ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត​ ៖ សួនច្បារ​ និង​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​យុ​ទ្ឋ​ជន​ពលីកម្ពុជា-វៀតណាម​ ដែល​មាន​ទីតាំងនៅ​ទល់មុខ​មន្ទីរ​អប់រំ ​យុវជន​ និង​កីឡា​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ ​ម្សិលមិញ​នេះ ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ​ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រៀបចំ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​ជួសជុល​​​និង​កែ​លម្អ​សោ​ភ​ណ័​ភាព​ឡើង​វិញ​ ។

ពិធី​នេះ​ធ្វើ​ឡើង​តាម​បែប​សាសនា ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​​របស់​ លោក​ ញ៉ែ​ម វ៉ា​លី​ អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ ​និង​សាសនា​ និង​ជា​អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ​លោក​ សូត យា អភិបាលរង​ខេត្ត ​និង​ប្រតិភូ​អនុ​ព័​ន្ឋ​យោធា​វៀតណាម​ប្រចាំ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ផង​ដែរ ​។

​លោក នាក់ សុវណ្ណ​រី អភិបាល​ក្រុង​កំពត ​បាន​មាន​ប្រសាសន៍​​ជម្រាប​​ពី​ប្រវត្តិ​ស​ង្ខេ​ប​ខ្លះ​ៗ​នៃ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​យុ​ទ្ឋ​ជន​ពលី​កម្ពុជា​-វៀតណាម​នេះ ​ជូន​ដល់​គណៈអធិបតី​ និ​ង​ប្រតិភូ​ដែល​បាន​ចូលរួម​នា​ពេល​នេះ​ថា ស្តូប​អនុស្សាវរីយ៍​​នេះ​ ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៨​ រហូត​ដល់​ឆ្នាំ​២០០៩ ​ក៍​មានការ​ជួសជុល​កែ​លម្អ​សោ​ភ​ណ័​ភាព​ម្តង​រួច​មក​ហើយ​ដែរ​។ ​ការ​ជួសជុល​នា​ពេល​នោះ​ក្រោម​គម្រោង​ឧបត្ថម្ភ​ថវិកា​ទាំងស្រុង​របស់​អាជ្ញាធរ​ខេត្ត​គៀង​យ៉ាង​វៀតណាម​ ។ ដោយឡែក​ សម្រាប់​​ ការ​ជួសជុល​​នា​ពេល​នេះ​ រួម​មានការ​ជួសជុល​កែ​លម្អ​រូបសំណាក ​សម្អាត​ស្តូប និង​កែ​​លម្អ​សួនច្បារ ​ការ​បំពាក់​គ្រឿង​បំភ្លឺ​ដោយ​អគ្គិ​ស​នី​ ការ​រៀបចំ​ប្រ​ព័​ន្ឋ​លូ​ ​និង​ប្រ​ព័​ន្ឋទឹក​ស្រោច​សួន ​ព្រមទាំង​ការងារ​ជាក់ស្តែង​មួយ​ចំនួន​ទៀត ដែល​ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​​ប្រមាណ​ជា៣.៤៥៣៨​ដុល្លា​រអា​មេ​រិ​ក ជា​ថវិកា​ផ្តល់​ទាំងស្រុង​ដោយ​ភាគី​វៀត​ណាម​​ ។

លោ​ក ងៀន អា​ញ់​ហ្ស​ង អនុ​ព័​ន្ឋ​យោធា​វៀតណាម​ប្រចាំ​កម្ពុជា​ បាន​​សម្តែងការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ និង​អាជ្ញាធរ​ខេត្ត ជា​ពិសេស ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែបាន​រក្សា​នូវ​ប្រពៃណី​សាមគ្គីភាព​កម្ពុជា-​វៀតណាម​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុង​នាម​ជា​បងប្អូន​ជិតខាង​ល្អ​ និង​បាន​ចាត់​ទុក​ស​មិ​ទ្ឋ​ផល​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​យុ​ទ្ឋ​ជន​ពលី​កម្ពុជា-​វៀតណាម ​គឺជា​អនុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​ក្នុងគ្រា​មាន​អាសន្ន​​​ ៕