ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ កម្ពុជា នឹង​ដាក់ចុះ​នូវ​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​អគ្គិសនី​ជាតិ មិន​លើស​ពី​៥០​គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ ក្នុង​ថ្លៃ​ត្រឹម​៦១០​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូវ៉ាត់ម៉ោង ដែល​ផែនការ​នេះ នឹង​គ្រោង​អនុវត្ត​នៅ​ខែមេសា ឆ្នាំ​២០១៧​ខាង​មុខ ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កន្លង​មក ។

ទន្ទឹម​នឹង​នេះ នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ « ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ឱ្យ​បាន​ជ្រាប​ថា ចាប់ពី​ខែមេសា ឆ្នាំ​២០១៧​ទៅ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្តាញ​អគ្គិសនី​រដ្ឋ​ក្នុង​បរិមាណ​ពី​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ខែ​ចុះ​ក្រោម គឺ​បង់ថ្លៃ​ត្រឹមតែ​៦១០​រៀល​តែ​ប៉ុណ្ណោះ ។ ខ្ញុំ​សង្ឃឹមថា ការ​សម្រេច​បន្ធូរបន្ថយ​តម្លៃប្រើប្រាស់​អគ្គិសនី​ជូន​បងប្អូន​ជនរួមជាតិ គឺ​ពិតជា​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ជនរួមជាតិ​បាន​មួយ​កម្រិត​ធំ​ជា​មិន​ខាន » ។

យោង​តាម​ផែនការ​បន្ថយ និង​អនុគ្រោះ​ថ្លៃ​លក់​អគ្គិសនី​នៅ​ក្នុង​តំបន់​ដែល​ប្រភព​អគ្គិសនី​របស់​បណ្ដាញ​ជាតិ​គ្របដណ្ដប់ បាន​បង្ហាញ​នូវ​ផែនការ​ដូច​ខាងក្រោម ៖

១-​សម្រាប់​អ្នក​ប្រើប្រាស់​ប្រភេទ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ធំ​ៗ បើ​ទិញ​ពី​អនុ​ស្ថានីយ​ផ្ទាល់​ក្នុង​ឆ្នាំ​២០១៥ មាន​តម្លៃ​៥៣០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង និង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ មាន​តម្លៃ​៥១៦​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ។ ចំណែក​អ្នកទិញ​ពី​បណ្ដាញ​ភ្នំពេញ ឆ្នាំ​២០១៥ តម្លៃ​៧២៥​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​, ឆ្នាំ​២០១៦ តម្លៃ​៧០៥​រៀល​, ឆ្នាំ​២០១៧ តម្លៃ​៦៨៥​រៀល​,​ឆ្នាំ​២០១៨ តម្លៃ​៦៧៥​រៀល​, ឆ្នាំ​២០១៩ តម្លៃ​៦៦៨​រៀល និង​ឆ្នាំ​២០២០ តម្លៃ​៦៦៤​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ។ ដោយឡែក សម្រាប់​អ្នកទិញ​ពី​បណ្ដាញ​តាម​ខេត្ត​វិញ នៅ​ឆ្នាំ​២០១៥ តម្លៃ​៧០៧​រៀល​, ឆ្នាំ​២០១៦ តម្លៃ​៦៨៧​រៀល​, ឆ្នាំ​២០១៧ តម្លៃ​៦៧៥​រៀល​, ឆ្នាំ​២០១៨ តម្លៃ​៦៧០​រៀល​, ឆ្នាំ​២០១៩ តម្លៃ​៦៦៨​រៀល និង​ឆ្នាំ​២០២០ តម្លៃ​៦៦៤​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ។

២-​សម្រាប់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ក្នុង​តំបន់​ដែល​ប្រភព​អគ្គិសនី​បណ្ដាញ​ជាតិ​គ្របដណ្ដប់ គឺ​តំបន់​ផ្គត់ផ្គង់​របស់​អគ្គិសនី​កម្ពុជា (EDC) ឆ្នាំ​២០១៥ តម្លៃ​៩២០​រៀល​-៨២០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​, ឆ្នាំ​២០១៦ តម្លៃ​៧៨០​រៀល​, ឆ្នាំ​២០១៧ តម្លៃ​៧៧០​រៀល​, ឆ្នាំ​២០១៨ តម្លៃ​៧៥០​រៀល​, ឆ្នាំ​២០១៩ តម្លៃ​៧៤០​រៀល និង​ឆ្នាំ​២០២០ តម្លៃ​៧៣០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ។ ចំណែក​តំបន់​ផ្គត់ផ្គង់​ឯកជន​វិញ ឆ្នាំ​២០១៥ តម្លៃ​១.០០០​រៀល​-១.១០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​, ឆ្នាំ​២០១៦ តម្លៃ​៨០០​រៀល​, ឆ្នាំ​២០១៧ តម្លៃ​៧៩០​រៀល​, ឆ្នាំ​២០១៨ តម្លៃ​៧៧០​រៀល​, ឆ្នាំ​២០១៩ តម្លៃ​៧៦០​រៀល និង​ឆ្នាំ​២០២០ តម្លៃ​៧៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ។

