មន្ត្រី​ជំនាញ​នៅ​ច្រក​ភ្នំ​ដី​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​គ្មាន​គុណភាព​

លោក សុ ផល មន្ត្រី​កាំកុងត្រូល ច្រកទ្វារព្រំដែន​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គ្មាន​ការនាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​គ្មាន​គុណភាព​តាម​ច្រកទ្វារព្រំដែន​ភ្នំ​ដី​ដូច​ការចោទប្រកាន់​រប​ស់​ប្រជាពលរដ្ឋ​នោះទេ​។ ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​លោក សុ ផល បាន​ពន្យល់ថា​លោក​និង​មន្ត្រីក្រោមឱវាទ​បានធ្វើកា​រ​ត្រួតពិនិត្យ​តាម​ជំនាញ​ជា​រៀងរាល់ថ្ងៃ សំដៅ​ទប់ស្កាត់​មិន​ឲ្យ​ទំនិញ​ខូចគុណភាព និង​ទំនិញគេចពន្ធ​នាំចូល​ប្រទេស​កម្ពុជា​។ តែ​ការលើកឡើង​របស់លោក សុ ផល ត្រូវបាន​ប្រជាពលរដ្ឋ​បដិសេធ​។​

ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​រាយការណ៍​មក​ថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ក្រុម​ឈ្មួញ​បាន​ដឹកទំនិញ និង​ចំណី ត្រី សាច់​ជាច្រើន​ប្រភេទ​ដែល​ខូចគុណភាព​ឆ្លងកាត់​តាម​ច្រក​តំបន់ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន យកទៅ​ចែកចាយ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​។ ប្រភព​ដដែល​បាន​រៀបរាប់ថា គេ​មិនដែល​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ចេញមក​ធ្វើការ​ត្រួតពិនិត្យ​ឡើយ​ហើយ​ទំនិញ​ទាំងនោះ​មាន​ទឹកក្រូច ទឹក​ផ្លែឈើ​ផ្សេងៗ ពិសេស​គឺ​សាច់ជ្រូក និង​ត្រី ត្រូវបាន​ឈ្មួញ​នាំចូល​ទាំងយប់​ទាំង​ថ្ងៃ​ហើយ​ភាគច្រើន​មិនបាន​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។

​បើទោះជា​មន្ត្រី​ជំនាញ​នៅ​ច្រកទ្វារព្រំដែន​ភ្នំ​ដី​បាន​ព្យាយាម​ថ្លែង​ការពារ​ខ្លួន​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន បាន​បញ្ជាក់ថា ឈ្មួញ​ធំៗ​មន្ត្រី​ជំនាញ​មិន​ទាំង​ហ៊ាន​ទៅ​ក្បែរ ឬ​រុះរើ​ទំនិញ​គេ​ឡើយ គឺ​មានតែ​សម្រួល​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ដោយ​រលូន ខណៈ​ឈ្មួញ​តូចតាច​ត្រូវ​ក្រុមមន្ត្រី​ជំនាញ​បង្ក​ការរាំងស្ទះ​តាម​គ្រប់​រូបភាព​។ ចំពោះ​បញ្ហា​ខាងលើនេះ ត្រូវបាន​គេ​សង្ស័យថា កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ភ្នំ​ដី​ទទួលបាន​លាភសក្ការៈ​ពី​ឈ្មួញ ។​

​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​លើកឡើងថា​មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​នៅ​ក្រសួងពាណិជ្ជកម្ម​គប្បី​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះមក​ស៊ើបអង្កេត​ករណី​ខាងលើ​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ​ឲ្យ​ធ្វើ​ដូច​សព្វថ្ងៃនេះ​ទៀត ថវិកាជាតិ​ក៏​បាត់បង់ ប្រជាពលរដ្ឋ​ក៏​រងគ្រោះ​ដោយ​ការប្រើប្រាស់​ផលិតផល​គ្មាន​គុណភាព​៕

b d