Omogba មក​ដល់​​ខ្មែរ​ម្សិល​មិញ ​ស្រប​ពេល​​ Cambodian All Stars​ ប៉ះ Buriram ថ្ងៃ​សៅរ៍​នេះ


Omogba មក​ដល់​​ខ្មែរ​ម្សិល​មិញ ​ស្រប​ពេល​​ Cambodian All Stars​ ប៉ះ Buriram ថ្ងៃ​សៅរ៍​នេះ

ខ្សែ​បម្រើ​ប្រយុទ្ធ​បឹងកេត​អង្គរ​ Esoh Omogba បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​សម្រាក​លំហែ​កាយ​នៅ​ក្រៅ​ប្រទេស ក្រោយពេល​​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ និង​ពាន Toyota Mekong Club Championship បាន​បញ្ចប់​កាល​ពី​ចុង​ឆ្នាំ​​២០១៥​កន្លង​ទៅ។

 

លោក​ បែ មករា​ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​បឹងកេត​អង្គរ​បាន​ឲ្យ​ដឹង​ថា​ Esoh Omogba ​បាន​មក​ដល់​ប្រទេស​កម្ពុជា​​​កាល​ពី​ម្សិល​មិញ​​ បន្ទាប់​ពី​សម្រាក​លំហែ​កាយ​មួយ​រយៈ​ពេល​នៅ​ក្រៅ​ប្រទេស។ កីឡាករ​នីហ្សេរីយ៉ា​រូប​នេះ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​ក្រុម​ Cambodian All Stars របស់​លោក​ប្រាក់​ សុវណ្ណារ៉ា​ ប៉ុន្តែ​មិន​បាន​បង្ហាញ​ខ្លួន​ទេ​ពេល​ក្រុម​ដែល​ប្រមូល​ប្តុំ​​ដោយ​​កីឡាករ​នៅ​កម្ពុជា​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម​ SCG Muangthong United ដោយ​លទ្ធផល​ ៤-៣ ដោយ​សារ​រូប​គេ​ជាប់​សម្រាក​លំហែ​កាយ​នៅ​ក្រៅ​ប្រទេស។

Omogba មក​ដល់​​ខ្មែរ​ម្សិល​មិញ ​ស្រប​ពេល​​ Cambodian All Stars​ ប៉ះ Buriram ថ្ងៃ​សៅរ៍​នេះ កីឡាករ Esoh Omogba លេខ​៣០

 

ទោះ​ជា​យ៉ាង​ណា រូប​គេ​បាន​វិល​ត្រឡប់​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ ទី​២០ ខែ​មករា ម្សិល​មិញ​ដែល​ទំនង​ជា​នឹង​​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​នៅ​ពេល​ក្រុម​ Cambodian All Stars ទទួល​ស្វាគមន៍​ក្រុម​ជើង​ឯក​លីគ​ថៃ​ Buriram United នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​២៣​ ខែ​មករា​នេះ។

 

នៅ​ចាំ​បាន​ថា ពេល​ក្រុម​បឹងកេត​អង្គរ​ឈ្នះ​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា​ Yangon United ដោយ​លទ្ធផល​ ៣-០ នៃ​ពាន​រង្វាន់​Toyota Mekong Club Championship  នៅ​រាជធានី​ភ្នំពេញ​កាល​ពី​២៩​ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​កន្លង​ទៅ ខ្សែ​បម្រើ​ប្រយុទ្ធ​ Omogba ​ស៊ុត​ចូល​ទី​​បាន​២​គ្រាប់​ និង​​១​គ្រាប់​ទៀត​ដោយ​កីឡាករ Agayi Samuel។​ ពួក​គេ​ទាំង​ពីរ​ជា​ដៃ​គូ​សហការ​យ៉ាង​ល្អ​ជា​មួយ​តារា​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា។

 

នៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ Cambodian All Stars មាន​កីឡាករ​បរទេស​ចំនួន​៧​រូប​​ក្នុង​នោះ​មាន​៤​នាក់​​មក​ពី​ក្លឹប​បឹងកេត​អង្គរ​ គឺ​​Tatsuta kazuki, Esoh Omogba, Ajayi Gbenga Samuel និង​ Yuya Wada ហើយ​​៣​នាក់​ទៀត​គឺTomohiro Masaki មក​ពី​ក្លឹប​ Cambodian Tiger,​ Booysen Shane ​មក​ពី​ភ្នំពេញ​ក្រោន​ និង​ Fukasawa Masahiro មក​ពី​ណាហ្គាវើល៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​ ​​