លោក កឹម សុខា បញ្ជាក់ថា​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវមាន​បេក្ខជន​ជា​យុវជន និង​ស្ដ្រី​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ចំពោះមុខ​នេះ ក្រៅ​អំពី​ធ្វើ​គោលនយោបាយ​មូលដ្ឋាន ដោយ​សកម្មជន​មូលដ្ឋាន លោក​សូម​ឲ្យ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ចាប់ផ្ដើម​សម្លឹងមើល​រក​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​ក្នុងនោះ​ត្រូវការ​ចាំបាច់​ឲ្យ​មាន​បេក្ខជន​ជា យុវជន និង​ស្ដ្រី​។ លោក កឹម សុខា បញ្ជាក់ថា យុវជន និង​ស្ដ្រី ក៏មាន​សមត្ថភាព​ដូច​តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ គ្រាន់តែ​ពួកគាត់​មិនទាន់មាន​បទពិសោធន៍ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​ផ្តល់ឱកាស​ដល់​យុវជន និង​ស្ត្រី ដើម្បី​ឲ្យ​ពួកគាត់​បញ្ចេញ​សមត្ថភាព និង​បទពិសោធន៍ ហើយ​ថាបើ​មិន​ផ្តល់ឱកាស ពួកគាត់​ក៏​មិនអាច​បញ្ចេញ​សមត្ថភាព និង​ទទួលបាន​បទពិសោធន៍​នោះដែរ​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់ថា ការរៀបចំ​រចនាសម្ព័ន្ធ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​រឿង​សំខាន់ ហើយ​បើ​មូលដ្ឋាន​ណា​មិនទាន់មាន ឬ​មាន​មិនទាន់​គ្រប់ ត្រូវតែ​បន្ថែម​បង្គ្រប់​។ លោក កឹម សុខា បន្តថា​នៅពេល​ពង្រឹង និង​ព​ង្រី​រចនាសម្ព័ន្ធ​មូលដ្ឋាន​បាន​ហើយ ត្រូវតែ​យកមក​បណ្តុះ​ឲ្យ​មាន​ភាពជា​អ្នកដឹកនាំ ដឹង​ពី​គោលនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ស្គា​ល់ពី​គុណ​តម្លៃ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ត្រូវ​សហការ និង​ផ្តល់ឱកាស​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន ដើម្បី​ជ្រើសរើស​យុវជន និង​ស្ត្រី​ដែលមាន​សមត្ថភាព និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ពួកគាត់​ក្លាយខ្លួនជា​បេក្ខជន​បន្តវេន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​កន្លងមក​បានបញ្ជាក់​ថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ សំខាន់​ទី​១ និង​បន្ទាន់​ជាងគេ គឺ​ការធ្វើកំណែទម្រង់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​វិមជ្ឈការ​អំណាច ជូន​ដល់​ប្រជាពលរដ្ឋ និង​សកម្មជន​ថ្នាក់មូលដ្ឋាន រៀបចំ​គោលនយោបាយ​មូលដ្ឋាន​របស់ខ្លួន​។ លោក កឹម សុខា បន្ថែមថា​បន្ទាប់មក គណបក្ស​សង្គ្រោះ​ជាតិ​យក​គម្រោង​គោលនយោបាយ​មូលដ្ឋាន​នោះ ដាក់ជូន​សន្និបាត​ក្រុម​ប្រឹក្សាជាតិ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ ដើម្បី​ពិភាក្សា និង​សម្រេច​។ ពេល​សន្និបាត​ក្រុម​ប្រឹក្សាជាតិ​សម្រេច​គាំទ្រ​នូវ​គោលនយោបាយ​មូលដ្ឋាន​នេះហើយ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវយក​គោលនយោបាយ​នេះ ទៅ​ផ្សព្វផ្សាយ និង​ពន្យល់​ជូន​ប្រជាពលរដ្ឋ​៕

12508708_1268388293178467_4365375407870892015_n​    ​