ពលរដ្ឋ​បារម្ភ​ខ្លាច​គម្រោង​សំណង់​ផ្លូវ​ក្រោម​ដី​ប៉ះពាល់​ព្រះ​សក្យមុនីចេតិយ

ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា ការ​សាងសង់​ចំណត​យានយន្ត និង​ផ្សារ​ក្រោម​ដី​នៅ​ទីធ្លា​ព្រះ​សក្យមុនីចេតិយ ប៉ះពាល់​ដល់​ព្រះ​សក្យមុនីចេតិយ។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ទីធ្លា​ព្រះ​សក្យមុនីចេតិយ កំពុង​ព័ទ្ធ​ជុំជិត​ដោយ​របង។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ អះអាង​ថា ការ​សាងសង់​មិន​ប៉ះពាល់​ទីតាំង​គោរព​បូជា​នេះ​ទេ។

គិត​មក​ទល់​ពេល​នេះ នៅ​ទីធ្លា​ព្រះ​សក្យមុនីចេតិយ​ចាស់ មាន​ទីតាំង​នៅ​មុខ​ស្ថានីយ​រទេះភ្លើង នា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ផ្ដើម​ការដ្ឋាន​សាងសង់​ជា​បណ្តើរៗ​ហើយ។ របង​ស័ង្កសី​ខ្ពស់​ព័ទ្ធ​ជុំជិត​ទីធ្លា​ព្រះ​សក្យមុនីចេតិយ ចំណែក​ទីតាំង​ដែល​ព័ទ្ធ​របង​នោះ ឃើញ​មាន​គំនរ​ខ្សាច់ បន្ទះ​ដែក និង​ខ្សែភ្លើង​រត់​ឆ្វាត់ឆ្វែង​នៅ​ក្នុង​បរិវេណ​នោះ។

​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​នៅ​ម្ដុំ​ព្រះ​សក្យមុនីចេតិយ លោក កូយ សារ័ត្ន យល់​ថា ការ​អភិវឌ្ឍ​ក្រោម​ព្រះ​សក្យមុនីចេតិយ​នេះ​គឺ​ល្អ ដែល​អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ ទន្ទឹម​គ្នា​នេះ​ដែរ ពលរដ្ឋ​រូប​នេះ​ព្រួយ​បារម្ភ​ថា នៅ​ពេល​ដំណើរការ​សាងសង់​ការដ្ឋាន​អាច​ប៉ះពាល់​ដល់​ព្រះ​សក្យមុនីចេតិយ៖ «មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ប៉ះពាល់​ព្រះ​សក្យមុនីចេតិយ ក៏​ដូច​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ  ខ្ញុំ​សុំ​ឲ្យ​ប៉ូលិស ឬ​សន្តិសុខ​ប្រុងប្រយ័ត្ន​នៅ​ពេល​សាងសង់»

​កាល​ពី​ដើម​ខែ​មករា សាលា​រាជធានី​ភ្នំពេញ យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) និង​ក្រុមហ៊ុន​វឌ្ឍនៈ (Vattanak) កសាង​ផ្សារ និង​ចំណត​យានយន្ត​ក្រោម​ដី នៅ​ចំណុច​សក្យមុនីចេតិយ​ចាស់។ ការ​អនុញ្ញាត​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​ភ្លើង​ខៀវ​ឲ្យ​ការ​សាងសង់​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ និង​បង្កើន​ការ​វិនិយោគ​បង្កើត​ការងារ​ដល់​ពលរដ្ឋ។

​បើ​ទោះ​ជា​ការ​វិនិយោគ​នេះ ចាប់​ផ្ដើម​ដំណើរការ​ទៅ​ហើយ ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​សាងសង់ ឬ​សាលា​រាជធានី​ភ្នំពេញ បង្ហាញ​ផែនការ​វិនិយោគ ឬ​ប្លង់​នៃ​ការ​វិនិយោគ​នេះ​ទេ។ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ពុំ​អាច​បញ្ជាក់​ពី​គម្រោង​នេះ​បា​នទេ ដោយ​លើក​ឡើង​ថា ក្រុមហ៊ុន​ឯកជន​ជា​អ្នក​សាងសង់។ ប៉ុន្តែ​លោក​អះអាង​ថា ការ​សាងសង់​នេះ​មិន​ប៉ះពាល់​ដល់​ព្រះ​សក្យមុនីចេតិយ​ទេ។

​សម្ដេច​ព្រះ​សង្ឃរាជ ទេព វង្ស មាន​ថេរដីកា​ថា ព្រះអង្គ​មិន​ទាស់​ការ​សាងសង់​នេះ​ទេ។ ព្រះអង្គ​យល់​ថា ការ​វិនិយោគ​នេះ​ក៏​មិន​ប៉ះពាល់​ដល់​ព្រះ​សក្យមុនីចេតិយ​ដែរ៖ «គ្មាន​បញ្ហា​អី​ទេ គឺ​ជា​ពុទ្ធបូជា​របស់​យើង​ទាំង​អស់​គ្នា អត់​មាន​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់ អត់​មាន​ប៉ះពាល់​នឹង​ព្រះ​សក្យមុនីចេតិយ​ទេ»

ដោយ​ឡែក នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម ស្នើ​ទៅ​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​សាងសង់​បង្ហាញ​ប្លង់​នៃ​ការ​សាងសង់ និង​គម្រោង​ថវិកា​នេះ​ឲ្យ​សាធារណជន​បាន​ដឹង។ លោក​យល់​ថា ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា នៅ​ពេល​នេះ មិន​ទាន់​សមស្រប​នឹង​ការ​សាងសង់​ចំណត ឬ​ផ្សារ​នៅ​ក្រោម​ដី​ដូច​នេះ​ទេ ហើយ​ពលរដ្ឋ​ភាគ​ច្រើន​ហាក់​មិន​ទទួល​បាន​ប្រយោជន៍​ពី​ការ​វិនិយោគ​នេះ​ទេ «នៅ​ក្នុង​បរិបទ​ស្រុក​ខ្មែរ​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​អត់​សូវ​ចូលចិត្ត​ដើរ​ច្រើន​ទេ យ៉ាង​ហោច​ណាស់​មាន​ការ​សិក្សា​មួយ​ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ភ្នំពេញ គាត់​ឲ្យ​យោបល់​មក​ថា ការ​សាងសង់​ផ្សារ និង​ចំណត​ក្រោម​ដី​នេះ​ជា​តម្រូវការ​ចាំ​បាច់​ទេ?»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ណា​មួយ​ពី​តំណាង​ក្រុម​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) និង​ក្រុមហ៊ុន​វឌ្ឍនៈ បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​មករា។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ លោក ប៊ុត ភ័ក្រ យល់​ថា ការ​វិនិយោគ​នៅ​ក្រោម​ដី​នេះ មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ក្រីក្រ​ដូច​រូប​លោក​ទេ៖ «ខ្ញុំ​យល់​ឃើញ​ថា សម្រាប់​អ្នក​ក្រ សម្រាប់​អ្នក​ម៉ូតូឌុប គឺ​បញ្ចប់​មុខ​របរ​បាត់​ហើយ លែង​បាន​ចត​ហើយ គេ​មិន​ទាន់​ដេញ​ទេ តែ​អស់​កន្លែង​ចត»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។