ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​កើនឡើង​៤,៤% នៅ​ទូ​ទាំង​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក និង​មាន​ទឹកប្រាក់​ចំនួន​១,១៨​ពាន់​លាន​ដុល្លារ ទោះជា​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ភេរវកម្ម​យ៉ាងណា​ក្តី ។ នេះ​បើ​យោង​តាម​អង្គការសហប្រជាជាតិ​ទេសចរណ៍​ពិភពលោក​បាន​ចេញផ្សាយ ។

ចំនួន​ភ្ញៀវ​ទេសចរ​បាន​កើនឡើង​៥% នៅ​ក្នុង​តំបន់​អឺរ៉ុប អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​អា​មេ​រិ​ក ប៉ុន្តែ​សម្រាប់​នៅ​អាហ្វ្រិក​ខាងត្បូង​វិញ​បាន​ធ្លាក់​ចុះ​រហូត​ដល់​៨% ដោយសារ​តែ​រង​ការ​វាយប្រហារ​ភេរវកម្ម ។ នេះ​ជា​ឆ្នាំ​ទី​៦​ហើយ ដែល​កំណើន​ទេសចរណ៍​សកល​កើន​ឡើងជា​មធ្យម​ក្នុង​រយៈពេល​៦​ឆ្នាំ​ជាប់​ៗ​គ្នា ចាប់តាំងពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០០៩ មក ។

អង្គការសហប្រជាជាតិ​ព្យាករ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​កើនឡើង​ពី​៣-៤% នៅ​ក្នុង​ឆ្នាំ​២០១៥ បន្ទាប់​ពី​កើនឡើង​៤,៧% នៅ​ឆ្នាំ​២០១៤ ។

ស​ន្ទ​ស្សន៍​ទេសចរណ៍​ពិភពលោក​បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​បាន​ធ្លាក់​ចុះ​៤% នៅ​ឆ្នាំ​២០០៩ ខណៈ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្តាសាយ​ជ្រូក ជា​កត្តា​រួមចំណែក​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​មិន​ចង់​ធ្វើ​ដំណើរ​កម្សាន្ត ប៉ុន្តែ​វា​បាន​កើនឡើង​វិញ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ឧស្សាហកម្ម​ទេសចរណ៍​ប្រទេស​ទុ​យ​នី​ស៊ី ត្រូវ​បាន​រង​ការ​រង្គោះរង្គើ​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​ខែមីនា ដោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​សារមន្ទីរ Bardo នៃ​ទីក្រុង​ទុ​យ​នី​ស និង​ការ​វាយប្រហារ​នៅ​ក្នុង​រមណីយដ្ឋាន Sousse ក្នុង​ខែមិថុនា​នេះ ដែល​បាន​សម្លាប់​ភ្ញៀវ​ទេសចរ​៥៩​នាក់ ។

ការ​វាយប្រហារ​ភេរវកម្ម​នៅ​តំបន់​ទាំងនេះ និង​តំបន់​ផ្សេង​ទៀត​ធ្វើ​ឲ្យ​អាហ្វ្រិក​ខាងជើង និង​ម​ជ្ឈឹ​ម​បូព៌ា​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​ទំនុកចិត្ត​ភ្ញៀវ​ទេសចរ​មក​វិញ បន្ទាប់​ពី​រង​ការ​ភ័យ​ខ្លាច​ភេរវកម្ម​នៅ​ក្នុង​ឆ្នាំ​២០១១ ។

ប្រធាន​អង្គការ UNWTO លោក Tabel Rifai បាន​ថ្លែង​នៅ​ក្នុង​សន្តិសុខ​សន្និសីទកាសែត​ថា ៖ « យើង​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​សកល ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​បង្កើន​សន្តិសុខ​សុវត្ថិភាព​ដល់​មនុស្សជាតិ និង​ភ្ញៀវ​ទេសចរ » ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អង្គការ​បាន​ព្យាករ​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​កើនឡើង​៤% នៅ​ឆ្នាំ​នេះ ៕