ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ស្ត្រី និង​កុមារ​ជនជាតិ​វៀតណាម​ចំនួន​៣.០០០​នាក់​ត្រូវ​បាន​គេ​សង្ស័យ​ថា មានការ​ជួញដូរ​ទៅ​កាន់​ប្រទេស​ឡាវ និង​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​កាសែត Tuoi tre របស់​វៀតណាម ។

ស្ត្រី​ដែល​គេ​ជួញដូរ គឺ​ត្រូវ​បាន​គេ​យក​ទៅ​លក់​ឱ្យធ្វើ​ជា​ស្ត្រី​ពេស្យា ចំណែក​កុមារ​វិញ​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់​ៗ ។ ព័ត៌មាន​លម្អិត​អំពី​ករណី​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​សន្និសីទកាសែត​មួយ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ប្រតិភូ​វៀតណាម ឡាវ និង​កម្ពុជា​។ សន្និសីទកាសែត​នេះ ធ្វើ​ឡើង​ដើម្បី​សង្ខេប​ពី​ការ​បង្ក្រាប​នៃ​សកម្មភាព​ឧក្រិដ្ឋកម្ម តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​កាលពីឆ្នាំ​មុន ។

ឧត្តមសេនីយ៍ Ho Si Tien និង​ជា​ប្រធាន​នាយកដ្ឋាន​ប៉ូលិស​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សន្តិសុខ​សាធារណៈ មាន​ប្រសាសន៍​ថា ៖ « ជន​រង​គ្រោះ​ដែល​រង​ការ​ជួញដូរ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ចំណោម​ប្រទេស​ទាំង​បី ដែល​មាន​អត្រា​៦% នៃ​ករណី​សរុប​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​វៀតណាម​ជា​រៀង​រាល់​ឆ្នាំ ។ ជន​រង​គ្រោះ​ភាគច្រើន​មក​ពី​ខេត្ត Kon Tum, Gia Lai, Dak Lak និង​ខេត្ត Dak Nong » ។

លោក​វរសេនីយ៍ឯក និង​អនុប្រធាន​ប៉ូលិស​ព្រហ្មទណ្ឌ​ស៊ើបអង្កេត ដែល​ស្ថិត​នៅ​ក្រោម​នាយកដ្ឋាន​ប៉ូលិស​ខេត្ត Nghe មាន​ប្រសាសន៍​ថា ៖ « អ្នក​ជួញដូរ​មនុស្ស​មួយ​ចំនួន​តូច គឺ​ធ្លាប់​ជា​ជន​រង​គ្រោះ​ផ្ទាល់​ដែល​ត្រូវ​បាន​គេ​ជួញដូរ​ម្តង​រួច​មក​ហើយ ។ ពួក​គេ​បាន​ក្លាយជា​ឈ្មួញ​ខុសច្បាប់ ដោយសារ​តែ​គេ​ដឹង​ពី​វិធី​បោកប្រាស់​មនុស្ស​យក​ទៅ​ជួញដូរ ។ ជាង​នេះ​ទៀត ឈ្មួញ​ខុសច្បាប់​ទាំងនោះ​បាន​យក​អត្តសញ្ញាណប័ណ្ណ​ជន​រង​គ្រោះ​ទុក ហើយ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​ជន​រង​គ្រោះ​យក​លុយ ឬ​វត្ថុ​មាន​តម្លៃ​តាម​ខ្លួន​ទេ ។ ការ​ធ្វើ​បែប​នេះ គឺ​បង្ការ​ខ្លាចក្រែង​ជន​រង​គ្រោះ​លួច​រត់ » ។

បើ​យោង​តាម​ស្ថិតិ​របស់​ប្រធាន​នាយកដ្ឋាន​ប៉ូលិស​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​បង្ហាញ​ថា ករណី​ជួញដូរ​មនុស្ស​ចំនួន​៨៧​ករណី ត្រូវ​បាន​រក​ឃើញ​នៅ​តាម​បណ្តោយ​ព្រំដែន​វៀតណាម​-​កម្ពុជា និង​៥០​ករណី​ទៀត ត្រូវ​បាន​រក​ឃើញ​នៅ​បណ្តោយ​ព្រំដែន​វៀតណាម​-​ឡាវ ។

ថ្លែង​ក្នុង​ស​និ្ន​សី​ទ​កាសែត លោក​ឧត្តមសេនីយ៍ Phan Van Vinh ជា​ប្រធាន​នាយកដ្ឋាន​របស់​ក្រសួង​សន្តិសុខ​សាធារណៈ លើក​ឡើង​ថា ៖ « ស្ថានភាព​នៃ​ការ​ជួញដូរ​នៅ​តាម​បណ្តោយ​ព្រំដែន​នេះ គឺជា​រឿង​ដ៏​ស្មុគស្មាញ​បំផុត ដោយសារ​តែ​ឈ្មួញ​ខុសច្បាប់​ប្រើ​ល្បិច​កល​ជា​ច្រើន​ដើម្បី​បោក​បញ្ឆោត​ជន​រង​គ្រោះជា​កុមារ និង​ស្ត្រី » ។

ជា​ចុង​ក្រោយ លោក Phan Van Vinh ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​ប៉ូលិស​វៀតណាម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប៉ូលិស​នៅ​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា ដើម្បី​កែប្រែ និង​គ្រប់គ្រង​ស្ថានភាព​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ៕