៣-​អត្រា​ថ្លៃ​អនុគ្រោះ​សម្រាប់​លំនៅ​ឋាន​ក្រីក្រ និង​ការ​បូមទឹក​ធ្វើ​កសិកម្ម​នៅ​តំបន់​ដែល​បណ្ដាញ​ជាតិ​គ្របដណ្ដប់​មាន​ដូច​ជា ប្រភេទ​ប្រើប្រាស់​លំនៅ​ឋាន​ក្រីក្រ​នៅ​ភ្នំពេញ ប្រើ​មិន​លើស​ពី​៥០​គីឡូវ៉ាត់​ក្នុង​១​ខែ នៅ​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០២០ តម្លៃ​៦១០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​។ ចំណែក​លំនៅ​ឋាន​ក្រីក្រ​នៅ​ជនបទ ដែល​ប្រើ​មិន​លើស​ពី​១០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ និង​សម្រាប់​បូមទឹក​ធ្វើ​កសិកម្ម ប្រើ​ចាប់ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៧​ព្រឹក ចាប់ពី​ឆ្នាំ​២០១៦​តទៅ គឺ​តម្លៃ​៤៨០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​, ឆ្នាំ​២០១៧ តម្លៃ​៤៧៤​រៀល​, ឆ្នាំ​២០១៨ តម្លៃ​៤៦២​រៀល​, ឆ្នាំ​២០១៩ តម្លៃ​៤៥៦​រៀល និង​ឆ្នាំ​២០២០ តម្លៃ​៤៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ។

យោង​តាម​ទិន្នន័យ​ប្រភព​អគ្គិសនី​បង្ហាញ​ថា ប្រភព​អគ្គិសនី​ផ្សេង​ៗ​ដែល​ផ្គត់ផ្គង់​ឱ្យ​កម្ពុជា​រួម​មាន ៖
១-​ប្រភព​អគ្គិសនី​ក្នុងស្រុក​មាន​ដូច​ជា ប្រភព​ដុត​ធ្យូងថ្ម​, ប្រភព​វា​រី​អគ្គិសនី​, ប្រភព​ដុត​ប្រេង​, ប្រភព Biomass, ប្រភព​ផ្ទាល់​របស់​ឧស្សាហកម្ម និង​ប្រភព​ផ្ទាល់​របស់​សេវាកម្ម​តូច​ៗ ។

២-​ប្រភព​អគ្គិសនី​នាំ​ចូល​មាន​ដូច​ជា នាំ​ចូល​ពី​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ឡាវ ។

គួរ​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ កម្ពុជា​បាន​ដំណើរការ​វា​រី​អគ្គិសនី​សំខាន់​ៗ​មួយ​ចំនួន ដែល​បាន​ផ្ដល់​ថាមពល​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន វា​រី​អគ្គិសនី​កំចាយ ផ្ដល់​ថាមពល​ចំនួន​១៩៣​មេ​ហ្គា​វ៉ា​ត់​, វា​រី​អគ្គិសនី​គី​រី​រម្យ​៣ ផ្ដល់​ថាមពល​ចំនួន​១៨​មេ​ហ្គា​វ៉ា​ត់​, វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ផ្ដល់​ថាមពល​ចំនួន​១២០​ម៉េ​ហ្គា​វ៉ា​ត់​, វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ ផ្ដល់​ថាមពល​២៤៦​មេ​ហ្គា​វ៉ា​ត់​, វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម ផ្ដល់​ថាមពល​៣៣៨​មេ​ហ្គា​វ៉ា​ត់ ។

នៅ​ពេល​ខាង​មុខ គម្រោង​សាងសង់​វា​រី​អគ្គិសនី​នៅ​កម្ពុជា ក៏​នឹង​ផ្ដល់​ថាមពល​បន្ថែម​ទៀត​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។ បើ​តាម​គម្រោង​របស់​រាជរដ្ឋាភិបាល នៅ​ឆ្នាំ​២០២០ នឹង​ផ្ដល់​សេវា​អគ្គិសនី​ដល់​គ្រប់​ភូមិ​ទាំងអស់ ។ ដោយឡែក សព្វ​ថ្ងៃនេះ ផ្ទះ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​២២,៤៧% មាន​អគ្គិសនី​ប្រើប្រាស់ ក្នុង​នោះ​ទីប្រជុំជន​មាន​៥៤% និង​ជនបទ​១៣% ៕