សុខភាព &raquo សុខភាព

របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ​ពិតជា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ចំណែក​ជួយ​ឱ្យ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ថយ​ចុះ​បាន ។ មាន​អាហារ​៥​ប្រភេទ​ដែល​អ្នកជំនាញ​អះអាង​ថា ផ្តល់​អត្ថប្រយោជន៍​បែប​នេះ ។ បែបបទ​រស់នៅ​ល្អ គួប​ផ្សំ​នឹង​ការ​ហាត់ប្រាណ​ជា​ប្រចាំ​គឺជា​ចំណែក​ដែល​ជួយ​បន្ថែម​ប្រសិទ្ធភាព​អាហារ​ទាំងនោះ ។ ចូរ​ព្យាយាម​ដាក់​បញ្ចូល​អាហារ​ខាងក្រោម​នេះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖

១-​បណ្តា​អាហារ​សម្បូរ​ដោយសារ​ធាតុ​សរសៃ ៖ សារធាតុ​សរសៃ​ដែល​ងាយ​រលាយ​មាន​ប្រសិទ្ធភាព​ធ្វើ​ឱ្យ​ថយ​ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ (LDL) ។ សារធាតុ​នេះ​មាន​ច្រើន​នៅ​ក្នុង​សណ្តែកអង្គុយ ផ្លែ​ប៉ោម  ផ្លែ​ព្រូន ផ្លែ​ប៉េ​ស  កន្ទក់​ស្រូវ​អូក​... ។

២-​ពពួក​ត្រី​សម្បូរ​ខ្លាញ់ ៖ ការ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​អាច​ផ្តល់​ផល​ល្អ​ដល់​សុខភាព​បេះដូង​ដ្បិត វា​ផ្ទុក​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣​ដែល​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​សម្ពាធ​ឈាម​និង​ហានិភ័យ​កំណក​ដុំ​ឈាម ។ បណ្តា​ត្រី​ដែល​សម្បូរ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣​មាន​ដូច​ជា ត្រីសូ​ម៉ុង ត្រី​ធូ​ណា ស្បៃ​កា សា​ឌី​ន​តូច សា​ឌី​ន​ធំ​... ។

៣-​ពពួក​សណ្តែក​មាន​ជាតិ​ប្រេង ផ្លែ​អាល់​ម៉ុ​ន វ៉​ល​ណាត់ ៖ ផ្លែ​វ៉​ល​ណាត់ អាល់​ម៉ុ​ន និង​បណ្តា​សណ្តែក​មាន​ជាតិ​ប្រេង​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​ច្រើន​ចម្រុះ​គ្នា​មាន​ប្រសិទ្ធភាព​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម ។

ការ​ទទួលទាន​អាហារ​ទាំងនេះ​៤២,៥​ក្រាម​(​ប្រហែល​មួយ​ក្តាប់ដៃ​)​ក្នុង​មួយ​ថ្ងៃ​ជួយ​ឱ្យ​ហានិភ័យ​ជំងឺ​បេះដូង​ថយ​ចុះ ។ ចូរ​កុំ​បន្ថែម​អំបិល​ឬ​ស្ករ​ជាមួយ​អាហារ​ទាំងនេះ ។

៤-​ប្រេង​អូ​លីវ ៖ ប្រេង​អូ​លីវ​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ចម្រុះ​ដែល​មាន​កម្លាំង​បញ្ចុះ​កូ​ឡេ​ស្តេ​រូ​ល​អាក្រក់​ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។ ចូរ​ប្រើប្រាស់​ប្រហែលជា​២​ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ​បន្ថែម​លើ​អាហារ​របស់​អ្នក ។ គេ​អាច​ប្រើ​ប្រេង​អូ​លីវ​បាន​គ្រប់​រូបភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​នោះ​មាន​ដូច​ជា លាប​លើ​សាច់ ជ្រលក់​នំប៉័ង​...​។ ចូរ​កុំ​ប្រើ​លើស​ចំនួន​កំណត់​ដ្បិត​វា​សម្បូរ​កាឡូរី​ច្រើន ។

៥-​បណ្តា​អាហារ​ដែល​មាន​បន្ថែម​សារធាតុ Sterols ឬ​Stanols ពី​រុក្ខជាតិ ៖ Sterols ឬ Stanols គឺជា​សារធាតុ​មាននៅ​ក្នុង​រុក្ខជាតិ​ដែល​ជួយ​រាំង​ខ្ទប់​ការ​ស្រូប​យក​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល ។

ប៊័រ​ធ្វើ​ពី​ប្រេង​រុក្ខជាតិ (Margarines) បណ្តា​ភេសជ្ជៈ​ទឹកក្រូច​ពោធិ៍សាត់ និង​ទឹកដោះគោ​ជូរ​ដែល​មាន​បន្ថែម​សារធាតុ sterols អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​បាន​ច្រើន​ជាង​១០​ភាគរយ ៕