ប្រជាពលរដ្ឋ​គ្មាន​ទំនុកចិត្ត​ទៅលើ​ការឆែកឆេរ​ឃ្លាំង​ឈើ​របស់​មេ​ឈ្មួញ ទ្រី ភាព នៅ​ខេត្តស្ទឹងត្រែង​

ករណី​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា ទ្រី ភាព នៅ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ មិនបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ជឿជាក់​នោះទេ​។ ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​លើកឡើងថា ភាគច្រើន​នៃ​ឈើ​ទាំងនោះ​ត្រូវបាន​ប្រមូល​ទិញ​ពី​អ្នក​ចូល​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ព្រៃ​ការពារ និង​ព្រៃ​សហគមន៍​ជាដើម​។ ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​ឆែកឆេរ​ក្នុង​ឃ្លាំង​នៅ​ក្រុង​ស្ទឹងត្រែង គឺ​រកឃើញ​សុទ្ធតែ​ឈើ​ស្របច្បាប់ ហើ​តុ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​វិធានការ​របស់​សមត្ថកិច្ច​នោះឡើយ​។

​សូមបញ្ជាក់ថា ពេល​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា ទ្រី ភាព ក្នុង​ក្រុង​ស្ទឹងត្រែង សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ជាច្រើន​ម៉ែត្រគូប ប៉ុន្តែ​មិនទាន់​បញ្ជាក់​អំពី​បរិមាណ​ពិតប្រាកដ​នៅឡើយ​ទេ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​តំណាង​ក្រុមហ៊ុន​ទ្រី​ភាព បានបង្ហាញ​ឯកសារ​និង​លិខិត​ការពារ​ឈើ​នោះ​ថា មានច្បាប់​ទាំងអស់ ព្រោះ​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការទិញ​និង​ស្តុក​ឈើ​នៅ​ខេត្តស្ទឹងត្រែង​។ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​លើកឡើងថា កន្លងមក​មាន​មនុស្ស​របស់​ឧកញ៉ា ទ្រី ភាព ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​និង​ពី​ឈ្មួញ​ដែល​ដឹក​តាម​រថយន្ត​និង​ដឹក​តាម​ទូក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដូច្នេះ​ឈើ​ទាំងនោះ​មិនមែនជា​ឈើ​ស្របច្បាប់​ទេ​។ មានន័យថា គេ​បានធ្វើ​ឯកសារ​ឲ្យ​ឈើ​ខុសច្បាប់​ក្លាយទៅជា​ឈើ​ស្របច្បាប់​យ៉ាង​ងាយស្រួល​ពេល​ដឹក​ចូលក្នុង​ឃ្លាំង​ឧកញ៉ា ទ្រី ភាព​។

សកម្មជន​ការពារ​ព្រៃឈើ​និង​មន្ត្រី​អាជ្ញាធរ​មួយចំនួន​បាន​ឲ្យ​ដឹងថា បើទោះបី​កន្លងមក​ឧកញ៉ា ទ្រី ភាព ប្រកាស់​ជា​សាធារណៈ​អំពី​ការបញ្ឈប់​អាជីវកម្ម​កាប់​ឈើ​ក៏ដោយ ក៏​ជាក់ស្តែង​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ មេការ​ក្រុមហ៊ុន​ទ្រី​ភាព ជាច្រើន​នាក់​បានធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​នៅក្នុង​ស្រុក​សេសា​ន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ជាពិសេស​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​ដឹក​តាម​ទូក​ឬ​តាម​រថយន្ត​បង្កុង​កែច្នៃ​យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ស្រុក​សៀម​ប៉ាង និង​នៅ​ក្រុង​ស្ទឹងត្រែង យ៉ាង​រលូន​។ ការដែល​មេការ​របស់​មេ​ឈ្មួញ ទ្រី ភាព អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ស្រុក​សៀម​ប៉ាង និង​ក្រុង​ស្ទឹងត្រែង គឺមាន​ការឃុបឃិត​បើកដៃ​ពី​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ផងដែរ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​៕

KA-20-01-2016-08-1 KA-20-01-2016-11