ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ  ៖ នៅ​ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ​កម្ពុជា​២​រូប គឺ​ពេជ្រ ម្ទេសខ្មាំង និង​រឿង សោ​ភ័​ណ្ឌ នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ទៀត​ហើយ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ខណៈ​ដែល​គូប្រកួត​របស់​ពេជ្រ ម្ទេសខ្មាំង គឺ​រឹតតែ​មាន​ថាមពល​ធ្វើ​ឱ្យ​មានការ​តាមដាន ដោយសារ​តែ​កីឡាករ​រូប​នេះ ក្រៅពី​មាន​ទម្លាប់​ប្រកួត​អស់ពី​សមត្ថភាព ក៏​ជា​កីឡាករ​ដែល​ហ៊ាន​ទទួលស្គាល់​លទ្ធផល​ចាញ់ ឬ​ស្មើ ខុស​ពី​កីឡាករ​ល្បី​ខ្លះ​ដែល​ប្រកួត​មិនសូវ​បាន​ល្អ ប៉ុន្តែ​ពេល​ឱ្យ​ចាញ់ ឬ​ស្មើ​គឺ​ធ្វើ​សកម្មភាព​ឡាំប៉ា ឬ​មិន​ពេញចិត្ត​នាំ​ឱ្យ​មានការ​សើចចំអក និង​ហួសចិត្ត ។

កីឡាករ​ពេជ្រ ម្ទេសខ្មាំង ដែល​អ្នក​ណា​ក៏​ស្គាល់​ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​នៅ​ក្លិប​អរុណរះ​កីឡា នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Kong Sak ដែល​មិន​ធ្លាប់​បង្ហាញ​ខ្លួន​ទាល់តែ​សោះ​នៅ​លើ​សង្វៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ កីឡាករ​ទាំង​ពីរ​នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៤ មក​រា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​ជា​ព្រឹត្តិការណ៍​ប្រដាល់​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ។ កីឡាករ​កម្ពុជា​គូ​នេះ មានការ​ទទួលស្គាល់​ពី​សមត្ថភាព​ខ្លាំងក្លា​ច្រើន​មក​ហើយ បន្ទាប់​ពី​គេ​ជោគ​ជ័យ​ក្នុង​ការ​វាយ​ផ្ដួល​កីឡាករ​បរទេស​ល្អ​ៗ​ប្រកបដោយ​សមត្ថភាព និង​មិន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ផ្អែក​លើ​ខ្សែ​ទុយោ ឬ​ខ្នងបង្អែក​ណាមួយ ។

សរុប​ទាំង​ការ​ប្រកួត​ដែល​នឹង​ត្រូវធ្វើ​ឡើង​នេះ​ផង គឺជា​លើក​ទី​៦​ហើយ​របស់​ពេជ្រ ម្ទេសខ្មាំង​ដែល​បាន​ជួប​ថៃ ក្នុង​ពេល​ដែល​ការ​ប្រកួត​របស់​គេ​កន្លង​មក​គឺ​ឈ្នះ​ជាប់​ៗ​គ្នា​រហូត​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ ។ ជាក់ស្ដែង​មុន​នេះ​បន្តិច​គេ​ទើបនឹង​វាយ​កីឡាករ​ថៃ​ឈ្មោះ Deth Div ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ធ្វើ​ឱ្យ​មានការ​កោតសរសើរ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៥ ។

អ៊ីចឹង​ហើយ​ទើប​ការ​ប៉ះ​ប្រកួត​របស់​គេ​នៅ​ថ្ងៃ​អាទិត្យ​​នោះ ក៏​មាន​អ្នក​ទុកចិត្ត​មិន​ណ​យ​ដែរ ថា​ ពិតជា​ឈ្នះ​ បើ​ទោះជា​កីឡាករ Kong Sak​ដែល​មិន​ធ្លាប់​មក​ប្រកួត​ទាល់តែ​សោះ អាច​ជា​កីឡាករ​ខ្លាំង​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ។ ភាព​ជឿជាក់​របស់​មហាជន​កើតឡើង​បន្ទាប់​ពី​ពេជ្រ ម្ទេសខ្មាំង ត្រូវ​គេ​ស្គាល់​យូរ​មក​ហើយ​ថា ជា​កីឡាករ​ល្អ​កែង ខ្លាំង​ម៉ាត់ រហ័ស​ទាត់ និង​មាន​កម្លាំង​ស៊ុ​ហ្វ​ពេញ​ទាំងស្រុង​ក្នុង​ចំណោម​កីឡាករ​ដែល​ទើបនឹង​ឡើង​សន្ទុះ ។ កីឡាករ​រូប​នេះ ក៏​ត្រូវ​គេ​អះអាង​ថា មាន​ទម្លាប់​ហ្វឹកហាត់​ទៀងទាត់​ខុស​ពី​កីឡាករ​ល្បីឈ្មោះ​មួយ​ចំនួន​ដែល​មិនសូវ​ហ្វឹកហាត់ ដល់​ថ្ងៃ​ឡើង​រេញ​ក៏​មាន​សកម្មភាព​ប្រកួត​បែប​ប្រឡាំប្រកូវ​ព្រោះតែ​ហត់​ខ្លាំង លុះដល់​ពេល​គេ​ឱ្យ​ចាញ់​ឬ​ស្មើ​ក៏​បង្ហាញ​ទឹកមុខ​មិន​សប្បាយចិត្ត ។ កីឡាករ​ពេជ្រ ម្ទេស​ខ្លាំង​ធ្លាប់​អះអាង​ថា បើ​ទោះជា​គេ​មិន​មានការ​ផ្គូផ្គង​ឱ្យ​ឡើង​ប្រដាល់​ក៏​គេ​ចូល​ក្លិប​ហ្វឹកហាត់​មិនសូវ​ទំនេរ​ដៃ​នោះ​ដែរ​ដោយសារ​គេ​មិន​ចង់ឱ្យ​ភាព​ខ្លាំងក្លា​ធ្លាក់ដៃ ហើយ​ធ្វើ​ឱ្យ​បាត់​ទំនុកចិត្ត​គាំទ្រ​ក្នុង​ពេល​ការ​ប្រដាល់​នៅ​តែ​បន្ត​។

