ប្តូ​រពណ៌​សក់​ញឹកញាប់ ​ប្រយ័ត្ន​មហារីក​ក្បាល​

ទំនោរ​នៃ​ការ​និយម​ប្តូរ​ពណ៌សក់​ មាន​ការ​កើន​ឡើង​ក្នុង​ក្រុម​យុវវ័យ ​ហើយ​ផលិត​ផល​ប្តូរ​ពណ៌សក់ ​ម៉ាកផ្សេងៗ​ ប្រជែងគ្នា ​ចេញ​លក់​នូវ​ផ​លិតផល​ច្រើន​បែប​មិន​ថា​ ជា​ប្រភេទ​ទឹក ​ប្រភេទហ្វូម ​ដែល​ផ្តល់​លទ្ធផល​ភ្លាមៗ ​ក្រោយ​ប្តូរពណ៌។​យ៉ាងណា​ក៏​ដោយ ​ទោះ​បី​ជា​ការ​ប្តូរ​ពណ៌​សក់​នោះ​ វា​អាច​ជួយ​បង្កើន​សម្រស់​របស់​អ្នក ​ឱ្យ​មើល​ទៅ​ស្រស់​ស្អាត។​ ប៉ុន្តែ​ អ្នកជំ​នាញ​បាន​ឱ្យ​ដឹងថា​ វា​អាច​បង្ក​ឱ្យ​កើត​គ្រោះ​ថ្នាក់​បាន​ចំ​ពោះ​អ្នក​ប្តូរ​ពណ៌សក់។​ ជាពិសេស​ ជំងឺ​មហារីក​ស្បែក​ក្បាល​ ជំងឺ​អាល់លែរហ្ស៊ី ឬសូម្បី​តែជ្រុះសក់​៘ ដោយសារ​តែក្នុង​ទឹកថ្នាំ​ប្តូរ​ពណ៌សក់​នោះផ្សំពី​សារធាតុ​គីមី ដែលមានឥទ្ធិពលជាអាស៊ីដនិងបាស ៥ ប្រភេទសំខាន់ៗ ដូចជា អីុដ្រូពែរអុកស៊ីដ (Hydroperoxide), ហ៊្វីនីលីនដៃអាមីន (Phenylenediamine), អាម៉ូញាក់ (Amonia), ប្រាក់នីត្រាត (Silver nitrate) និងសំណអាសេតាត (Tin acetate)។រីឯសារធាតុគីមីដែលនៅក្នុងទឹកថ្នាំអ៊ុតសក់ត្រង់និងរួញ ក៏អាចបង្កឱ្យកើតគ្រោះថ្នាក់ចំពោះស្បែកក្បាល បានដូចនឹងទឹកថ្នាំប្តូរពណ៌សក់ដែរ ព្រោះសារធាតុផ្សំដែលប្រើនោះ ស្រដៀងៗគ្នា បូករួម ជាមួយការអ៊ុតសក់ត្រង់និងរួញ មានការប្រើកម្តៅរួមផងនោះ ទើបធ្វើឱ្យសរសៃសក់ ទន់ខ្សោយ និង ស្តើង ដូចគ្នានឹងការប្តូរពណ៌សក់ដែរ។ ដូច្នេះ អ្នកដែលមានភាពចាំបាច់ត្រូវប្តូរពណ៌សក់ ជាដំបូង គួរជ្រើសទឹកថ្នាំប្តូរពណ៌សក់ ដែលមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជា គ្មានសារធាតុផ្សំរបស់អំបិល ឬសារធាតុគីមីដែលបង្កគ្រោះថ្នាក់ ដូចសារធាតុសំណនិងបារត ជាសារធាតុផ្សំចម្បង និងគួរជ្រើសផលិតផលដែលមានស្លាកសញ្ញាទទួលការអនុញ្ញាតច្បាស់លាស់ ឬគួរជ្រើសទិញតាម ហាងលក់ដែលមានអនាម័យនិងទុកចិត្តបាន។ សំខាន់បំផុត មិនគួរប្តូរពណ៌សក់ញឹកញាប់ក្នុង ១ ឆ្នាំលើសពី ៩ ដងទេ ព្រោះមានការស្រាវជ្រាវឃើញថា អាចធ្វើឱ្យកើតមហារីកបាន។ រីឯអ្នកដែលមិនគួរប្តូរពណ៌សក់គឺក្រុម ស្ត្រីមានគភ៌, អ្នកជំងឺអាល់លែរហ្ស៊ី ឬអ្នកដែលកើតជំងឺមហារីក។យ៉ាងណាក៏ដោយ អ្នកជំនាញបញ្ជាក់ថា គួរចៀសវាងប្តូរពណ៌សក់ញឹកញាប់ ឬប្តូរពណ៌សក់ឱ្យតិចបំផុត ដើម្បីឱ្យមានផលល្អចំពោះសរសៃសក់ ហើយសំខាន់ គួរថែទាំសរសៃសក់ ព្រមជាមួយការបំប៉ន ទើបល្អបំផុត ៕ 
ប្តូ​រពណ៌​សក់​ញឹកញាប់ ​ប្រយ័ត្ន​មហារីក​ក្បាល​

អត្ថបទ៖ ដេវីដ