ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ចំនួន​១៥៤​គ្រួសារ​នៅ​ភូមិ​ត្រស់ និង​ភូមិ​តា​សេក ឃុំ​ត្រស់ ស្រុក​រមាស​ហែក បាន​អំពាវនាវ​សុំ​ឲ្យ​អន្តរាគមន៍​បើកទឹក​ព្រែក​ត្រស់ ដែល​ក្រុមហ៊ុន​វៀតណាម​បាន​លើក​ទំនប់​ទប់​ផ្នែក​ខាងលើ​ធ្វើ​ឲ្យ​ព្រែក​ខាងក្រោម​រីងស្ងួត​គ្មាន​ទឹក ប៉ះពាល់​ដល់​គោក្របី​អ្នក​ភូមិ​គ្មាន​ទឹក​ផឹក និង​ប្រើប្រាស់​ក្នុងភូមិ ហើយ​បើ​កន្លះ​ខែ​ទៀត​នៅ​តែ​គ្មាន​ដំណោះស្រាយ​ទេ​នោះ​គោក្របី​ពួក​គាត់​ពិតជា​ឈឺ​ងាប់​អស់​ជា​មិន​ខាន ។

ការ​អំពាវនាវ​រក​ការ​ជួយ​អន្តរាគមន៍​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា នៅ​ភូមិ​ត្រស់ ឃុំ​ត្រស់ ស្រុក​រមាស​ហែក ។ បើ​តាម​លោក សួ​ស សា​វី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្រស់ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វៀតណាម​បាន​ជួល​ដី​ពី​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់ ពាម​ជាំ​ង ស្វាយ​រៀង ដាំ​អំពៅ​នៅ​ក្នុង​ឃុំ​ត្រស់ រាប់​ពាន់​ហិ​កតា ហើយ​ក្រុមហ៊ុន​វៀតណាម​បាន​លើក​ទំនប់​ទប់ទឹក​ព្រែក​ត្រស់​ចំនួន​២​កន្លែង បណ្តាល​ឲ្យ​ព្រែក​នៅ​ផ្នែក​ខាងក្រោម​ចម្ងាយ​៣​ពាន់​ម៉ែត្រ​រីង​គ្មាន​ទឹក ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​១៥៤​គ្រួសារ​ដែល​ប្រើប្រាស់​សម្រាប់​ឲ្យ​គោក្របី​ផឹក​នៅ​រដូវក្តៅ​នេះ ។

លោក សួ​ស សា​វី បន្ត​ថា ព្រែក​ត្រស់​នេះ​មាន​ប្រវែង​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ជា​ព្រែក​ដែល​មាន​ទឹកផុស​ជប់​ចេញពី​ក្រោម​ដី​មក​ខួបប្រាំងខួបវស្សា បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ចំនួន​៥​ភូមិ​ក្នុង​ឃុំ​ត្រស់​រក​ត្រី និង​នៅ​រដូវប្រាំង​ប្រជាពលរដ្ឋ​យក​គោក្របី​មក​ឃ្វាល​និង​ឲ្យ​គោក្របី​ផឹក ។ ស្រាប់តែ​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ក្រុមហ៊ុន​វៀតបាន​យក​អេ​ស្កា​វ៉ា​ទ័​រម​ក​ជីកដី​លើក​ទំនប់​ទប់​ព្រែក​ចំនួន​២​កន្លែង ទី​១-​នៅ​ចំណុច​ព្រែក​ត្រស់​ខាងជើង​ស្ពាន​ត្រស់​ប្រមាណ​១០០​ម៉ែត្រ និង​ទី​២-​នៅ​ចំណុច​ស្ពានដែក​ទប់​លូ​ព្រែក​មក​ពី​ភូមិ​តា​សួ​សម​កភូមិ​ត្រស់ ដើម្បី​បង្ហៀរទឹក​ដាក់​ចម្ការ​អំពៅ​របស់​គេ ។

