ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ កាលពី​ថ្ងៃ​ទី​១៤ មក​រា កន្លង​ទៅ​នេះ អ្នកការទូត​កំពូល​របស់​ចិន​បាន​ព្រមាន​ថា វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នឹង​អាច​កើតឡើង​ម្តងទៀត ខណៈ​ដែល​ស្ថានភាព​ទីផ្សារ​របស់​ចិន​ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ​នៅ​ដើមឆ្នាំ​នេះ ហាក់​មាន​សភាព​មិនល្អ ។ 

សមាជិក​ក្រុមប្រឹក្សារដ្ឋ លោក Yang Jiechi បាន​ថ្លែង​ថា ៖ « វា​មិន​អាច​ទៅ​រួច​ទេ ដែល​យើង​លុប​ចោល​លទ្ធភាព​នៃ​ការ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​សា​ជា​ថ្មី ហើយ​យើង​ក៏​មិន​គួរ​មើល​រំលង​បញ្ហា​មួយ​នេះ​ដែរ ។ ពួក​យើង​កំពុង​រស់នៅ​ក្នុង​យុគសម័យ​ដែល​អ្វី​អាច​ប្រែប្រួល​លើស​ពី​ការ​គិត​របស់​យើង​ទៅ​ទៀត ដូច្នេះ ឱកាស និង​ឧបសគ្គ​សុទ្ធតែ​អាច​ប្រែប្រួល​លើស​ពី​ការ​រំពឹង​ទុក » ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​តំណាង​របស់​សមាជិក​ប្រទេស G20 នៅ​ទីក្រុង​ប៉េ​កាំ​ង លោក Yang Jiechi បាន​រំឭក​ពី​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ដែល​ប្រទេស​ជា​សមាជិក​បាន​សហការ​គ្នា​រក​ដំណោះស្រាយ និង​បង្កើន​ទំនុកចិត្ត បន្ទាប់​ពី​ប្រទេស​រង​វិបត្តិ​សេដ្ឋកិច្ច​កាលពី​ឆ្នាំ​២០០៨ ។

លោក​មាន​ប្រសាសន៍​ថា ៖ « ការ​បង្ការ ឬ កាត់​បន្ថយឥទ្ធិពល​អាក្រក់​ពី​គោលនយោបាយ​ក្នុងស្រុក គឺជា​ភារកិច្ច​បន្ទាន់​ដែល​គួរ​អនុវត្ត ។ នេះ​បើ​យោង​តាម​លទ្ធភាព​នៃ​កំណើន​ការ​ប្រាក់​អា​មេ​រិ​ក​អាច​នឹង​កើនឡើង » ។

ផ្សារ​ហ៊ុន​អាស៊ី​បាន​បន្ត​ធ្លាក់​ថ្លៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ផ្សារ​ហ៊ុន​ក្រុង​សៀង​ហៃ និង​ក្រុង Shenzhen បាន​ធ្លាក់​ចុះ បន្ទាប់​ពី​ការ​លក់​ភាគហ៊ុន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ Wall Street ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សេដ្ឋកិច្ច​ចិន​នៅ​តែ​បន្ត ។

ការ​កត់សម្គាល់​របស់​លោក Yang Jiechi ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃមុន បន្ទាប់​ពី​ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រទេស​ចិន​ឆ្នាំ​នៅ​ឆ្នាំ​២០១៥ ដែល​ជា​សសរស្តម្ភ​នៃ​សេដ្ឋកិច្ច​ពិភពលោក បាន​ធ្លាក់​ចុះ​ចំនួន​៨% គិត​ជា​ទឹកប្រាក់​ចំនួន​៣,៩៦​ទ្រី​លាន​ដុល្លារ ។ តួលេខ​នេះ​មាន​កម្រិត​ទាប​ជាង​គោលដៅ​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់​ក្នុង​កំណើន​អត្រា​៦% ។

ការ​ធ្វើ​អន្តរាគមន៍​ចំពោះ​ទីផ្សារ​ភាគហ៊ុន​ក្នុងស្រុក​រួម​ជាមួយ​ការ​ធ្លាក់​ចុះ​នូវ​ប្រាក់​យន់ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ចិន​បាក់​ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ដើម្បី​ផ្លាស់​ប្តូរ​ទិស​ដៅ​សេដ្ឋកិច្ច​របស់​ចិន​ឲ្យ​ចាក​ឆ្ងាយ​ពី​ការ​ពឹងផ្អែក​លើ​ការ​នាំ​ចេញ ហើយ​ងាក​មក​វិនិយោគ​លើ​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​វិញ ។

ប៉ុន្តែ​លោក Yang Jiechi នៅ​តែ​ទទូច​ថា ៖ « សេដ្ឋកិច្ច​ចិន​នឹង​រក្សា​និន្នាការ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ប្រកបដោយ​ស្ថិរភាព និង​និរន្តរភាព » ។

ប្រទេស​ចិន​បាន​ទទួល​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ​២០១៥ ដោយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) បាន​កើនឡើង​ត្រឹមតែ​៦,៩% ។ តួលេខ​នេះ គឺជា​អត្រា​ទាប​បំផុត​ក្នុង​រយៈពេល​ប្រាំមួយ​ឆ្នាំ​ជាប់​ៗ​គ្នា ៕