កូន​ខ្មែរ​មោទកភាព ក្រោយ​ “ល្បែង​ទាញ​ព្រ័ត្រ” ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ

កូន​ខ្មែរ​មោទកភាព ក្រោយ​ “ល្បែង​ទាញ​ព្រ័ត្រ” ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ

ក្រុម​យុវវ័យ​បាន​សម្ដែង​ក្ដី​រីករាយ​ក្រោយ​ពី​តំណាង​អង្គការ​យូណេស្កូ​ប្រគល់​វិញ្ញាបនបត្រ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ដល់​កម្ពុជា ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សារមន្ទីរជាតិ​កម្ពុជា​ព្រឹក​មិញ។

 

លោក សួន សុភា និស្សិត​ឆ្នាំ​ទី ៤ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ផ្នែក​បុរាណ​វិទ្យា បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ ដោយ​ថា ការ​ចុះ​បញ្ជី​ “ល្បែង​ទាញ​ព្រ័ត្រ” ចូល​ក្នុង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ គឺជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ពិភព​លោក​កាន់​តែ​ស្គាល់​ខ្មែរ ហើយ​ថា ល្បែង​ទាញ​ព្រ័ត្រ​ កាន់តែ​គង់វង្ស​ ដោយ​គ្រប់​គ្នា​ចូលរួម​ថែរក្សា។

 

កញ្ញា បញ្ញា និស្សិត​នៃ​សាកល​វិទ្យា​ភូមិន្ទ​វិចិត្រ​សិល្បៈ បាន​បញ្ចេញ​មតិ​ដែរ​ថា ពិភព​លោក​កាន់​តែ​ស្គាល់​ខ្មែរ​ថែម​ទៀត​ ខណៈ​ដែល​ខ្មែរ​មាន​សម្បត្តិ​បេតិកភណ្ឌ​ជាច្រើន​ ដែល​បាន​ធ្លាប់​បញ្ចូល​កាល​ពី​ពេល​កន្លង​មក​ និង​ ត្រៀម​បញ្ចូល​វត្ថុ​បុរាណ​ផ្សេង​ៗ​​ទៀត​ទៅ​ក្នុង​បេតិកភណ្ឌ​ពិភព​លោក។

 

កូន​ខ្មែរ​មោទកភាព ក្រោយ​ “ល្បែង​ទាញ​ព្រ័ត្រ” ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ

 

ផ្អែក​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​វប្បធម៌​ និង វិចិត្រ​សិល្បៈ​ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១៣ មាន​ប្រទេស ៤ គឺ​ ប្រទេស​កម្ពុជា សាធារណរដ្ឋ​កូរ៉េ វៀតណាម និង ហ្វីលីពីន ដែល​មាន​ល្បែង​នេះ បាន​ផ្ដួច​ផ្ដើម​រួម​សហការ​គ្នា​ យ៉ាង​ជិត​ស្និទ្ធ​រៀប​ចំ​ឯកសារ​​ដាក់​ស្នើ​ចុះ​បញ្ចូល​ល្បែង​ទាញព្រ័ត្រ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ។

 

ទាក់ទិន​នឹង​បញ្ហា​នេះ ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្រ្តី​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​​ “ល្បែង​ទាញព្រ័ត្រ”​បញ្ចូល​ក្នុង​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ កាល​ព្រឹក​មិញ​នេះ​ថា ប្រទេស​បី​ផ្សេង​ទៀត​ ដែល​មាន​ល្បែង​ទាញ​ព្រ័ត្រ​ដូច​កម្ពុជា ដែល​មាន​ន័យ​ថា ប្រពៃណី​ដូច​គ្នា អនុសញ្ញា​អន្តរជាតិ​ឆ្នាំ ២០០៣ ក៏​អនុញ្ញាត​ឲ្យ​ចូល​ជា​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ។

 

 

កាល​ពី​ថ្ងៃ​ទី ២ ខែ​ធ្នូ ឆ្នាំ ២០១៥ កន្លង​ទៅ​​នៅ​ទី​ក្រុង​វិនឌុក ប្រទេស​ណាមីប៊ី គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូណេស្កូ បាន​សម្រេច​ឲ្យ​ “ល្បែង​ទាញ​ព្រ័ត្រ” ចូល​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ​ តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​ទាំង​ ៤ គឺ​ កម្ពុជា វៀតណាម សាធារណរដ្ឋ​កូរ៉េ និង ហ្វីលីពីន៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា