វេជ្ជបណ្ឌិត​អ៊ីតាលី​​៖ វះ​កាត់​ខួរ​​ប្ដូរ​ក្បាល​ ធ្វើ​បាន​ជោគ​ជ័យ​ហើយ​​លើ សត្វ​ស្វា


វេជ្ជបណ្ឌិត​អ៊ីតាលី​​៖ វះ​កាត់​ខួរ​​ប្ដូរ​ក្បាល​ ធ្វើ​បាន​ជោគ​ជ័យ​ហើយ​​លើ សត្វ​ស្វា

​វេជ្ជបណ្ឌិត​​អ៊ីតាលី លោកSergio Canavero ដែល​បាន​លើក​ឡើង​ពី​ គម្រោង​ការ​អនុវត្ត​នីតិវិធី​​​វះ​កាត់​ប្ដូរ​ក្បាល​ដំបូង​គេ​​ក្នុង​លោក ពេល​នេះ​បាន​ឲ្យ​ដឹង​ថា លោក​និង​ក្រុម​ស្រាវជ្រាវ​នៅ​ប្រទេស​ចិន​​បាន​​ធ្វើ​ការ​​ពិសោធ​​បាន​​សម្រេច​ជោគ​ជ័យ​ហើយ​​​ទៅ​លើ​ ការ​វះ​កាត់​​ប្ដូរ​ក្បាល​​សត្វ​ស្វា។

 

វេជ្ជបណ្ឌិត​អ៊ីតាលី​​៖ វះ​កាត់​ខួរ​​ប្ដូរ​ក្បាល​ ធ្វើ​បាន​ជោគ​ជ័យ​ហើយ​​លើ សត្វ​ស្វា
 

បន្ទាប់​ពី​សហការ​ជា​មួយ​ក្រុម​អ្នក​ស្រាវជ្រាវ​ពី ប្រទេស​​ចិន​និង​​ កូរ៉េ​ខាង​ត្បូង វេជ្ជបណ្ឌិតSergio ​​បាន​​​​​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​​សារព័ត៌មាន New Scientist ថា លោក​សាស្ត្រាចារ្យ ​​ Ren Xiaoping នៃ​សាកលវិទ្យាល័យ​​​វេជ្ជសាស្ត្រ​​ Harbin ​​បាន​​​​វះ​កាត់​ប្ដូរ​ក្បាល​សត្វ​ស្វា ​ត​​ភ្ជាប់​សរសៃ​ផ្គត់​ផ្គង់​​ឈាម​ទៅ​​នឹង​រាង​កាយ​ថ្មី។ ជា​លទ្ធផល​​​​ សត្វ​ស្វា​នោះ​អាច​រស់​បាន តែ​គេ​ពុំ​បាន​ភ្ជាប់​សរសៃ​​ពួរ​ឆ្អឹង​ខ្នង​​ឲ្យ​វា​នោះ​ទេ។

 

ទោះ​ជា​យ៉ាង​ណា សត្វ​ស្វា​ពិសោធ​ខាង​លើ​ បាន​ងាប់​ទៅ​វិញ ព្រោះ​គ្មាន​ការ​ភ្ជាប់​សរសៃ​​ពួរ​ឆ្អឹង​​​ខ្នង​ឲ្យ​វា ដោយ​អាច​រស់​បាន​​តែ​ ២០​ម៉ោង​ប៉ុណ្ណោះ​ ​ក្រោយ​​​​ការ​​​វះ​កាត់។ គេ​ពុំ​អាច​ដឹង​ច្បាស់​​ថា​តើ សត្វ​ស្វា​ពិសោធ​ មាន​អារម្មណ៍​​ឈឺ​លើ​រាង​កាយ​ថ្មី​​របស់​វា​ឬ​​យ៉ាង​ណា​នោះ​ទេ។

 

វេជ្ជបណ្ឌិត​អ៊ីតាលី​​៖ វះ​កាត់​ខួរ​​ប្ដូរ​ក្បាល​ ធ្វើ​បាន​ជោគ​ជ័យ​ហើយ​​លើ សត្វ​ស្វា
 

