ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ខណៈ​ពលរដ្ឋ​ម្នាក់​ប្រទះ​ឃើញ​មីនតោន​១​គ្រាប់​ដែល​សេសសល់​តាំងពី​សម័យ​សង្គ្រាម កប់​នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួន ខណៈ​កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ដាំ​ដំណាំ តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​ផ្ទុះ បន្ទាប់​ពី​នាំ​គ្នា​ពិនិត្យ​មើល​រួច​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​យក​ទៅ​ប្រគល់​ជូន​អាជ្ញាធរ​ក​ម្ចាស់​គ្រាប់​មីន​ភ្លាម​ៗ ។

ហេតុការណ៍​ភ្ជួរ​ដី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ២០១៦ កន្លង​ទៅ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​១០​ចាស់​ជាប់​បន្ទាត់​ព្រំដែន ក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។ ម្ចាស់​ចម្ការ​ឈ្មោះ​តា​ម៉ា​ប់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​កសិករ រស់​ខាងលើ ។

បញ្ជាក់​ថា ដីចម្ការ​នេះ ត្រូវ​បាន​ម្ចាស់​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដាំដំឡូង​មី និង​ពោត​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ធ្លាប់​ឃើញ​មាន​គ្រាប់​មីន​អ្វី​នោះ​ឡើយ ស្រាប់តែ​ព្រឹក​ថ្ងៃ​កើតហេតុ គេ​ឃើញ​ស្នាម​ផាល​ត្រាក់ទ័រ​ភ្ជួរ​ប៉ះ​នឹង​គ្រាប់​មីនតោន​នោះ តែ​មិន​ផ្ទុះ​ដោយ​មាន​ច្រេះ ចាប់​ក្រហម​ផង​ដែរ ។