រដ្ឋមន្ត្រីក្រសួង​ការងារ ទុក​ប្រធាន​មន្ទីរ​ការងារ​ខេត្តតាកែវ​ដល់​ណា​ទៀត​?

​រឿងអាស្រូវ​ពុករលួយ​បក្ខពួកនិយម​របស់លោក មឹង វីរិយា ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​អំពាវនាវ​ឲ្យ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចាត់វិធានការ​ដោះស្រាយ​ផងដែរ​។ ក៏ប៉ុន្តែ​រហូតដល់​ពេល​នេះ លោក អ៊ិត សំហេង មិនបាន​ឆ្លើយតប​ទៅនឹង​សំណើ​របស់​មន្ត្រី​ភាគច្រើន​នៅក្នុង​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ​នោះទេ ហាក់ដូច​ជាមាន​អាថ៌កំបាំង​យ៉ាងម៉េច​មិនដឹង​។ មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា លោក អ៊ិត សំហេង ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​លោក មឹង វីរិយា ទើប​បណ្ដោយ​ឲ្យ​មន្ត្រី​រូបនេះ នៅ​បន្ត​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ​យ៉ាង​ក្រអឺតក្រទម​។

​ដោយសារតែ​ភាព​ព្រងើយកន្តើយ​របស់លោក អ៊ិត សំហេង ទើប​មន្ត្រី​២៤​រូប​ក្នុងចំណោម​ជាង​៣០​រូប​នៅក្នុង​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ បាននាំគ្នា​ផ្ដិតមេដៃ​លើ​លិខិត​ផ្ញើជូន​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​។ លិខិត​នោះបាន​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ដកហូត​តំណែង​លោក មឹង វីរិយា ចេញពី​ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ ដោយ​រៀបរាប់​នូវ​អំពើអាក្រក់​១០​ចំណុច​របស់លោក មឹង វីរិយា​។

នៅក្នុង​លិខិត​របស់​មន្ត្រី​ទាំង​២៤​រូប​បាន​លើកឡើងថា​«​យើងខ្ញុំ​ទាំងអស់គ្នា​សូម​អង្វរ​ដ៏​ទទូច​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​មេត្តា​ដក​លោក មឹង វីរិយា ហើយ​ជំនួស​ដោយ​អ្នក​ដែលមាន​ចិត្ត​ចេះ​ស្រឡាញ់​និង​គោរព​ឲ្យ​តម្លៃ​ដល់​បុគ្គលិក​ក្រោម​ឱវាទ ពីព្រោះ​ទង្វើ​រាល់ថ្ងៃ​របស់លោក មឹង វីរិយា បានធ្វើ​កន្លងមក​យើងខ្ញុំ​ពិតជា​មិនអាច​អនុគ្រោះ​និង​ទទួលយក​បានទេ​។ យើងខ្ញុំ​មានតែ​ទទូច​អង្វរ​ឯកឧត្ដម​ដើម្បី​សម្រួល​ភារកិច្ច​លោក មឹង វីរិយា ចេញពី​មន្ទីរ​ការងារ​ខេត្តតាកែវ ហើយដោយ​ក្ដីសង្ឃឹម​រង់ចាំ​នៅ​ចម្លើយ​យល់ព្រម​ពី​ឯកឧត្តម យើងខ្ញុំ​សូម​អធ្យាស្រ័យ​ដ៏​ខ្ពង់ខ្ពស់​ដោយ​យើងខ្ញុំ​មិនអាច​ចូល​បម្រើ​ការងារ​បានទេ​ចាប់ពីពេលនេះ​តទៅ ព្រោះថា​យើងខ្ញុំ​មានការ​ភ័យខ្លាច​អំពី​សុវត្ថិភាព​និង​បញ្ហា​ផ្សេងៗ​ដែល​គាត់​បាន​គំរាម​កន្លងមក​»​។

ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​មន្ទីរ​ការ​ងារ​ខេត្តតាកែវ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥​កន្លងទៅ ធ្លាប់ធ្វើ​លិខិត​សុំ​ឲ្យ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដកហូត​លោក មឹង វីរិយា ចេញពី​តំណែង​ម្ដង​រួចមកហើយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ លោក អ៊ិត សំហេង បែរជា​រក្សា​ភាព​ស្ងប់ស្ងៀម​។ ប្រភពពី​មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហើប​ថា​ប្រហែល​លោក អ៊ិត សំហេង ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​លោក មឹង វីរិយា ទើប​មិន​ហ៊ាន​ដក​មន្ត្រី​រូបនេះ​ចេញពី​តំណែង ហើយ​ទុក​ឲ្យ​វិបត្តិ​ក្នុង​មន្ទីរ​ការងារ​ខេត្តតាកែវ រាលដាល​កាន់តែខ្លាំង​។ ឥឡូវនេះ​ប្រសិនបើ​លោក អ៊ិត សំហេង នៅតែ​ព្រងើយកន្តើយ​តទៅទៀត គឺ​បញ្ហា​ក្នុង​មន្ទីរ​ការងារ​ខេត្តតាកែវ កាន់តែ​ស្មុគស្មាញ​ជាមិនខាន​៕

Et Samhengលោក អ៊ិត សំហេង​ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ 12540940_1547784605535905_8871607223528281026_n