ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​មួយ​ចំនួន​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិនមិន​ខ្វល់ខ្វាយ​ ចំពោះ​បញ្ហា​ដំឡូង​មី​មានការ​ធ្លាក់​​តម្លៃ ហើយ​ថែម​ទាំង​មិន​​ព្រួយបារម្ភ​ចំពោះ​បញ្ហា​អាកាសធាតុ​រាំង​ស្ងួត​យូរ​ឡើយ ព្រោះ​ពួក​គាត់​ជ្រើសរើស​ពូជ​ដំឡូង​មី​ល្អ ធន់​នឹង​អាកាសធាតុ ហើយ​ថែម​ទាំង​ទទួល​ទិន្នផល​ខ្ពស់​ថែម​ទៀត​​ ពោល​គឺ​ចាប់ពី​៥៥​ ទៅ​៦០​តោន​ក្នុង​១​ហិ​កតា បើ​ដាំ​ប៉ះ​ចំ​ដី​មាន​ជីវជាតិ​ល្អ​អាច​ទទួលផល​ពី​៦០​ទៅ​៧០​តោន ខណៈ​ពូជ​ដំឡូង​មី​ដទៃ​ទៀត​​ទទួលផល​បាន​ត្រឹមតែ​២៥​ ទៅ​៣០​តោន ក្នុង​១​ហិ​កតា​ប៉ុណ្ណោះ ។

​បើ​តាម​ប្រជា​កសិករ ឈ្មោះប៊ុត កែវ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ប្រពន្ធឈ្មោះឡុ​ង ច្រូង អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យ​ដឹង​កាលពីរ​សៀល​ថ្ងៃ​ទី​២០ ​មករា​ ២០១៥ ​ថា កាលពី​ឆ្នាំ​២០១៣ គាត់​បាន​សុំ​ពូជ​ដំឡូង​មី​ម្យ៉ាង​ប្រភេទ​AM 089 ពី​បុរស​ម្នាក់ឈ្មោះអ៊ុ​ក ទូច ចំនួន​២​ដើម យក​ទៅ​ដាំ​សាកមើល ស្រាប់តែ​ទទួល​បាន​ទិន្នផល​ខ្ពស់​ក្នុង​១​គុម្ព ដក​បាន​ជាង​១០​គីឡូក្រាម ទើប​នៅ​ឆ្នាំ​២០១៤ គាត់​ដាំ​ជិត​កន្លះ​ហិ​កតា ។ លុះ​ប្រមូល​ផល​យក​ទៅ​ចិញ្ច្រាំ​ហាល​ស្ងួតថ្លឹង​បាន​ចំនួន​១៧​តោន ហើយ​នៅ​ឆ្នាំ​២០១៥​នេះ គាត់​ដាំរហូត​ដល់​១២​ហិ​កតា ហើយ​ក្នុង​១​ហិ​កតា​ទទួល​បាន​ផល​ចាប់ពី​៦០ ទៅ​៧០​តោន បើ​ទោះបីជា​រាំង​ស្ងួត​យូរ តែ​ដំឡូង​មី​គាត់​មិន​ងាប់​នោះ​ទេ ពោល​គឺ​ធន់​នឹង​កំ​ដៅ​ថ្ងៃ ។