កម្ពុជាទទួល​វិញ្ញាបនបត្រ ទទួលស្គាល់​ការដាក់បញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីមនុស្សជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះក្រសួងវប្បធម៌ និងវិចត្រសិល្បៈ បានរៀបចំពិធីប្រគល់ វិញ្ញាបនបត្រទទួលស្គាល់ ការចុះបញ្ចូលល្បែងទាញព្រ័ត្រ ចូលក្នុងបញ្ជីតំណាង បេតិកភណ្ឌមនុស្សជាតិ ដោយអង្គការយូណេស្កូ នៅកម្ពុជា ។

ពិធីប្រគល់ជាផ្លូវការ នូវវិញ្ញាបនប័ត្រ ទទួលស្គាល់ល្បែងទាញព្រ័ត្រ ចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌ អរូបីនៃមនុស្សជាតិ ថ្ងៃនេះធ្វើឡើងក្រោម អធិបតីភាព លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដែលធ្វើឡើងនាសារៈមន្ទីរជាតិនេះ លោកស្រី ភឿង សកុណាបានថ្លែងថា “ ល្បែងទាញព្រ័ត្រជាល្បែង ដែលគេលេងជា សមូហភាពប្រើកម្លាំងរួមគ្នា ដើម្បីបង្ហាញនូវសាមគ្គីភាព ជាក្រុមរវាងក្រុមពីរហើយ មើលទៅហាក់ដូចជាដណ្តើមគ្នា យករៀងៗខ្លួន តែធាតុពិតគឺជាល្បែងក្នុង កិច្ចសាសនាបង្ហាញពី ការរួបរួមគ្នារវាងក្រុមទាំងពីរ ធ្វើឲ្យកើតមាននូវភាព សម្បូរណ៍សប្បាយ ចម្រុងចម្រើន និងសុខដុមរមនាក្នុងសង្គម” ។

លោកស្រី ក៏បានអំពាវនាវ ដល់សាធារណជន ទាំងជនរួមជាតិ និងមិត្តបរទេសទាំងឡាយ សូមមេត្តាជួយលើកតម្កើង និងថែរក្សាការពារបេតិកភណ្ឌ វប្បធម៌រូបី និងអរូបីដែលកំពុង ប្រឈមនូវផលប៉ះពាល់ និងបាត់បង់ក្នុងចរន្តសាកល ភាវូបនីយកម្មនាពេលបច្ចុប្បន្ន ។

ការប្រគល់វិញ្ញាបនបត្រ ទទួលស្គាល់ការចុះបញ្ចូល ល្បែងទាញព្រ័ត្រចូល ក្នុងបញ្ជីតំណាងបេតិកភណ្ឌ មនុស្សជាតិនេះ គឺជាមោទនភាពដែល កើតចេញពីការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹងនាំ ប្រកបដោយគតិបណ្ឌិត ប្រកាន់យកនូវ នយោបាយបង្រួមបង្រួមជាតិ និងតែងតែយកចិត្ត ទុកដាក់ក្នុងការលើកស្ទួយ កិត្តិយសជាតិលើឆាកអន្តរជាតិ និងថែរក្សាការពារនូវ សម្បត្តិវប្បធម៌ខ្មែរ ទាំងរូបីនិងអរូបី ។

សូមបញ្ជាក់ថា ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិកាល ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេស ណាមីប៊ី ដោយគណៈកម្មការអន្តរ រដ្ឋាភិបាលនៃអង្គការ យូណេស្កូ ។ តាំងពីឆ្នាំ២០១៣ មានប្រទេស៤ គឺប្រទេសកម្ពុជា សារធារណៈរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីនដែលមាន ល្បែងនេះបានផ្តួចផ្តើមរួម សហការគ្នាយ៉ាងជិតស្និទ្ធ រៀបចំឯកសារដាក់ស្នើចុះ ល្បែងទាញព្រ័ត្រចូលក្នុង បញ្ជីបេតិកភណ្ឌ វប្បធម៌ អរូបីនៃមនុស្សជាតិ ៕

កម្ពុជាទទួល​វិញ្ញាបនបត្រ ទទួលស្គាល់​ការដាក់បញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីមនុស្សជាតិ