ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ធនាគារ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ ក៏​ដូច​ជា​ចែករំលែក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​រួម​គ្នា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា នា​ព្រឹក​ថ្ងៃ​ទី​២០ មក​រា នៅ​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង​ធនាគារជាតិ​នៃ​ប្រទេស​ទាំង​ពីរ គឺ​មាន​សារសំខាន់​ក្នុង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​គាំទ្រ​ដល់​វិស័យ ធនាគារ និង​ហិរញ្ញវត្ថុ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ។ ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា គឺ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៥៥ ។ ចាប់តាំងពី​ពេល​នោះ​មក ប្រទេស​ទាំង​ពីរ​បាន​សហការ​គ្នា​លើ​វិស័យ​ជា​ច្រើន ជា​ពិសេស កិច្ច​សហ​ប្រតិបត្តិ​លើ​វិស័យ​ធនាគារ​កាន់តែ​មាន​ភាពរឹងមាំ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោម​រូបភាព​ផ្លាស់​ប្តូរ ចែករំលែក​ការ​គ្រប់​គ្រង​រួម​គ្នា​រវាង​ធនាគារជាតិ​ទាំង​ពីរ » ។

លោក​ជំទាវ​គូសបញ្ជាក់​ថា ៖ « កាលពី​ឆ្នាំ​មុន ធនាគារជាតិ​នៃ​កម្ពុជា​បាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​នៃ​ធនាគារជាតិ​មី​យ៉ា​ន់​ម៉ា ហើយ​ពួក​យើង​បាន​ចែករំលែក​ចំណេះដឹង ព័ត៌មាន និង បទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​ជឿជាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ យើង​ក៏​បាន​បញ្ជូន​បុគ្គលិក​នៅ​ធនាគារជាតិ​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ចែករំលែក​បទ​ពិសោធន៍​របស់​យើង​ផង​ដែរ ។ ការ​ចុះហត្ថលេខា​នា​ថ្ងៃនេះ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​បន្ត និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ​នៃ​ប្រទេស​ទាំង​ពីរ​។ ផ្អែក​លើ​កិច្ចព្រមព្រៀង​នេះ គណៈ​គ្រប់គ្រង ក៏​ដូច​ជា​គណៈប្រតិភូ​របស់​យើង​នឹង​មានឱកាស​ចែករំលែក​ព័ត៌មាន ចំណេះដឹង និង​បទ​ពិសោធន៍​ស្តី​ពី​ម៉ាក្រូសេដ្ឋកិច្ច​ជាតិ គោលការណ៍​គ្រប់គ្រង​ធនាគារ ការ​ត្រួតពិនិត្យ​ធនាគារ និង​ប្រព័ន្ធ​បង់លុយ​ផង​ដែរ ។ ជាង​នេះ​ទៀត តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ធនាគារជាតិ​ប្រចាំ​ប្រទេស​ទាំង​ពីរ​នឹង​គាំទ្រ​ដល់​ធនាគារពាណិជ្ជ ដើម្បី​បើក​ការិយាល័យ​តំណាង​មី​យ៉ា​ន់​ម៉ា និង​កម្ពុជា ក្នុង​គោលបំណង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ » ។

បើ​តាម​ទេសាភិបាល​រង​ធនាគារជាតិ​នៃ កម្ពុជា​ឱ្យ​ដឹង​ថា ការ​អភិវឌ្ឍ​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​៧,៧% និង​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ច្រើនជាង​១% ក្នុង​មួយ​ឆ្នាំ ។ ទន្ទឹម​នឹង​នេះ ម៉ាក្រូសេដ្ឋកិច្ច​ជាតិ​ក៏​មាន​ស្ថិរភាព​ផង​ដែរ ដោយ​អាចរក្សា​អត្រា​អតិផរណា​បាន​ទៀត​ផង ។

លើស​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​កម្ពុជា​ពេញវ័យ​ចំនួន​៥១% បាន​ប្រើប្រាស់​សេវា​ធនាគារ​ជា​លក្ខណៈ​ផ្លូវការ ដែល​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​វិស័យ​ធនាគារ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​ទាំង​នៅ​ក្នុង​តំបន់ និង​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល ។ ការ​រីក​ចម្រើន​លើ​វិស័យ​ធនាគារ​នេះ ក៏​បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មានដំណើរ​ការ​ល្អ​ផង​ដែរ ។
លោក​ជំទាវ​គូសបញ្ជាក់​បន្ថែម​ថា ៖ « ធនាគារជាតិ​នៃ​កម្ពុជា បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាតិ​។ ចំណែក​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​បទ​ពិសោធន៍​រវាង​ប្រទេស​ក្នុង​តំបន់ ក៏​ដូច​ជា​មី​យ៉ា​ន់​ម៉ា ខ្ញុំ​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិត​ស្និទ្ធ និង​កាន់តែ​មាន​ប្រសិទ្ធភាព » ។

នៅ​ក្នុង​ឱកាស​ចុះហត្ថលេខា​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា ទេសាភិបាល​រង​នៃ​ធនាគារ​មី​យ៉ា​ន់​ម៉ា បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « កម្ពុជា និង​មី​យ៉ា​ន់​ម៉ា មាន​ស្ថានភាព​ប្រវត្តិសាស្ត្រ​ស្រ​ដៀង​គ្នា ហើយ​ប្រវត្តិសាស្ត្រ​លើ​វិស័យ​ធនាគារ ក៏​ស្រ​ដៀង​គ្នា​ដែរ ។ ខ្ញុំ​សង្ឃឹមថា ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​នឹង​អាច​ជួយ​ឲ្យ​ធនាគារ​ទាំង​ពីរ​អាច​ចែករំលែក​បទ​ពិសោធន៍​បាន​ច្រើន​រវាង​គ្នា និង​គ្នា ។ ដូច្នេះ ពួក​យើង​រីករាយ​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ដែល​នឹង​ធ្វើ​ឲ្យ​ធនាគារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​អត្ថប្រយោជន៍ ដើម្បី​ជួយ​ជំរុញដល់​កំណើន​សេដ្ឋកិច្ចជាតិ » ៕