អភិបាលខេត្ត​កោះកុង មិន​ខ្វល់​រឿង​មន្ត្រី​យោធា​ស័ក្តិ​៥ ចាក់ដី​លុប​ឆ្នេរសមុទ្រ​

ករណី​មន្ត្រី​យោធា​ស័ក្តិ​៥ ឈ្មោះ ទុន ឌៀ​ក ចាក់ដី​លុប​ឆ្នេរសមុទ្រ​មួយកន្លែង​នៅក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ក្នុងខណៈដែល​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ហាក់ដូចជា​មិនដឹង​រឿងនេះ​។ ប្រជាពលរដ្ឋ​សង្កាត់​ស្មាច់មានជ័យ អះអាងថា​មន្ត្រី​យោធា​ស័ក្តិ​៥ ចាក់ដី​រំលោភ​យក​ឆ្នេរសមុទ្រ​ក្រោមលេស​ទុក​ធ្វើ​ផែ ដែល​បញ្ហា​នេះ​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ​។ ជាពិសេស​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង មិនគួរ​បណ្ដោយ​ឲ្យ​អ្នកមានអំណាច​រំលោភ​យ​កដី​ឆ្នេរសមុទ្រ​ធ្វើជា​កម្មសិទ្ធិ​តទៅទៀត​ឡើយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្មាច់មានជ័យ បាន​ឲ្យ​ដឹង​ទៀតថា តំបន់ឆ្នេរ​ដែល​លោក ទុន ឌៀ​ក ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​នោះ មាន​បណ្ដោយ​យ៉ាង​វែង ហើយ​មាន​រថយន្ត​ដឹក​អាចម៍ដី​ចាក់​លុប​យ៉ាង​គគ្រឹកគគ្រេង​ចំណែក​អាជ្ញាធរ​សង្កាត់ និង​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ មានការ​សង្ស័យថា ចៅសង្កាត់​ស្មាច់មានជ័យ និង​លោក ទូ វិបុល អភិបាលក្រុង​ខេមរភូមិន្ទ ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ករណី​មន្ត្រី​យោធា​ស័ក្តិ​៥ ចាក់ដី​លុប​ឆ្នេរ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​។ ចំណែក​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តកោះកុង ក៏​អាចពាក់ព័ន្ធ​នឹង​ការ​បើកដៃ​ឲ្យ​លោក ទុន ឌៀ​ក រំលោភ​យក​ឆ្នេរ​សាធារណៈ​ធ្វើជា​កម្មសិទ្ធិ​នោះដែរ​។

មន្ត្រី​យោធា​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា លោក ទុន ឌៀ​ក ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៥ និង​ជា​អ្នករកស៊ី​បូម​ខ្សាច់​សមុទ្រ​លក់​នៅក្នុង​ខេត្ត​នេះ​ជា​យូរ​មកហើយ ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត​ដែល​គិតតែ​រឿង​ផលប្រយោជន៍​។ ចំណុច​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ គឺ​លោក ទុន ឌៀ​ក អះអាងថា​ខ្លួន​បាន​សុំច្បាប់​ពី​អាជ្ញាធរខេត្ត​រួចហើយ​ក្នុងការ​ចាក់ដី​លុប​ឆ្នេរ ប៉ុន្តែ​លោក ប៊ុន លើ​ត ជា​អភិបាល​ខេត្តកោះកុង បែរជា​អះអាងថា ខ្លួន​មិនដឹង​រឿងនេះ ហើយ​ចាំ​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​មើល​សិន​។ ប្រការនេះ​ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ អាច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្នុងការ​បើកដៃ​ឲ្យ​មន្ត្រី​យោធា​ស័ក្តិ​៥ ឈ្មោះ ទុន ឌៀ​ក ចាក់ដី​លុប​ឆ្នេរ​ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ក្រោមលេស​ទុក​សាងសង់​ផែ​ទូក ដូច្នេះ​ក្រសួង​ពាក់ព័ន្ធ​គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​៕

frdeaa2 hygtrbb1 gvfcaa2