បណ្តាំ​គ្រូ​ពេទ្យ​ធ្វើ​ឲ្យ ឡៅ ស៊ីណាត ​កាន់​តែ​សង្វេគក្នុងឆាក​ជីវិត

អ្នក​ប្រដាល់​ជើង​ខ្លាំង​ចាស់​​វស្សា ឡៅ ស៊ីណាត ដែល​ធ្លាប់​តែ​បង្ហាញ​ភាព​ខ្លាំង​នៅ​លើ​សង្វៀន​នោះ កំពុង​តែ​ញ៉ាំ​ញី​ដោយ​ទុក្ខ​សង្វេគ នៅ​ក្នុង​ឆាក​ជីវិតជាមួយ​នឹក​ការ​បាក់​ជើង​ឆ្វេង​​ បន្ទាប់​ពី​គ្រូ​ពេទ្យ​បាន​ប្រាប់​ឲ្យ​គេ​បោះ​បង់​ចោល​ការ​ប្រដាល់ ដែល​ជា​​ប្រភព​ចំណូល និង​ជា​ចំណង់​ចំណូល​ចិត្ត​របស់​​គេ​​តាំង​ពី​តូច​នោះ។

lao-1

សិស្ស​គណ​ក្លិប​កង​ពល​តូច​ឆត្រយោង​៩១១ ឡៅ ស៊ីណាត បាន​បាក់​ស្មង​ជើង​ខាង​ឆ្វេង​ទាំង​ស្រុង ខណៈ​រូប​គេ​បាន​ប្រើ​ជើង​នេះ​ទាត់​មួយ​ទំហឹង​ទៅ​លើ​កីឡាករ​ថៃ ​តែ​ត្រូ​វ​បានថៃ​លើក​ជង្គង់​ទប់ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅ​លើ​សង្វៀន​បាយ័ន កាល​ពី​ថ្ងៃ​ទី​១៧ ខែមករា ហើយ​នៅ​ពេល​នេះ ឡៅ ស៊ីណាត កំពុង​ដេក​ព្យាបាល​ជើង​បាក់​នេះ នៅ​​មន្ទីរពេទ្យរុស្ស៊ី។
កីឡាករ​វ័យ​៣២​ឆ្នាំ ឡៅ ស៊ីណាត បាន​និយាយ​ថា«ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្តាយ​ខ្លាំង​បំផុត ចំពោះ​ការ​បាក់​ជើង​ឆ្វេង​​នេះ ព្រោះ​របួស​នេះ​បានធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្ញុំ ដែល​មាន​ប្រពន្ធ​​ទើប​តែ​កូន​ខ្ចី​បាន​៣​ខែ​នោះ ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះ​​គាត់​គ្មាន​ការ​ងារ​អ្វី​ធ្វើ ដើម្បី​រក​កម្រៃ ក្រៅ​ពី​ការ​ធ្វើ​ស្រែ​បន្តិច​បន្តួច​នោះ​ទេ»។
ឡៅ ស៊ីណាត បាន​បញ្ជាក់​ថា៖​«បើ​សិន​ជា​ជើងរបស់​ខ្ញុំ​មាន​ភាព​អំណោយ​ផល​ល្អ​ឡើង​វិញ ខ្ញុំ​នៅ​តែ​ចង់​ឡើង​ប្រកួត ព្រោះ​ខ្ញុំ​ស្រឡាញ់​ការ​ប្រដាល់​តាំង​ពី​តូច ហើយ​​ចំណូល​នៃ​ការ​ឡើង​ប្រដាល់​បាន​ជួយទ្រ​ទ្រង់​ដល់​ជីវភាព​​គ្រួ​សារ​របស់​ខ្ញុំ​ច្រើន​ណាស់ ប៉ុន្តែ​គ្រូ​ពេទ្យ​បាន​​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​ឈប់​ឡើង​ប្រដាល់​ទៀត​ទៅ ព្រោះ​ជើង​​ឆ្វេង​របស់​ខ្ញុំទោះ​បីជា​បាន​ជា​សេះ​ស្បើយ​ក៏​មិន​មាន​ភាព​រឹង​មាំ​ដូច​មុន​នោះ​ដែរ»។

