដ្ឋាភិបាល ចំពោះវិធានការ បង្ក្រាបបទល្មើសព្រៃឈើ

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ នាពេលថ្មីៗនេះ សមាគអាដហុកបាន ចេញថ្លែងសេចក្តីថ្លែងការណ៍ គំាទ្រចំពោះវិធានការ ដ៏ក្តៅគគុករបស់រាជរដ្ឋាភិបាលនេះ។

យោងតាមសេចក្តី ថ្លែងការណ៍របស់សមាគមអាដហុក ដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដែលមជ្ឈមណ្ឌលព័ត៌ដើមអម្ពិល ទទួលបានៅថ្ងៃទី២១ មករានេះ បានឲ្យដឹងថា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សូមសំដែងការគាំទ្រ ចំពោះការចាត់វិធានការដ៏ក្តៅគគុករបស់ប្រមុខរាជរដ្ឋាភិបាល ឈានដល់ការបង្កើតជាគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលមតិភាគច្រើនវាយតម្លៃថាហាក់ដូចជាយឺតពេលទៅហើយ។ ប៉ុន្តែយើងយល់ថា ទោះជាយឺតយ៉ាវយ៉ាងណាក្តី ក៏គ្រាន់បើជាងមិនមានការទប់ស្កាត់ចំពោះបទល្មើសព្រៃឈើនេះដែរ ។

ប៉ុន្មានថ្ងៃនេះ គណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ បានរកឃើញរាប់ពាន់ ម៉ែត្រគូប នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលបង្ហាញថា ពិតជាមានការកាប់រំលំ ដឹកជញ្ជូនឈើពិតមែន ប៉ុន្តែមិនទាន់មានការឃាត់ខ្លួនជនណាម្នាក់នៅឡើយទេ ហើយសកម្មភាពកំពុងបន្តទៅខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី។

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សូមសំដែងនូវការព្រួយបារម្មណ៍ចំពោះការចាត់វិធានការនេះ បើយោងតាមច្បាប់ព្រៃឈើមាត្រា ៨៥ មាត្រា៩៤ មាត្រា៩៧ មាត្រា១០០និងមាត្រា១០១ បើជនណា ឬមន្រ្តីរូបណាដែលពាក់ព័ន្ធ ឬបណ្តែតបណ្តាយចំពោះបទល្មើសព្រៃឈើ គឺត្រូវទទួលទោសតាមច្បាប់ មិនថាជារាស្រ្ត ជាមន្រ្តី ឬជាឧកញ៉ាឡើយ។ យើងសង្កេតឃើញ កន្លងមកមានការផ្តន្ទាទោសតែលើរាស្រ្តទន់ខ្សោយ ចំណែកក្រុមឈ្មួញមានងារជាឧកញ៉ា ឬជាមន្រ្តីអំណាច កម្រទទួលការផ្តន្ទាទោសណាស់ ស្ថានភាពបែបនេះកំពុងបង្ហាញថានៅកម្ពុជា មានច្បាប់តែមួយ តែការអនុវត្តជាក់ស្តែងមានស្តង់ដារពីរ។

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សូមទាមទារយ៉ាងទទូច ឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់ ដោយត្រូវតែមានការផ្តន្ទាទោស ដើម្បីលុបបំបាត់ចោលនូវរូបភាពច្បាប់តែមួយការអនុវត្តជាក់ស្តែងមានស្តង់ដារពីរ។ យើងក៏សូមឲ្យមានការលុបចោលនូវអាជ្ញាប័ណ្ណទាំង ឡាយណាដែល ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចធ្វើសកម្មភាពរំលោភច្បាប់ព្រៃឈើ និងសូមឲ្យមានការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើដូចភ្លៀងរលឹម ដើម្បីរក្សាធនធានព្រៃឈើដែលនៅសេសសល់តិចតួច សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយទៀត៕