ដោយសារ​ការ​ទប់​នេះ ធ្វើ​ឲ្យ​ដងព្រែក​ខាងក្រោម​ក្នុងភូមិ​ត្រស់ និង​ភូមិ​តា​សេក​រីង​គោក​គ្មាន​ទឹក និង​ក្នុង​ខែមករា ឆ្នាំ​២០១៦ នេះ គឺ​ខ្វះ​ទឹក​ឲ្យ​គោក្របី​ផឹក ហើយ​បើ​គ្មាន​ដំណោះស្រាយ​ទេ នោះ​កន្លះ​ខែ​ទៀត​គោក្របី​ពួក​គាត់​ពិតជា​ឈឺ​ងាប់​អស់​ដោយសារ​តែ​គ្មាន​ទឹក​ផឹក និង​គ្មាន​ទឹក​ឲ្យ​ក្របី​ដេក​ពេល​ថ្ងៃ​ក្តៅ ។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ អ្នក​ភូមិ​ត្រស់​ម្នាក់់​ឈ្មោះ​សួង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គាត់​មាន​គោ​ចំនួន​១២​ក្បាល ហើយ​រយៈពេល​មួយ​ខែ​មក​ហើយ​ដែល​ខ្វះ​ទឹក​ឲ្យ​គោ​ផឹក ត្រូវ​ដឹកគោ​ទៅ​ទន្លេ​ហើយ​ដង​ឲ្យ​ផឹក​ពិបាក​ខ្លាំង​ណាស់ ។ ទន្លេ​នៅ​ឆ្ងាយ​ក្បែរ​ព្រំដែន​ឯណោះ​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​ភូមិ បើ​ដេញ​ចូល​ទៅ​ព្រែក​ខា​លើ​ក្រុមហ៊ុន​ចម្ការ​អំពៅ​មិន​ឲ្យ​ចូល ។ បច្ចុប្បន្ន​គោ​របស់​គាត់​ចុះ​ស្គម និង​ឈឺ ហើយ​ក៏​មាន​គោ​អ្នក​ភូមិ​ផ្សេង​ទៀត​ឈឺ​ងាប់​អស់​ជា​ច្រើន​ក្បាល​ទៀត​ផង ។ បញ្ហា​នេះ ប្រជាពលរដ្ឋ​និង​លោក​មេ​ភូមិ​បាន​ប្តឹង​ទៅ​លោក​មេឃុំ និង​បាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​ថ្នាក់​ស្រុក​មួយ​ខែ​មក​ហើយ ក៏​ប៉ុន្តែ​គ្មាន​ដំណោះស្រាយ ។
លោក​អធិការ​នគរបាល​ស្រុក​រមាស​ហែក​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​មួយ​ខែ​មក​ហើយ និង​បាន​សំណូមពរ​ឲ្យ​លោក​អភិបាលស្រុក ជួយ​ដោះស្រាយ​ឲ្យ​ក្រុមហ៊ុន​បើកទឹក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខាងក្រោម​បាន​ប្រើប្រាស់​វិញ ក៏​ប៉ុន្តែ​លោក​អភិបាលស្រុក​មិន​ទាន់​បាន​ដោះស្រាយ ។

រីឯ​មន្ត្រី​នគរបាល​មួយ​រូប​បង្ហើប​ថា កាលពី​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់ ពាម​ជាំ​ង ស្វាយ​រៀង​របស់​ក្រុមហ៊ុន​អាន​ម៉ារ​ឌី​គ្រុប គ្រប់គ្រង គឺ​មិន​ដែល​មាន​បញ្ហា​ទេ ទើបតែ​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ដាំ​អំពៅ​នៅ​ឆ្នាំ​២០១៥-២០១៦ នេះ វៀតណាម​លើក​ទំនប់​ទប់​ព្រែក និង​ជីក​ប្រឡាយ​ជុំវិញ​ចម្ការ​អំពៅ​ក៏​បង្ក​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ។ ពេល​សមត្ថកិច្ច​ទៅ​ទាក់ទង​រក​ដំណោះស្រាយ វៀតណាម​គេ​ឆ្លើយ​យ៉ាង​ខ្លី​ថា «​ខុ​ង​បៀត​» ។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ លោក ពេញ ជា​អភិបាលស្រុក​រមាស​ហែក មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័​ថា លោក​បានដឹង​ហើយ​ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ប៉ែក​ខាងលើ​គាំទ្រ​ឲ្យ​ទប់​ព្រែក​រក្សា​ទឹក​ទុក រីឯ​ប្រជាពលរដ្ឋ​នៅ​ខាងក្រោម​ស្រែក​ឲ្យ​បង្ហូរទឹក​ទៅ​ក្រោម ហើយ​ក្រុមហ៊ុន​គេ​ត្រូវការ​ទឹក​បង្ហៀរ​ដាក់​ចម្ការ​អំពៅ​ទើប​ពិបាក​ដោះស្រាយ ដូច្នេះ​ចាំ​លោក​ចាត់​កម្លាំង​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ពី​ស្ថានភាព​នោះ ។

ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​១៥៤​គ្រួសារ នៅ​ភូមិ​ត្រស់ និង​ភូមិ​តា​សេក ដែល​នៅ​ព្រែក​ខាងក្រោម សំណូមពរ​សុំ​ឲ្យ​ក្រុមហ៊ុន​កាយ​បង្ហូរទឹក​ព្រែក​ទាំង​២​កន្លែង ហើយ​សុំ​ឲ្យ​ក្រុមហ៊ុន​ទៅ​ទប់​ទំនប់​នៅ​ជាប់មាត់​ទន្លេ​ឯ​ព្រំដែន​កម្ពុជា​-​វៀតណាម គឺ​បាន​ទឹក​ប្រើប្រាស់​ទាំងអស់​គ្នា ៕