លោក ប្រេដ អាដាម ស្នើ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាត់ទុក​បញ្ហា​សិទ្ធិមនុស្ស​ជា​រឿង​សំខាន់​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch) លោក ប្រេដ អាដាម បានស្នើ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផ្ដល់​សំខាន់​លើ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ពាក់កណ្ដាល​ខែកុម្ភៈ ឆ្នាំ​២០១៦​។ ក្នុង​លិខិត​ផ្ញើជូន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ លោក ប្រេដ អាដាម បាន​បញ្ជាក់ថា មេដឹកនាំ​អាស៊ាន​មួយចំនួន​បានជា​ប់​ពាក់ព័ន្ធ​ទៅនឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស ការធ្វើ​រដ្ឋប្រហារ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ពួកគេ​ខ្លះ​មិន​អាចមាន​សិទ្ធិ​ទទួលបាន​ទិ​ដ្ឋ​ការ​មក​អាមេរិក​ផង ប្រសិនបើ​ពួកគេ​មិនមែនជា​មេដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​។​

ចំណុច​គួរ​ឲ្យ​កត់សម្គាល់ គឺ​លោក ប្រេដ អាដាម បាន​ទ​ទួ​ច​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវ​ជជែក​ជា​សាធារណៈ​ជាមួយ​មេដឹកនាំ​អាស៊ាន​ទាំងនោះ ដើម្បី​ឲ្យ​ដោះលែង​អ្នកទោសនយោបាយ ទម្លាក់ចោល​ការចោទប្រកាន់​នយោបាយ និង​ការ​ធ្វើទុក្ខបុកម្នេញ​នយោបាយ​។ នៅក្នុង​លិខិត​ដដែល​លោក ប្រេដ អាដាម បានសរសេរថា​(​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់កាប់​អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ លោក ហ៊ុន សែន គ្រប់គ្រង​អំណាច​ដោយ​ប្រើប្រាស់​អំពើហិង្សា ការគំរាមកំហែង និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​គណបក្សប្រឆាំង និង​អនុញ្ញាត​ឲ្យ​មាន​អំពើពុករលួយ​)​។ លោក ប្រេដ អាដាម បានលើកឡើង​ទៀតថា សហរដ្ឋអាមេរិក​មិនគួរ​ផ្ដល់​រង្វាន់​ឲ្យ​មេដឹកនាំ​ដែលមាន​ការពាក់ព័ន្ធ​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះឡើយ ពីព្រោះ​វា​អាចជា​ការផ្ញើ​សារ​ខុស​ទៅ​ពិភពលោក​អំពី​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​សិទ្ធិសេរីភាព​របស់​សហ​រដ្ឋ​អាមេរិក​។

សូមបញ្ជាក់ថា​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន ដែលជា​ជំនួប​រវាង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​មេដឹកនាំ​អាស៊ាន ត្រូវធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៥-១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក ហើយ​ត្រូវ​ផ្ដោតលើ​បញ្ហាសំខាន់ៗ​ជាច្រើន​។ ដូច្នេះហើយ​ទើប​លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ជំរុញ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​។ រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​លោក ប្រេដ អាដាម បាន​លើក​ពី​ឈ្មោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​លិខិត​ផ្ញើជូន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ហើយ​លទ្ធផល​យ៉ាងណា​នោះ​ត្រូវ​រង់ចាំ​មើល​ថ្ងៃទី​១៥-១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ឆាប់ៗ​ខាងមុខនេះ​៕

Official portrait of President-elect Barack Obama on Jan. 13, 2009. (Photo by Pete Souza)

BAdamsHRWលោក ប្រេដ អាដាម   ​