នី​ស្សាន់​ដឹក​អង្ក​របុក​រថយន្តក្រុង​ស្លាប់​5​នាក់ របួសស្រាល​-​ធ្ងន់​19​នាក់

នី​ស្សាន់​ដឹក​អង្ក​របុក​រថយន្តក្រុង​ស្លាប់​5​នាក់ របួសស្រាល​-​ធ្ងន់​19​នាក់

ខេត្តពោធិ៍សាត់ ៖ យ៉ាងតិច​មនុស្ស​៥​នាក់​បាន​ស្លាប់ ៦​នាក់​រង​របួសធ្ងន់ និង​១៣​នាក់​ទៀត​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រ​ន្ទ​ត់​មួយ​ដែល​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់​ភូមិ​ត្រពាំង​រំដេញ ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ​កាលពី​វេលា​ម៉ោង​២៤​ឈាន​ចូល​ថ្ងៃ​ទី​២០ មក​រា ។

លោក​វរសេនីយ៍ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ប្រាប់​ឲ្យ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​នី​ស្សាន់​ពណ៌​ស​ពាក់​ស្លាក​លេខ​តាកែវ​3A-0759​ជាមួយ​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-1265​។ ពេល​នោះ​រថយន្តក្រុង​បែក​កង់​ក្រោយ​ខាងឆ្វេង​ហើយ​បាន​វេរ​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​នី​ស្សាន់​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​យា​៉​ង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​នី​ស្សាន់​ក្រឡាប់ចាក់​អង្ករ​ពេញ​ថ្នល់ ។ ក្នុង​ហេតុការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​នោះ​ស្រី​២​នាក់ ។របួសធ្ងន់​៦​នាក់​ស្រី​៣​នាក់ និង​របួសស្រាល​១៣​នាក់​ស្រី​៧​នាក់ ។ ខាង​រថយន្ត​នី​ស្សាន់​ជិះ​គ្នា​៥​នាក់​បាក់ជើង​ពីរ​នាក់ ហើយ​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បាន​រត់គេច​ខ្លួន​ទាំង​របួស ។ រីឯ​អ្នក​ស្លាប់​គឺ​ជិះ​ក្នុង​រថយន្តក្រុង​ទាំងអស់ ។

បើ​តាម​ការ​សាកសួរ​ពី​អ្នក​រង​របួស​ដែល​ជិះ​ក្នុង​រថយន្ដក្រុង​បាន​ឲ្យ​ដឹង​ថា នៅ​យប់​នោះ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្តបាត់ដំបង ។ ទៅ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​នី​ស្សាន់​(​ដឹក​អង្ករ​)​បោះពួយ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បាន​រេ​ចង្កូត​មក​បុក​រះ​រថយន្តក្រុង​មួយ​ចំហៀង​បណ្តាល​ឱ្យ​ក្រឡាប់​ទើប​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់ និង​រង​របួសធ្ងន់​ស្រាល​រដូករណែល​បែប​នេះ ។

អ្នក​ស្លាប់​និង​អ្នក​រង​របួស​សុទ្ធតែ​ជា​អ្នក​ធ្វើ​ដំណើរ​ដែល​ខ្លះ​នៅ​ភ្នំពេញ និង​ខ្លះ​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​នានា ហើយ​ពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ។ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​៥​នាក់​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​បងប្អូន​ក្រុម​គ្រួសារ​ដើម្បី​ប្រគល់​ឲ្យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​រថយន្ត​ទាំង​ពីរ​គ្រឿង​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ មក​រា​នេះ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​ទៅ​សួរសុខទុក្ខ​ជន​រង​គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​បាន​នាំ​យក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ទៅ​ផ្ដល់​ជូន​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ទឹកដោះគោឆៅ​មួយ​ឡូ និង​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែរ ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា ៕