បើ​ទោះជា​បទ​ពិសោធន៍​ឡើង​ប្រកួត​មិន​ទាន់​ដល់​ខ្ទង់រយ ប៉ុន្តែ​បច្ចេកទេស​ក្នុង​ការ​វាយលុក​កីឡាករ​ជើង​ចាស់​ភាគច្រើន គឺ​យ៉ាប់​ក្នុង​ការ​វាយ​សម្រុក​នៅ​ពេល​កីឡាករ​រូប​នេះ​លោត​ខ្លាំង ។

លោក​ថៃ អ៊ូ បាន​អះអាង​ថា កីឡាករ Kong Sak​ធ្លាប់​ប្រកួត​បាន​៦៥​លើក ឈ្នះ​៥៤​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក ហើយ​សមត្ថភាព​របស់​កីឡាករ​រូប​នេះ​គឺ​អាច​កំដរ​កណ្ដាប់ដៃ និង​រន្ទះ​ជើង​ដ៏​រហ័ស​របស់​កីឡាករ​ពេជ្រ ម្ទេសខ្មាំង​បាន ។ ទោះបី​យ៉ាងណា លោក​ក៏​មិន​ហ៊ាន​ជឿជាក់​ប៉ុន្មាន​ដែរ ដោយសារ​តែ​ភាព​ជាក់ស្ដែង​លោក​ក៏​មាន​ទំនុក​ចិត្ត​ខ្ពស់​ទៅ​លើ​កីឡាករ​កម្ពុជា​រូប​នេះ​ច្រើន​ជាង​ដូច​គ្នា ។ លោក​និយាយ​ថា​៖ «​ខ្ញុំ្ញ​​ក៏​គិត​ថា​ខាង​ខ្មែរ​ល្អ​ជាង​ដែរ ប៉ុន្តែ​កីឡាករ​ថៃ (Kong  Sak) ដែល​ខ្ញុំ​យក​មក​ហ្នឹង​ក៏​ល្អ​ដែរ ព្រោះ​ការ​ប្រកួត​ជាមួយ​បរទេស និង​កីឡាករ​ក្នុងស្រុក​ប៉ុន្មាន​លើក​មុន​ខ្ញុំ​យក​មក គឺ​វាយ​បាន​ល្អ​មែនទែន​មិនមែន​ធម្មតា​ទេ​!»​។ លោក​ថា ការ​ប្រកួត​គូ​នេះ ទំនងជា​ល្អមើល​ខ្លាំង​ជាង​គូប្រកួត​អន្តរជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ដោយសារ​ពេជ្រ ម្ទេសខ្មាំង ក៏​ល្អ ហើយ​កីឡាករ​ថៃ​ក៏​លោត​ខ្លាំង ដែល​ការ​ប៉ះ​គ្នា​គឺ​ពិតជា​ជក់ចិត្ត​ចំពោះ​អ្នក​ទស្សនា ។

ចំណែក​កីឡាករ​រឿង សោ​ភ័​ណ្ឌ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​ខ្សែក្រវាត់​ម្នាក់​ក៏​នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ KhumPhath​ដែរ ។ អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ក្នុង​នាម​ជា​គូ​ឯក ប៉ុន្តែ​បើ​និយាយ​ពី​ការ​ចាប់អារម្មណ៍ គឺ​កីឡាករ​ពេជ្រ ម្ទេសខ្មាំង​មាន​កម្រិត​ទាក់ទាញ​អ្នក​ចង់​តាមដាន​ច្រើន​ជាង ។ រឿង សោ​ភ័​ណ្ឌ​ធ្លាប់​ប្រកួត​បាន​១៣៩​លើក ឈ្នះ​១២៦​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​១០៩​លើក ឈ្នះ​៨៨​លើក ចាញ់​១៨​លើក និង​ស្មើ​៣​លើក ។ ការ​ប្រកួត​របស់​កីឡាករ​កម្ពុជា និង​ថៃ​ទាំង​៤​រូប​ត្រូវ​គេ​ចង់​ដឹង​ច្រើន​ថា​គូ​ណា​ប្រកួត​អស់​សមត្ថភាព​ជាង និង​ប្រកួត​ស្វិតស្វាញ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ជក់ចិត្ត​ច្រើន​ជាង ។ ក្នុង​នោះ​អ្នក​ចាំ​ចាក់​ភ្នាល់​ក៏​ល្បី​ថា​ចាំ​អ៊ុត​មើល​លទ្ធផល​របស់​គូ​ទាំង​ពីរ​ដោយ​អន្ទះសារ​ផង​ដែរ ជា​ពិសេស​គូប្រកួត​រវាង​កីឡាករ​ជើង​ខ្លាំង​ពេជ្រ ម្ទេសខ្មាំង និង​កីឡាករ​ថៃ ។

នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ​ទី​២៣ មក​រា ខានស្អែក នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ក៏​មាន​គូប្រកួត​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​ដែរ​នៅ​ក្នុង​បរិវេណ​សាល​ប្រដាល់​ជ្រោយចង្វា​របស់​ស្ថាប័ន​នេះ​ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ៕