លោក វង្សី វិស្សុត ប្រកាសផ្សព្វផ្សាយ របាយការណ៍សិក្សា ស្តីពីការវិនិច្ឆ័យមុខរបរ និងការងារនៅកម្ពុជា

ភ្នំពេញ ៖ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ សិក្សា ស្តីពីការវិនិច្ឆ័យមុខរបរ និងការងារនៅកម្ពុជា ដែលសិក្សារួមគ្នាដោយធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការពលកម្មអន្តរជាតិ(ILO) ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី អង្គការពលកម្មអន្តរជាតិ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៊ីវិលផងដែរ។

លោករដ្ឋលេខាធិការ វង្សី វិស្សុត មានប្រសាសន៍ថា របាយការណ៍សិក្សា ដ៏មានតម្លៃនេះនឹងចូលរួម ជាធាតុចូល ដក់កិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយភាពធនបរិយាប័ន្ន និងភាព ប្រកួតប្រជែង។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា របកគំហើញ និងអនុសាសន៍ នៃការសិក្សា នេះគឺមានភាពសមស្របនិងទាក់ទងទៅ នឹងបញ្ហាគោលបាយរបស់កម្ពុជា ។ រាជរដ្ឋាភិបាលបានដឹងយ៉ាងច្បាស់ ថា នឹងត្រូវដោះស្រាយបញ្ហាទាំងនេះ ដើម្បីសម្រួលដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើង នូវ គុណភាពការងារ, ការអភិវឌ្ឍជំនាញ, ជំរុញផលិតភាព និងប្រាក់ឈ្នួល ដើម្បីទទួលបាននូវវិបុលភាព ទាំងអស់គ្នា។

លោករដ្ឋលេខាធិការ វង្សី វិស្សុត បានលើកឡើងថា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតក្នុងបរិបទនៃការផ្លាស់ប្តូរ រចនាសម្ព័ន្ធ ដោយហេតុថាកំណើនកន្លងមក ភាគច្រើនពឹងផ្អែកលើកំលាំងពលកម្មដែលមានថ្លៃថោក   កំលាំង ពលកម្មមិនមានជំនាញ និងមូលដ្ឋានសេដ្ឋកិច្ចតូចចង្អៀត។ ក្នុងបរិបទនេះ កម្ពុជាកំពុងប្រឈមនឹងបញ្ហា ចំបងពីរគឺការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការបង្កើតការងារ។

លោករដ្ឋលេខាធិការបានលើកឡើងថា “ការបង្កើតការងារដោយមិន មានការអភិវឌ្ឍជំនាញ នឹងនាំឱ្យមានការ កើន ឡើង នូវភាពងាយរង គ្រោះក្នុងការងារ ខណៈដែលការអភិវឌ្ឍជំនាញ ដោយមិនមានការបង្កើតការងារ នឹងនាំឱ្យមានភាពអត់ការងារ ធ្វើចំពោះអ្នកដែលទទួលបាន ការអប់រំ”។ ការធ្វើតុល្យភាពរវាង “ការបង្កើត ការងារ”និង “ការអភិវឌ្ឍជំនាញ” គឺជាចំណុចស្នូលនៃបញ្ហាប្រឈម នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលអនាគត។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ចាប់តាំងពីដើមអាណត្តិទីប្រាំមក រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពខ្ពស់លើការដោះស្រាយ បញ្ហាការងារ,ការបណ្តុះបណ្តាលជំនាញ ចំពោះយុវជនក្នុងគោលបំណងស្រូបយកកំលាំងពលកម្មថ្មី និងប្រើប្រាស់សក្តានុពល នៃភាគលាភប្រជាសាស្រ្ត។ ហើយកាលពីឆ្នាំមុនរាជរដ្ឋាភិបាលបានដាក់ឱ្យ អនុវត្តនូវគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មសំដៅបង្កើន តម្លៃបន្ថែមសម្រាប់ឧស្សាហកម្មបច្ចុប្បន្ន, និងដើម្បីសម្រួលការផ្លាស់ប្តូរទៅកាន់វិស័យ ដែលកាន់តែមានផលិតភាពខ្ពស់ជាងមុន ក៏ដូចជាធ្វើ ពិពិធកម្ម ការងារ ក្នុងវិស័យផលិតកម្ម ។

ទន្ទឹមនេះរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍ ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមភ្លោះគឺការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនការងារផ្លូវការ ក៏ដូចជាដើម្បីបំពេញកង្វះខាត ពលករជំនាញនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលបានបង្កើន ការចំណាយជាបន្តបន្ទាប់ដល់ក្រសួង ពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៦ នេះ ក្រសួងអប់រំយុវជននិងកីឡាទទួលបានកំណើនថវិកាចរន្តចំនួន ២៨,២% ហើយក្រសួងការងារនិងបណ្តោះបណ្តាលវិជ្ជាជីវៈ ទទួលបានកំណើនថវិកាចរន្តចំនួន ៤៥,៨%ដោយមិនទាន់គិតបញ្ចូលនូវចំណាយមូលធន និងថវិកាហិរញ្ញប្បទានពីដៃគូនានា ៕

លោក វង្សី វិស្សុត ប្រកាសផ្សព្វផ្សាយ របាយការណ៍សិក្សា ស្តីពីការវិនិច្ឆ័យមុខរបរ និងការងារនៅកម្ពុជា

លោក វង្សី វិស្សុត ប្រកាសផ្សព្វផ្សាយ របាយការណ៍សិក្សា ស្តីពីការវិនិច្ឆ័យមុខរបរ និងការងារនៅកម្ពុជា

លោក វង្សី វិស្សុត ប្រកាសផ្សព្វផ្សាយ របាយការណ៍សិក្សា ស្តីពីការវិនិច្ឆ័យមុខរបរ និងការងារនៅកម្ពុជា