តើ កឹម សុខា អាចដឹកនាំ CNRP ដោយ​គ្មាន សម រង្ស៊ី បានទេ​?

ភ្នំពេញ: ​នៅពេល​ចុះ​ជួប​សកម្មជន​របស់ខ្លួន នៅក្នុង​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ លោក កឹម សុខា ត្រូវបាន​គេ​មើលឃើញថា កំពុង​ទាញយក​សមានចិត្ត​ពី​សកម្មជន​ថ្នាក់មូលដ្ឋាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​គោលដៅ​ដឹកនាំ និង​ក្តាប់​អំណាច​បក្ស​ជំនួស​មេបក្ស ដែល​កំពុង​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​។​

​គណបក្ស​មួយ ប្រាកដ​ណាស់​ថា មិនអាច​គ្មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​នោះទេ​។ ដូចគ្នានេះដែរ ការ​អវត្តមាន​របស់លោក សម រង្ស៊ី ដែលជា​ប្រធាន​គណបក្ស គឺជា​ឱកាស​មាស ឱកាស​ប្រាក់ សំរាប់​លោក កឹម សុខា អនុវត្ត​ផែនការ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គ្មាន​លោក សម រង្ស៊ី បើទោះបី​លោក កឹម សុខា ធ្លាប់បាន​អះអាង​ជា​ញយ​ដង​ថា ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​មិនមាន​ការបែកបាក់ និង​គ្មាន​ផែនការ​បក្ស​ប្រហារ​ក៏ដោយ ក៏​សកម្មជន​ជើង​ក្រោម​នៅ​ថ្នាក់មូលដ្ឋាន រហូតដល់​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ការ​នាយ​ក​របស់​បក្ស បាន​ចាក់ចេញ​ជា​បន្តបន្ទាប់​ទៅ​បង្កើត​បក្ស​ថ្មីៗ ដោយសារតែ​អ្នក​ទាំងអស់នោះ អស់ជំនឿ​លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​បើទោះបីជា​ធ្លាប់ បានប្រកាសថា មិនមាន​បក្ស​ប្រហារ ឬក៏​ចង់​កាន់អំណាច​ក្នុង​បក្ស​តែម្នាក់ឯង​ក៏ដោយ ប៉ុន្តែ​សកម្មភាព​របស់លោក កឹម សុខា បានបង្ហាញ​យ៉ាងច្បាស់ ក្នុង​អនុវត្ត​ផែនការ​លេប​ត្របាក់​យក​គណបក្ស​សង្គ្រោះ​ជាតិ​។

​លោក កឹម សុខា បានរៀបចំ​សេណា​រី​យូ​មួយ​ច្បាស់លាស់ ដោយបាន​ចាត់តាំង​មនុស្ស​ជំនិតៗ​របស់ខ្លួន ខាង​កូតា​សិទ្ធិមនុស្ស​ឲ្យ​កាន់​តួនាទី និង​មាន​តំណែង​សំខាន់ៗ នៅក្នុង​គណបក្ស​តាំងពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់មូលដ្ឋាន​។​

​នៅ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​១៧ មករា លោក កឹម សុខា បាន​ចុះ​ជួប​អ្នកគាំទ្រ​នៅ​ថ្នាក់មូលដ្ឋាន​។ នៅពេល​ប្រកាស​ពី​ការជ្រើសរើស និង​ចំរាញ់​យកឈ្មោះ​សមាជិក ដើម្បី​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​ឃុំ​នៅ​កំពង់ចាម គេ​ឃើញ​លោក កឹម សុខា ហាក់​មិនបាន​រុញ​រា​ឡើយ​ក្នុង​ការបង្ហាញ​ពី​ចេតនា​របស់ខ្លួន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​សកម្មជន​ដែលមាន​មុខតំណែង និង​កំពុង​បំពេញ​តួនាទី​ភាគច្រើន​លើសលុប​មកពី​ខាង​កូតា​គណបក្ស​សមរង្ស៊ី ឲ្យ​លះបង់​មុខតំណែង និង​តួនាទី ផ្ទេរ​ទៅ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​។

​ក្រោមលេស​ផ្ទេរតំណែង​ទៅ​ឲ្យ​យុវជន​ជំនាន់​ក្រោយនេះ មានន័យថា ស្មើនឹង​ការដក​តួនាទី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កូតា​សមរង្ស៊ី ដាក់ជំនួស​មកវិញ ដោយ​កូតា​សិទ្ធិមនុស្ស ជា​បេក្ខភាព​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​២០១៧ ខាងមុខនេះ​។

​ពិតណាស់ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​បង្កើតឡើង ដោយ​ការច្របាច់បញ្ចូលគ្នា​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។
​    ​
​ដូច្នេះ វាសរ​បញ្ជាក់ថា នៅពេល​អវត្តមាន​រប​ស់លោក សម រង្ស៊ី ជា​ប្រធាន​បក្ស នៅក្នុង​ប្រទេស មានន័យថា លោក កឹម សុខា ប្រធានស្តីទី មានអំណាច និង​មាន​សិទ្ធិ​ពេញលេញ​ស្របច្បាប់​នៅក្នុង​បក្ស ក្នុងការ​ចាត់តាំង និង​រៀបចំ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​គណបក្ស​ឡើងវិញ​។

​ដូច្នេះ​ចង់​មិន​ចង់ លោក កឹម សុខា នឹង​រៀបចំ​សមាសភាព​មនុស្ស​ជំនិតៗ​របស់ខ្លួន ឲ្យ​កាន់តំណែង​សំខាន់ៗ​នៅក្នុង​បក្ស​ដើម្បី​ជំរុញ និង​គាំទ្រ​លោក កឹម សុខា ឲ្យ​ឡើង​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បើទោះជា​លោក សម រង្ស៊ី ហ៊ាន​វិល​ត្រឡប់មក​ក្នុងប្រទេស​ក៏ដោយ ក៏​លោក សម រង្ស៊ី នឹងត្រូវ​ជាប់ពន្ធនាគា​រ ពាក់ព័ន្ធ​ទៅនឹង​ពាក្យបណ្តឹង​ជាច្រើន​ដែល​កំពុង​រុំ​ព័ទ្ធ​លោក​ប្រធាន​បក្ស​មួយ​នេះ​។

​ក៏ប៉ុន្តែ​សំណួរ​សួរថា តើ​លោក កឹម សុខា អាចដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​តែម្នាក់ឯង ដោយ​គ្មាន សម រង្ស៊ី បានទេ​? បើ​មួយចំណែក​ជា​មនុស្ស​របស់លោក សម រង្ស៊ី និង​របស់​គណបក្ស​ស​ម រង្ស៊ី​។ ទាំងនេះ គឺ​សុទ្ធសឹង​ជា​បញ្ហា​ប្រឈម​ធំៗ និង​លំបាក​ស្មុ​គ្រ​ស្មាញ​របស់លោក កឹម សុខា ដែល​ត្រូវ​ដោះស្រាយ​៕​