ម៉ន រដ្ឋា ប៉ះអាំង សំអាត រីឯជន សាវុធជួប ស៊ឹម ប៊ុនឆៃ នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ ម៉ន រដ្ឋា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប៉ះអ្នកប្រដាល់ អាំង សំអាត ក្លិប តាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់៥៤ គ.ក្រ រីឯអ្នកប្រដាល់ ជន សាវុធ ក្លិបពោធិជ័យ កីឡាប្រកួតជាមួយអ្នកប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លិបព្រៃទទឹង ខេត្តបាត់ដំបងក្នុងប្រភេទទម្ងន់៥៧ គ.ក្រ នៅសង្វៀនSEATVនាយប់ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០១៦ ការប្រកួតកីឡាប្រដាល់ក្បាច់ បុរាណខ្មែរលក្ខណៈមិត្តភាព។

លោក ញៀន សុធី អ្នករៀបចំការប្រកួតសង្វៀនSEATVនិយាយថា សំអាត ជាអ្នកលេងវិជ្ជាគុនខាងជំនាញជង្គង់ និងអំណត់បានល្អ តែមានចរិតប្រកួតមិនសូវវាយចេញទេ ដោយភាគច្រើនជាប់សង្ស័យ ទៅនឹងការប្រកួតមិន អស់ពីសមត្ថភាព។ អាំង សំអាត មានកណ្ដាប់ដៃល្អ លឿន និងមានក្បាច់ទាត់ល្អគួរសម ប៉ុន្តែចាប់តាំងពីមានប្រពន្ធមក ការប្រកួតរបស់គេមិនសូវបានល្អទេ ពិសេសក្បាច់ជង្គង់ និងកែងពិតជាលំបាក ទប់ទល់ជាមួយម៉ន រដ្ឋាណាស់។

ចំណែក ម៉ន រដ្ឋា នៅក្មេងមានស្នៀតប្រដាល់ល្អ កម្លាំងស៊ុហ្វខ្លាំង ហើយរហ័សរហួនថែមទៀត ។ កន្លងមកថ្មីៗនេះ រដ្ឋា បានផ្ដួលអ្នកប្រដាល់ជើង ខ្លាំងចំនួន ២នាក់ហើយគឺឈ្នះ ម៉ាត់ ឆ្វេង អ្នកប្រដាល់ ក្លឹបក្រសួងការពារជាតិក្នុងទឹកទី៣ និងប្រកួតចុងក្រោយនេះ រដ្ឋា បានវាយឈ្នះ សំណាង ឌីណា អ្នកប្រដាល់ក្លឹបដួងសែន សុខគុនខ្មែរដោយពិន្ទុ។

អ្នកប្រដាល់ ជុន សាវុធ ក្លឹបពោធិជ័យកីឡា ឡើងប៉ះអ្នកប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបង ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ ជុន សាវុធ ជួប ស៊ឹម ប៊ុនឆៃ រៀងយ៉ាប់បន្តិចដោយសារ តែគេអន់កម្លាំងកាយសម្បទា ពោលគឺចាញ់កម្លាំង ស៊ឹម ប៊ុនឆៃ ។ សម្រាប់ការជួបលើកនេះ ជុន សាវុធ ទំនងជាមិនអាចឈ្នះ ស៊ឹម ប៊ុនឆៃ នោះឡើយ ដោយហេតុថា ស៊ឹម ប៊ុនឆៃ មានសម្រុកខ្លាំងជាង និងមានចិត្តស៊ូជាងសាវុធ។ ចំពោះ ស៊ឹម ប៊ុនឆៃ ជាអ្នកប្រដាល់ចាស់វស្សា ហើយទើបតែផ្ដួល ឆេង ពន្លក ក្លឹបតាព្រហ្មមានជ័យដោយពិន្ទុ៕

ម៉ន រដ្ឋា ប៉ះអាំង សំអាត រីឯជន សាវុធជួប ស៊ឹម ប៊ុនឆៃ នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