ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

នៅ​ថ្ងៃ​ទី​២០ ខែមករា សភា​ជប៉ុន​បាន​អនុម័ត​ថវិកា​ចំនួន​៣៥០​លាន​ដុល្លារ ដើម្បី​យក​ទៅ​ប្រើប្រាស់​លើ​ផ្នែក​មនុស្សធម៌ និង​ជួយ​ដល់​ជនភៀសខ្លួន​អីុ​រ៉ា​ក់ និង​ស៊ី​រី ។ ទឹកប្រាក់​ជួយ​សង្គ្រោះ​មួយ​កញ្ចប់​ចុង​ក្រោយ​នេះ បាន​កើតឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជនភៀសខ្លួន​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស​ស៊ី​រី និង​អីុ​រ៉ា​ក់់​ក្នុង​ចំនួន​៨១០​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​។

អ្នកនាំពាក្យ​រដ្ឋសភា និង​មន្ត្រី​ក្រសួងការបរទេស​ជប៉ុន បង្ហើប​ឱ្យ​ដឹង​ថា ប្រាក់​ឧបត្ថម្ភ​៣៥០​លាន​ដុល្លារ ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ច្បាប់​ថវិកា​បំពេញបន្ថែម​សម្រាប់​ឆ្នាំ​សារ​ពើពន្ធ​បច្ចុប្បន្ន ដែល​បញ្ចប់​នៅ​ក្នុង​ខែមីនា​ឆ្នាំ​នេះ និង​ឆ្លងកាត់​ការ​យល់​ស្រប​ពី​សភា​រួចរាល់ ។ លោក​ហ្វ៊ូ​មី​អូ គី​ស៊ី​ដា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​បាន​បង្ហើប​ឱ្យ​ដឹង​ក្នុង​ឱកាស​ថ្លែង​ពី​គោលនយោបាយ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែមករា ថា កញ្ចប់​ថវិកា​ខាងលើ​នឹង​យក​ទៅ​ប្រើប្រាស់​សម្រាប់​ទ្រទ្រង់​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី និង​អីុ​រ៉ា​ក់់ ។

ជប៉ុន​នឹង​ប្រកាន់​ជំហរ​ក្នុង​កិច្ច​ព្យាយាម ពិសេស​លើ​ការ​ជួយ​សង្គ្រោះ​ផ្នែក​មនុស្សធម៌​សម្រាប់​ជនភៀសខ្លួន​ទាំងនោះ ដូច​ជា​ការ​ស្វែងរក​ម្ហូបអាហារ ទឹក និង​ការ​សិក្សា រួម​ទាំង​ជួយ​ទ្រទ្រង់​ស្ថិរភាព​នៅ​ដែនដី​ដែល​រួច​ផុត​ពី​ការ​គ្រប់គ្រង​ដោយ​ពួក​ភេរវកម្ម ។

លោក ហ៊្វូមី​អូ គី​ស៊ី​ដា បាន​បញ្ជាក់​ថា ជប៉ុន​ដែល​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ក្រុម​ប្រទេស​ឧស្សាហកម្ម​នាំមុខ​G7​នៅ​ក្នុងឆ្នាំនេះ នៅ​មាន​ផែនការ​លើកយក​បញ្ហា​ផ្សេង​ៗ​មក​ពិភាក្សា​នៅ​អង្គប្រជុំ​រួម​មាន ការ​បង្ក​ភេរវកម្ម​នៅ​បស្ចិមប្រទេស ជនភៀសខ្លួន និង​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស រួម​ទាំង​បញ្ហា​ផ្សេង​ៗ​ទៀត ៕