​ ខ្លាចាស់កំណាច ទំាង២ វង្ស ស៊ីថៃ ភុំ សារ៉ាយ ប្រជែងគ្នា នៅសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់ ក្បាច់បុរាណខ្មែរលក្ខណៈមិត្តភាព នៅសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី ២៣ ខែមករា ឆ្នាំ២០១៦ អ្នកប្រដាល់ជើងខ្លំាង ៤ រូប ត្រូវមកសាកកណ្តាប់ដៃ ធ្វើឲ្យសង្វៀន គឺអ្នកប្រដាល់ វង្ស ស៊ីថៃ ក្លិបកងពលតូចលេខ ៧០ ប៉ះអ្នកប្រដាល់ ភុំ សារ៉ាយ ក្លិបកងពលតូចលេខ ៣១ ខេត្តកំពង់ស្ពឺក្នុងប្រភេទទម្ងន់៦៧ គ.ក្រ រីឯអ្នកប្រដាល់ ឡុង សុវណ្ណពៅ ក្លិបសាលវ័ន្តកីឡាប្រកួតជាមួយអ្នកប្រដាល់  ហ៊ា ចាន់ថន ក្លិប គីសែមានរិទ្ធអាជ្ញាធរជាតិអាវុធគីមីក្នុងប្រភេទទម្ងន់៧០ គ.ក្រ។

លោក ញៀន សុធី អ្នករៀបចំការប្រកួតសង្វៀន SEATV និយាយថា វង្ស ស៊ីថៃ ជាអ្នកប្រដាល់ជើងចាស់ វស្សា វង្ស ស៊ីថៃ ជួប ភុំ សារ៉ាយ ដូច្នេះល្បិចប្រយុទ្ធ នៅលើសង្វៀនដូចគ្នាណាស់។ អ្នកប្រដាល់ចាស់វស្សា វង្ស ស៊ីថៃ មិនមែនជារឿងល្អប៉ុន្មានឡើយ ខ្លាចាស់ម្នាក់នេះ កម្លាំងរបស់គេនៅមិនទាន់ចុះខ្សោយប៉ុន្មានដែរ បើបណ្តោយឲ្យម៉ាត់ចូលមុខវិញនោះ ប្រហែលជាដាច់ផ្ងារមិនខានឡើយ ទោះជាយ៉ាងណា កម្លាំងរបស់ វង្ស ស៊ីថៃ អាចនឹងយ៉ាប់បន្តិចនៅចុងទឹកទី៤។

ចំពោះ សារ៉ាយ ជាអ្នកប្រដាល់ជើងចាស់ និងជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃខ្លាំង ជើងទាត់ក៏ខ្លាំងដែរ។ ទោះបីជា ភុំ សារ៉ាយ រាងចាស់បន្តិចហើយក្តី ក៏កម្លាំងដៃរបស់គេ នៅតែខ្លាំងដូចពីមុនដដែល ហើយវាយនៅតែមាន ផ្លែល្អដូចពីមុនអីចឹង។ ពិសេសស្នៀតជើងទាត់ផ្កាប់ចាន និងស្នៀតលោតទាត់ក្បាច់ សេះហោះ របស់គេក៏នៅតែល្អដដែល។

ចំណែក ៣ប្រកួត ទៀតវិញ អ្នកប្រដាល់ ឆឺយ អ៊ីសុវណ្ណារ៉ា ក្លិបសៅយ៉ាន់នាគា ខេត្តបន្ទាយមានជ័យជួបជា មួយអ្នកប្រដាល់សាង សី ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ក្នុងប្រភេទទម្ងន់ ៥៤ គ.ក្រ ចំពោះអ្នកប្រដាល់ កែវ ប៊ុនឈឿន ក្លិបដំបងក្រញូងកីឡាខេត្តបាត់ដំបងប៉ះអ្នកប្រដាល់ វេន សំណាង ក្លិបសាលវ័ន្ត កីឡាក្នុងប្រភេទទម្ងន់៦០ គ.ក្រ រីឯអ្នកប្រដាល់ផាន រះ ក្លិបតាព្រហ្មមានជ័យ ប្រកួតអ្នកប្រដាល់សេក គឹមសៀង ក្លិបអង្គរមានជ័យខេត្តសៀមរាបក្នុងប្រភេទទម្ងន់ ៦០ គ.ក្រ៕

​  ខ្លាចាស់កំណាច ទំាង២ វង្ស ស៊ីថៃ ភុំ សារ៉ាយ ប្រជែងគ្នា នៅសង្វៀន SEATV នារសៀលថ្ងៃសៅរ៍