lao-2
បង​ប្រុស​បង្កើត​របស់ជើង​ខ្លាំង ឡៅ ចន្ទ្រា រូប​នេះ បានបន្ថែម​ថា៖​«ខ្ញុំ​ពិត​ជា​បាក់​ទឹក​ចិត្ត​ខ្លាំងណាស់ ​នៅ​ពេល​ឮ​ដំណឹង​នេះ ព្រោះ​ខ្ញុំ​គ្មាន​ការងារ​អ្វី​ក្រៅ​ពី​ការ​ឡើង​ប្រដាល់​នោះ​ទេ។ ហេតុ​នេះខ្ញុំ​មាន​តែ​ធ្វើ​ជា​គ្រូ​បង្វឹក ឬ​ចៅ​ក្រមអាជ្ញា​កណ្តាល ព្រោះ​ខ្ញុំ​មិន​អាច​ឈប់​ពី​​ប្រដាល់​ទាំង​ស្រុង​​បាន​នោះ​ឡើយ»។
នៅពេល​នេះ ជើងបាក់​​ខាង​ឆ្វេង​របស់ ឡៅ ស៊ីណាត ត្រូវ​បាន​​​វះកាត់​ដាក់​ដែក​អម​តាំង​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​គ្រូ​ពេទ្យបាន​​បាន​ប្រាប់​ថា ដែក​ដែល​វះ​ដាក់​អម​ឆ្អឹង​​បាក់​នោះ គឺ​ទុក​រហូត​ដល់​​១​ឆ្នាំ​ ទើប​អាច​វះ​ដក​ចេញ​វិញ​បាន ហើយ​គិត​ត្រឹម​​ថ្ងៃ​ព្រហស្បតិ៍នេះ ស៊ីណាត បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​អស់​ជិត​៥០០​ដុល្លារ​ហើយ។
ប៉ុន្តែ​ការ​អះអាង​ចេញ​ថ្លៃ​ព្យាបាល​ទាំង​ស្រុង ដល់ ឡៅ ស៊ីណាត ពី​ស្ថានីយ​ទូរទស្សន៍ ក្រោយ​ពេល​ចេញ​ពី​មន្ទីរ​ពេទ្យ តាម​រយៈ​លោក នាង ស៊ីវុត្ថា អ្នក​គ្រប់​គ្រង​កីឡា​នៅ​បាយ័ន និងការ​ជួយ​​ដោយ​ផ្ទាល់​របស់​​ឯកឧត្តមឧត្តម​សេនីយ​ឯក ចាប ភក្តី មេបញ្ជាការ​កង​ពល​តូច​ឆត្រ​យោង​៩១១ នូវ​ទឹក​ប្រាក់​ចំនួន​១,១​លាន​រៀល បាន​​សម្រួល​ដល់​ទុក្ខ​លំបាក​របស់​កីឡាករ​កូន​ខ្ចី ស៊ីណាត បាន​មួយ​ផ្នែកធំ នា​ពេល​បច្ចុប្បន្ន។

lao-3
ទោះ​បី​ជា​យ៉ាង​ណា ឡៅ ស៊ីណាត នៅ​តែ​សំពះ​សុំ​ក្តី​សន្តោស​ប្រណៃ​ពី​សប្បុរស​ជន អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់ ពិសេស​លោក​ជំទាវ ហ៊ុន ម៉ាណា អគ្គ​នាយការវិទ្យុ និង​ទូរទស្សន៍​បាយ័ន ដែល​តែង​តែ​​ចូល​រួម​ជួយដល់​កីឡាករ​​រង​របួស​ក្នុង​ពេល​ប្រកួត​កន្លង​មក ព្រោះ​ពល​ទាហាន ឡៅ ស៊ីណាត បាន​​និយាយ​ទាំង​អួល​ដើម​ករ​ថា៖​«នៅ​ក្នុង​អំឡុង​ពេល​ជាង​១​ឆ្នាំ ដែល​ខ្ញុំ​ត្រូវ​ព្យាបាល​របួស​ឲ្យ​បាន​ជា​សះ​ស្បើយ​នោះ ប្រពន្ធ​ខ្ញុំ ដែល​គ្មាន​ការ​ងារ​អ្វី​ធ្វើ​​នោះ គ្មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ក្នុង​ការ​​រក​ប្រាក់​មក​ផ្គត់​ផ្គង់​​កូន​តូចៗ​ទាំង​២ ព្រម​ទាំង​ថ្នាំ​សង្កូវ​ជា​ប្រចាំ​របស់​ខ្ញុំ​នោះ​ទេ»៕ ​