មាន​ករណី​លួច​កាប់​ឈើ​នៅក្នុង​តំបន់​ប្រាសាទ​កោះ​កេរ​ស្រុក​គូលែន ខេត្តព្រះវិហារ​

អភិបាលស្រុក​គូលែន លោក ប៉ាង យៀ​ត ថ្មីៗ​នេះ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា មកដល់​ថ្ងៃនេះ​មិនមាន​ករណី​កាប់​ឈើ​ទៀត​នោះទេ តែ​លោក​បានទទួល​ស្គាល់​ថាក​ន្ល​ង​មក​ពិតជា​មាន​ក​រ​ណី​លួច​កាប់​ឈើ​នៅក្នុង​តំបន់​ប្រាសាទ​កោះ​កេរ ក្នុងស្រុក​គូលែន ខេត្តព្រះវិហារ​។  លោក ប៉ាង យៀ​ត អភិបាលស្រុក​គូលែន បាន​បន្តថា តាម​ដឹង​ខាង​មន្ត្រី​អាជ្ញាធរ​អប្សរា​គេ​បានកំណត់​មុខសញ្ញា​ជនខិលខូច​រួច​ហើយ​ដើម្បី​អនុវត្តន៍​តាមច្បាប់​។ តែ​ការអះអាង​របស់លោក ប៉ាង យៀ​ត ត្រូវបាន​ច្រានចោល​ដោយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​បាន​លើកឡើងថា​សព្វថ្ងៃ ករណី​កាប់​ឈើ​នៅក្នុង​តំបន់​ប្រាសាទ​កោះ​កេរ​នៅតែ​បន្ត​កើតមាន​នៅឡើយ ព្រោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ទប់ស្កាត់​។​

​ប្រជាពលរដ្ឋ​ស្រុក​គូលែន ខេត្តព្រះវិហារ បាន​រាយការណ៍​មក​ថា ថ្មីៗ​នេះ​ធនធានធម្មជាតិ​ព្រៃឈើ​ប្រភេទ​ឈើ​ប្រណីត មាន​បេង ធ្នង់ នាងនួន នៅក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ កំពុង​ទទួលរង​ការ​លួច​កាប់​ធ្វើ​អាជីវកម្ម​ពី​សំណាក់​ជនខិលខូច​រស់​នៅក្នុង​មូលដ្ឋាន ហើយ​បញ្ហា​ខាងលើនេះ​ដោយសារ​មានការ​ធ្វេសប្រហែស​ពី​អាជ្ញាធរ​ដែនដី​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ដើមឈើ​ធ្នង់​មាន​មុខធំៗ​ជាច្រើន​ដើម​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​កោះ​កេរ ត្រូវបាន​ឆ្មាំ​ប្រាសាទ ដើរល្បាត​ប្រទះឃើញ​ដែល​ជនខិលខូច​កាប់​ផ្ដួល​ថ្មីៗ​ដែល​ទំនង​យក​ចេញពី​ព្រៃ​មិនទាន់រួច​។​

​គួរ​បញ្ជាក់ថា​កាលពី ខែកញ្ញា ឆ្នាំ​២០១៥ ក៏មាន​ករណី​កាប់​ឈើ​នៅក្នុង​តំបន់​ប្រាសាទ​កោះ​កេរ ស្រុក​គូលែន ខេត្តព្រះវិហារ​ផងដែរ តែ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​បាន​ឆ្លើយ​យករួចខ្លួន​រៀងៗ​ខ្លួន បើទោះជា​បទល្មើស​ជាក់ស្តែង​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​គ្រប់ៗ​គ្នា​ថា​កើតឡើង​បណ្តាលមកពី​មន្ត្រី​ជំនាញ​មិន​យកចិត្តទុកដាក់​បំពេញ​ការងារ​។ សកម្មជន​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា ប្រាសាទ​កោះ​កេរ ស្ថិតនៅ​ក្នុងភូមិ​កោះ​កេរ ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​ស្ថិត ក្រោម​ការគ្រប់គ្រង​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​ព្រៃឈើ​នៅក្នុង​តំបន់​ប្រាសាទ​កោះ​កេរ​ត្រូវ​រង​ការបំផ្លិចបំផ្លាញ​ខ្ចេ​ច​ខ្ទី នោះ​មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​នោះទេ តែ​វា​ក៏បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សោភ័ណភាព និង​វិស័យ​ទេសចរណ៍​ផងដែរ ព្រោះ​ភ្ញៀវទេសចរ​ឲ្យ​តម្លៃ​ខ្ពស់​ពី​ទេសភាព​ធម្មជាតិ​ជាមួយ​ប្រាសាទ​៕

DSC_4137 btv-a1671