ក្រុមចោរ​សាំ​ម៉ូ​រ៉ៃ ដេញ​កាប់​ប្លន់​ម៉ូតូ​របួស​ម្នាក់ តែ​មិនបាន​សម្រេច

ភ្នំពេញ: បុរស​ពីរ​នាក់​បងប្អូន ត្រូវបាន​ជនសង្ស័យ​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូរ៉ៃ ដេញ​កាប់​ប្លន់​យក ម៉ូតូ​មួយគ្រឿង​មិនបាន​សម្រេច តែ​បណ្តាល​ឲ្យ​បុរស​ជា​ប្អូនរងរបួស​ឈាម ហូរ​ជោក​ខ្លួន​។​

​ដែល​ហេតុ​ការដេញ​កាប់​ប្លន់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត​១២​យប់​ថ្ងៃទី​២០ខែមករា ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

 រងគ្រោះ​បាន​រៀបរាប់​ទាំង​ឈឺ​ចុកចាប់​ថា មុន​កើតហេតុ ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកSuzuki let’s ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FF-9260 ទៅ​ដឹកយក​បងប្រុសចេញពី​ធ្វើការ ត្រឡប់មក​ផ្ទះជួល​វិញ ដោយ​ជិះ​តាមផ្លូវ​២៧១ លុះ​ជិះ​មកដល់ផ្លូវ​២០០៤​បាន​ប្រហែល​មួយ​​គីឡូម៉ែត្រ ក៏​លេចមុខ​ជនសង្ស័យ​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ ដេញ​កាប់​ប្លន់​តែម្តង​។ ពេលនោះ​ក្រុមចោរ​បាន​កាប់​ចំ ជនរងគ្រោះ​ជា​ប្អូន​ត្រង់​ក្បាល និង​ខ្លួន​រីឯ​បងប្រុស មិន​ត្រូវបាន​ក្រុមចោរ​កាប់​នោះទេ​។​

​ជនរងគ្រោះ​បាន​បន្តទៀតថា ដោយសារ​កន្លែង​ដែល​ក្រុមចោរ​ដេញ​កាប់​នោះ មានមនុស្ស​ច្រើន ធ្វើ​ឲ្យ​ពួកគេ​ទាំងពីរ​នាក់​បងប្អូន​បាន​ផ្តួល​ម៉ូតូ​​ចោល រួច​រត់​ស្រែកហៅ​ឲ្យ​គេ​នៅក្បែរនោះ​ជួយ ពេល​ឃើញ​មាន​មនុស្ស​ច្រើន​ចេញមក​ជួយ ធ្វើ​ឲ្យ​ក្រុមចោរកាប់​ប្លន់​ទាំង​៦​នាក់​នោះបាន ជិះ​ម៉ូតូ​រត់ចេញ​ទៅវិញ​អស់​ទៅ បន្សល់ទុកនៅតែ​ជនរងគ្រោះ ដែល​រងរបួស និង​ម៉ូតូ​នៅ​កន្លែងកើតហេតុ​តែប៉ុណ្ណោះ​។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បាន​ចុះទៅ​សួរនាំ​ជនរងគ្រោះ​ភ្លាមៗដើម្បី​ងាយស្រួល​ក្នុងការ​ស្រាវជ្រាវ​និង​ចាប់​មុខ​សញ្ញា​ក្រុមចោរ​ទាំងនោះ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

ក្រុមចោរ​សាំ​ម៉ូ​រ៉ៃ ដេញ​កាប់​ប្លន់​ម៉ូតូ​របួស​ម្នាក់ តែ​មិនបាន​សម្រេច

ក្រុមចោរ​សាំ​ម៉ូ​រ៉ៃ ដេញ​កាប់​ប្លន់​ម៉ូតូ​របួស​ម្នាក់ តែ​មិនបាន​សម្រេច