លោកSergio Canavero (ស្តាំ)  និង អ្នកស្ម័គ្រចិត្តវះកាត់ប្តូរក្បាល
 

វេជ្ជបណ្ឌិត ​Sergio​ បាន​​ប្រាប់​​ក្នុង​បទ​សម្ភាស​​ជា​មួយ​ ទី​ភ្នាក់​ងារ​ព័ត៌មាន​រុស្ស៊ី RIA Novosti ថា សត្វ​ស្វា​ពិសោធ​អាច​រស់​បាន ប៉ុន្តែ​យើង​មាន​ចេតនា​​​មិន​ទុក​ឲ្យ​វា​នៅ​រស់​​នោះ​ទេ។ លោក​បន្ថែម​ថា សត្វ​​ស្វា​នោះ​អាច​រស់​បាន​ដោយ​គ្មាន​បញ្ហា​ខួរ​ក្បាល​​ ប្រសិន​​បើ​ គេ​រក្សា​វា​​( ក្បាល)នៅ​សីតុណ្ហភាព -១៥ អង្សា​សេ។ កន្លង​មក​​ សត្វ​កណ្ដុរ​ចំនួន​ជាង​១​ពាន់​ក្បាល​​ក៏​ត្រូវ​បាន​ពិសោធ​​​វះ​កាត់​ប្ដូរ​ ក្បាល​ដោយ​លោក​សាស្ត្រាចារ្យ​ Ren Xiaoping​ ដែរ​ ប៉ុន្តែ​កណ្ដុរ​ទាំង​នោះ​រស់​មិន​​ដល់​ជាង​ពីរ​បី​នាទី​​នោះ​ទេ។

 

​មក​ទល់​ពេល​នេះ ​នីតិវិធី​នៃ​ការ​វះ​កាត់​ប្ដូរ​ក្បាល​ទៅ​រាង​កាយ​ថ្មី កំពុង​ធ្វើ​ការ​ពិសោធន៍​​ក្នុង​ជំហាន​បន្ត​ទៀត មុន​នឹង​អនុវត្ត​​ផ្ទាល់​ទៅ​លើ​មនុស្ស​ ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត ក្នុង​គម្រោង​ នា​​ខែ​ធ្នូ ​​​ឆ្នាំ​​២០១៧​ ក្នុង​ប្រទេស​ចិន។ ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត គឺ​ជា​អ្នក​​​​​រង​ទុក្ខ​ដោយ​ជំងឺ​រ៉ាំ​រ៉ៃ​​ក្នុង​ខ្លួន​ និង​​​រង់​ចាំ​តែ​ស្លាប់​​មិន​អាច​​​ព្យាបាល​បាន​ ដូច​នេះ​វា​ជា​ឱកាស​​ប្រថុយប្រថាន​​មួយ​ ក្រែង​បាន​ជោគជ័យ​រួច​ផុត​ពី​ស្លាប់។ ជា​មួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត Sergio ដែល​ជា​អ្នក​ផ្ដើម​គម្រោង ក៏​បាន​​​អំពាវនាវ​ដល់​​មហា​សេដ្ឋី​​ មួយ​​ចំនួន​​ ក្នុង​នោះ​ក៏​មាន លោក Mark Zuckerberg ស្ថាបនិក​ Facebook ផង​ដែរ ឲ្យ​ជួយ​ឧបត្ថម្ភ​លើ​ដំណើរ​ការ​វះ​កាត់​ប្ដូរ​ក្បាល​នោះ៕

 

វេជ្ជបណ្ឌិត​អ៊ីតាលី​​៖ វះ​កាត់​ខួរ​​ប្ដូរ​ក្បាល​ ធ្វើ​បាន​ជោគ​ជ័យ​ហើយ​​លើ សត្វ​ស្វា
 

ចុចអាន៖ វះ​កាត់​ប្ដូរ​ក្បាល​ដំបូង​គេ​ក្នុង​លោក អាច​នឹង​ធ្វើ​ឡើង​​​​ឆ្នាំ​២០១៧​ ក្នុង​ប្រទេស​ចិន

 

ប្រែ សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​

​​​​