ល្បែងស៊ីសង​រាលដាល​ពេញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​អធិការ យឹម សារ៉ាន់ មិន​បង្ក្រាប​

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​នានា ជាពិសេស​សង្កាត់​ចោមចៅ និង​សង្កាត់​ត្រពាំង​ក្រសាំង បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា កន្ទុយលេខ បៀ​អាប៉ោង ភ្នាល់​បាល់ទាត់ និង​បញ្ជល់មាន់​ជាដើម កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ប៉ុន្តែ​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ ហើយ​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ មិនត្រូវ​បណ្ដោយ​ឲ្យ​លោក យឹម សារ៉ាន់ ធ្វើ​អ្វីៗ​តាមចិត្ត​ទៀត​ទេ​។​

​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា មាន​អ្នកចម្រៀង​ម្នា​ក់បាន​បើក​សង្វៀន​បញ្ជល់​មាន់នៅ​ខាងលិច​ប៉ុស្តិ៍នគរបាល​ត្រពាំង​ក្រសាំង កណ្ដាល​ព្រៃ​ប្ញ​ស្សី​មុង​ចិន ភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង និង​មាន​ល្បែង​អាប៉ោង​អម​ផងដែរ ប៉ុន្តែ​មិនឃើញ​នគរបាល​ប៉ុស្តិ៍ និង​នគរបាល​ខណ្ឌ​បង្ក្រាប​នោះទេ​។ ចំណែក​ល្បែង​បៀ​អាប៉ោង​និង​ភ្នាល់​បាល់ទាត់​តាម​ប្រព័ន្ធ​អ៊ិន​ធឺរ​ណេ​ត មាន​បើក​លេង​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ និង​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ មិនឃើញ​មាន​សមត្ថកិច្ច​ចាត់វិធានការ​ទាល់តែសោះ​។ ប្រការនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ហើយ​អំពើចោរកម្ម លួច​ឆក់​ប្លន់ នៅ​សង្កាត់​ត្រពាំង​ក្រសាំង និង​សង្កាត់​ចោមចៅ កើត​ឡើងជា​បន្តបន្ទាប់​។

ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ទាំង​២​នេះ បាន​លើកឡើងថា ល្បែង​បញ្ជល់មាន់​ក្បែរ​ប៉ុស្តិ៍នគរបាល​សង្កាត់​ត្រពាំង​ក្រសាំង មាន​មនុស្ស​ចូលរួម​លេង​យ៉ាង​គគ្រឹកគគ្រេង ប៉ុន្តែ​មិន​រំខាន​ដល់​សមត្ថកិច្ច​នគរបាល​នៅក្បែរ​នោះឡើយ​។ លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ក៏ដូចជា​នាយប៉ុស្តិ៍​នគរបាល​សង្កាត់​ត្រពាំង​ក្រសាំង និង​សង្កាត់​ចោមចៅ ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​ល្បែងស៊ីសង​ដូចជា កន្ទុយលេខ បៀ អាប៉ោង ភ្នាល់​បាល់ទាត់ និង​បញ្ជល់មាន់ កើតឡើង​យ៉ាង​រាលដាល​។ ដូច្នេះ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អធិការនគរបាល​ខណ្ឌ​នេះ​ជាបន្ទាន់ ព្រោះ​ល្បែងស៊ីសង​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​៕

01 លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ 1212 1115