ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ហៅ​កាត់​ថា AIIB ដែល​ជា​ធនាគារ​ផ្តួចផ្តើម​ឡើង​ដោយ​រដ្ឋាភិបាល​ចិន បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃ​សៅរ៍​កន្លង​មកនេះ​ហើយ ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​សេដ្ឋកិច្ច​សកល ។

ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បាន​ថ្លែង​ក្នុង​សុន្ទរកថា នា​ឱកាស​បើក​សម្ពោធ​ធនាគារ AIIB ជា​ផ្លូវការ​នៅ​សណ្ឋាគារ​ប្រវត្តិសាស្ត្រ Diaoyutai State Guesthouse ក្រោម​ការ​ចូលរួម​របស់​អ្នកតំណាង​សមាជិក​ធនាគារ​មក​ពី​៥៧​ប្រទេស​ផ្សេង​គ្នា​ថា ៖ « ដោយ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​សមាជិក​ទាំងអស់​នៃ​ធនាគារ AIIB នឹង​ក្លាយជា​ធនាគារ​មួយ​ដែល​មាន​វិជ្ជាជីវៈ​ក្នុង​ការ​អភិវឌ្ឍ​នៅ​សតវត្សរ៍​ទី​២១​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ ការ​ធ្វើ​កំណែទម្រង់​ថ្មី​នឹង​ជួយ​លើកតម្កើង​សហគមន៍​នា​ពេល​អនាគត ព្រមទាំង​ចូលរួម​ចំណែក​កសាង​ភាព​រុងរឿង​ក្នុង​តំបន់​អាស៊ី ក៏​ដូច​ជា​ជំរុញ និង​គាំទ្រ​ដល់​សេដ្ឋកិច្ច​សកល​ផង​ដែរ » ។

នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​ដែរ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន លោក Lou Jiwei បាន​ជាប់​ឆ្នោត​ក្នុង​ការ​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ AIIB ។ ចំណែក​លោក Jin Liqun បាន​ជាប់​ឆ្នោត​ជា​អគ្គនាយក​ធនាគារ AIIB ។

លើស​ពី​នេះ​ទៀត ចិន​បាន​សន្យា​ថា នឹង​ផ្តល់​ថវិកា​ចំនួន​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ចូលរួម​ចំណែក​ក្នុង​គម្រោង​រៀបចំ​មូលនិធិ​ពិសេស ដែល​នឹង​បង្កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ សម្រាប់​ជួយ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​បណ្តា​ប្រទេស​សមាជិក​ជាតិ​ដែល​មានការ​អភិវឌ្ឍ​ខ្សោយ ។

ធនាគារ AIIB នេះ​នឹង​ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ជា​ប្រយោជន៍​ដល់​ភាគី​ទាំងអស់​ក្នុង​តំបន់​អាស៊ី ដែល​មាន​តម្រូវការ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ។

លោក ស៊ី ជិន​ពីង មាន​ប្រសាសន៍​បន្ត​ថា ៖ « ការ​ផ្តួចផ្តើម​បង្កើត​ធនាគារ AIIB នេះ គឺជា​វិធានការ​អភិវឌ្ឍន៍​ថ្មី ដែល​ធ្វើ​ឲ្យ​ចិន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ​, គាំទ្រ​អភិវឌ្ឍន៍​ប្រព័ន្ធ​សេដ្ឋកិច្ច​អន្តរជាតិ និង​ផ្តល់​ទំនិញ​សាធារណៈ​ជា​អន្តរជាតិ » ។

បើ​យោង​តាម​ស្ថិតិ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញ​ថា នៅ​ចន្លោះ​ឆ្នាំ​២០១០ ដល់​២០២០ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នឹង​ត្រូវការ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជា​៨​ទ្រី​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​របស់​ខ្លួន ។

លោក​ប្រធានាធិបតី​រំពឹង​ថា ៖ « បណ្តា​ស្ថាប័ន​ដែល​ផ្តួចផ្តើម​ដោយ​ចិន និង​ធនាគារ​ដទៃ​ទៀត នឹង​សហការ​គាំទ្រ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្បទាន​សម្រាប់​ចូលរួម​គ្នា​ចែករំលែក​នូវ​ចំណេះដឹង និង​ការ​កសាង​សមត្ថភាព​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ » ៕