លោក កឹម សុខា ទើប​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី

ភ្នំពេញ: ​លោក កឹម សុខា ប្រធានស្តីទី​គណ​​បក្ស​ប្រជាជន​កម្ពុជា បាន​ទៅធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​ថ្មី នៅ​ស្នងការដ្ឋាន​​នគរបាល រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​។ ឆ្លៀត​ក្នុងឱកាស​នោះ លោក កឹម សុខា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គ្រប់​អាយុ សម្រាប់​ការធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ ( ចាប់ពី​អាយុ ១៥ ឆ្នាំ​ឡើងទៅ ) សូម​អញ្ជើញ​ទៅធ្វើ​​អត្ដ​សញ្ញាណ​ប័ណ្ណ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជា​ឯកសារ​សម្គាល់​ខ្លួន ហើយ​ជាពិសេស ជា​ឯកសារ​សម្រាប់​ចុះ​​ឈ្មោះ​បោះឆ្នោត និង​ម្ចាស់​បោះ​ឆ្នោត​។

​លោក កឹម សុខា ក៏​សូម​អំពាវនាវ​ដល់​នគ​របាល ដែលមាន​ភារកិច្ច​ធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ សូម​មេ​ត្ដា​សម្រួល​ដល់​ប្រជាពលរដ្ឋ អាចធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​នេះ បាន​គ្រប់ៗ​គ្នា និង​ឲ្យ​បាន​ទាន់ពេលវេលា​។​

​សូម​រម្លឹកថា សម្តេច​ក្រឡាហោម ស ខេង បានចេញ​ប្រកាស​កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៤ ស្តីពី​ការយក​ថ្ងៃ​អាករ​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ ពោលគឺ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ទាំង​អ្នកធ្វើ​ថ្មី និង​ទាំង​អ្នក​ទៅ​ប្តូរ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​ផុតកំណត់ ត្រូវ​បង់ថ្លៃ​ចំនួន ១​ម៉ឺន​រៀល​។

​គេ​អាច​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៅតាម​អធិការដ្ឋាន​នគរបាល​ស្រុក​ខណ្ឌ​ក្រុង ឬក៏​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រាជធានី​។ ក្រៅពីនោះ នៅតាម​ឃុំ​សង្កាត់ ក៏មាន​ការកំណត់​ពេល​វេលា ដែល​មន្ត្រីនគរបាល ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ដល់​ប្រជាពលរដ្ឋ​ផងដែរ​៕​

លោក កឹម សុខា ទើប​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី
លោក កឹម សុខា ទើប​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី