បទល្មើស​គ្រឿងញៀន​ក្លាយជា​បញ្ហា​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ​

ចាប់ពី​ខែតុលា វិច្ឆិកា ធ្នូ ឆ្នាំ​២០១៥ មកដល់​ខែមករា ដើមឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នគរបាល និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាច្រើន​ករណី ជាពិសេស​នៅ​តំបន់​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក៏ដូចជា​នៅតាម​បណ្ដា​ខណ្ឌ​ដទៃទៀត​។ ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​រាប់រយ​ករណី​កន្លងទៅនេះ មិនអាច​ទប់ស្កាត់​បទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​រាជធានី​ភ្នំពេញ​បានទេ ព្រោះ​សមត្ថកិច្ច​បង្ក្រាប​បានតែ​ជនសង្ស័យ​តូចតាច​។ ចំណែក​មេខ្លោង​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ធំៗ​នៅតែ​អាច​រួច​ផុតពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​។

កាលពី​វេលា​ម៉ោង​៥​និង​២៩​នាទី ព្រលប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ម្នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​១៩១​កញ្ចប់​។ ការឃាត់ខ្លួន​ស្ត្រី​មេខ្លោង​ចែកចាយ​គ្រឿងញៀន​នោះ បានធ្វើ​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុងភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ ហើយ​ប្រតិបត្តិការ​នេះ ត្រូវ​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​ពេញទំហឹង​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា កន្លងមក​សកម្មភាព​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ពួកគាត់ ពុំមាន​សមត្ថកិច្ច​ណា​យកចិត្តទុកដាក់​បង្ក្រាប​ឡើយ​។

ប្រជាពលរដ្ឋ​ទូទៅ​បាន​លើកឡើងថា បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន កំពុងតែ​ក្លាយទៅជា​បញ្ហា​ធំ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​នាំ​ឲ្យ​កើតមាន​បញ្ហា​អសន្តិសុខ​សង្គម អំពើ​ឃាតកម្ម អំបើចោរកម្ម លួច​ឆក់​ប្លន់ កើត​ឡើងជា​បន្តបន្ទាប់​។ ដូច្នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​បាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ជាងនេះទៅទៀត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ មានការ​ជឿជាក់​លើ​សម​ត្ថ​កិច្ច​នោះ គឺ​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ ត្រូវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កុំ​ឲ្យ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទៀត​៕

khada0904 khada0902 khada0903