សម្តេច​ហ៊ុន សែន ស្នើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក កែប្រែ​អត្តចរិត ដែល​ប្រមាថអាយុជីវិតសម្តេច

ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ទើបតែ​វិល​ត្រលប់​មកពី​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ក្នុងប្រទេស​សឹង្ហ​បូរី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ថា មាន​មនុស្ស​មួយចំនួន​ចង់​ឲ្យ​សម្តេច ស្លាប់ តាមរយៈ​ការផ្សាយ​ព័ត៌មាន​ប្រឌិត រហូត​បង្កើត​រូបភាព​បង្ហោះ​តាម​ប្រព័ន្ធ Facebook ថែម​ទៀតផង​។ ករណីនេះ សម្តេច​តេ​ជោ សែន បាន​អំពាវនាវ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ កែប្រែ​អត្ត​ច​រិ​ក ដែល​សម្តេច​អះអាងថា ជា​អត្ត​ច​រិ​កពាល នោះ​ចេញ​។

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានលើកឡើង​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា “​ខ្ញុំ​បាន​វិលត្រឡប់ មកដល់​មាតុភូមិ​វិញ បន្ទាប់ពី​បាន​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សឹង្ហ​បូរី​។ ជាមួយនឹង​ភាពរឹងមាំ​នៃ​សុខភាព​។ ឯកសារ​ច្រើនណាស់ ដែល​កំពុង​រង់ចាំ​ខ្ញុំ​ពិនិត្យ​សំរេច និង​ចុះហត្ថលេខា ព្រោះនេះ​ជា​បំណុល ដែល​ខ្ញុំ​ត្រូវ​សង បន្ទាប់ពី​អវត្តមាន​ប៉ុន្មាន​ថ្ងៃ​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ ដែល​បាន​ចូលរួម​កង្វល់​ចំពោះ​សុខភាព​ខ្ញុំ​តាមរយៈ​ការ​ជូនពរ​ដោយ​ចូលរួម​មតិ ចែករំលែក​ឬ​ចុច Like លើ Facebook ពេល​ខ្ញុំ​បង្ហោះ​ចេញពី​សាំង​កាពួ​"​។​

 សម្តេច​ហ៊ុនសែន បន្តថា "​សំរាប់​អស់លោក​មួយចំនួន​តូច ដែល​ចង់ឱ្យ​ខ្ញុំ​ស្លាប់​តាម​រយៈ​ការផ្សាយ​ព័ត៌មាន​ប្រឌិត រហូត​បង្កើត​រូបភាព​បង្ហោះ​តាម​ប្រព័ន្ធ Facebook សូម​ប្អូនៗ ឬ​ក្មួយៗ មេត្តា​កែប្រែ​អត្តចរិត​ពាល​នេះ ចេញទៅ ព្រោះ​វា​គ្មាន​ផល​ប្រយោជន៍ សំរាប់​អស់លោក​នោះឡើយ​។ តាម​ការស្រាវជ្រាវ អស់លោក គឺជា​សកម្មជន​នៃ​បក្សនយោបាយ ដែល​មេដឹកនាំ​របស់​អស់លោក​មួយចំនួន ជា​ជនពាល និង​ជា​ជន​បោកប្រាស់​អាជីព​។ ពួកគេ​បាន​ហ្វឹកហ្វឺន​តាមរបៀប​ក្មេង​ពាល ដែល​សង្គម​ស្អប់ខ្ពើម​។ ពេល​មាន​បញ្ហា​គេ​តែងតែ​រត់ចោលស្រុក និង​ទុកឱ្យ​ថ្នាក់ក្រោម​ជាប់គុក​ជំនួស​។ ប្អូនៗ ក្មួយៗ មិនមាន​ខាតបង់​អ្វី​នោះទេ ដោយ​គ្រាន់តែ​មិនបាន​ជេរប្រមាថ អ្នកដទៃ​នោះ​។ ផ្ទុយទៅវិញ​អស់លោក និង​ទទួលបាន​ផលចំណេញ ដោយ​មិនបាន​កសាង​អំពើ​បាប និង​មិនបាន​ជាប់គុក​ដោយសារ​តែ​មិនបាន​សាង​អំពើរ​ខុសច្បាប់​”​។​

​សូម​រម្លឹកថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​បណ្ឌិត បាន​អញ្ជើញ​ទៅពិនិត្យ​សុខភាព នៅ​ប្រទេស​សឹង្ហ​បូរី កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​។ បន្ទាប់ពី​សម្តេច​ទាំងពីរ បាន​អញ្ជើញ​ទៅដល់​ប្រទេស​សឹង្ហ​បូរី គឺ​បាន​ឲ្យ​គ្រូពេទ្យ​សាំង​កាពួ និង​កម្ពុជា ពិនិត្យ​សុខភាព​ដោយ​យកចិត្តទុកដាក់​។ គ្រូពេទ្យ​បានបញ្ជាក់​ថា សុខភាព​សម្តេច​ល្អ​ណាស់ និង​គ្មាន​ប្រភេទ​ជំងឺ​ណាមួយ ដែល​ត្រូវ​បារម្ភ​នោះទេ​។​

​បន្ទាប់ពី​ពិនិត្យ​សុខភាព​ពី​សំណាក់​គ្រូពេទ្យ​សាំង​កាពួ និង​កម្ពុជា រួច សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​។​

​ប៉ុន្តែ​ខណៈពេលដែល​សម្តេច កំពុង​ស្ថិតនៅ​ប្រទេស​សឹង្ហ​បូរី ពិនិត្យ​សុខភាព​នោះ គឺមាន​ក្រុម​ជន​អគតិ​មួយចំនួន បានធ្វើការ​ប្រឌិត​ព័ត៌មាន និង​កាត់ត​រូបភាព​ប្រមាថ ដល់​អាយុជីវិត​សម្តេច​៕​