ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​​នៅ​ភូមិ​ត្រស់ ឃុំ​ត្រស់ ស្រុក​រមាស​ហែក កំពុង​ជួប​បញ្ហា​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់​ធ្ងរ ជា​ពិសេស​កុមារ​តូច​ៗ ដែល​បង្ក​ឡើង​​ដោយ​​រថយន្ត​ធំ​ៗដឹក​អំពៅ​​របស់​ក្រុមហ៊ុន​ឯកជន​មួយឈ្មោះ​ចំការកៅស៊ូ​ជប់​ពាម​ជាំ​ង​​ខេត្តស្វាយរៀង ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​ដឹក​ដើម​អំពៅ​​រាប់​សិប​ជើង​យក​ទៅ​លក់​នៅវៀតណាម​​ ។

​អ្នក​ភូមិ​​រស់នៅ​ក្នុងភូមិ​ត្រស់ ដែល​មាន​​​លំនៅ​​ឋាន​​ជាប់​នឹង​ផ្លូវ បានឱ្យ​ដឹង​ថា ពួក​គាត់​មានការ​ពិបាកទ្រាំ​​​​រស់​នៅ​​យ៉ាង​ខ្លាំង ដោយសារ​តែ​ផ្លូវ​ក្រាល​​ក្រួស​ក្រហម​នៅ​ក្នុ​ង​ភូមិ​ ​ខណៈ​ពេល​​​រថយន្ត​​ដឹក​ដើម​​អំពៅ​ឆ្លងកាត់​ម្តង​ៗ ពួក​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ​​ដូច​ជា ​ពេល​​​ហូប​បាយ ​ពេល​​​ធ្វើ​ដំណើរ​... ​​ជា​ដើម ។ ដោយឡែក​ ផ្ទះសម្បែង ពាងទឹក... គ្រប​ដណ្តប់​ទៅ​ដោយ​ធូលីដី​ ​​​​ចំណែក​ក្មេង​​តូច​ៗ​​កើត​​មាន​ជំងឺ​​ខាង​ផ្លូវដង្ហើម​គ្រប់ៗគ្នា​ ។

​ពួក​គាត់​មិន​ទាមទារ​ឱ្យរថយន្ត​ធុន​ធំ​ដែល​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​បញ្ឈប់​ការ​ធ្វើ​ចរាចរណ៍​នោះ​ទេ ​ប៉ុន្តែពួក​គាត់​គ្រាន់តែ​សុំ​សំណូមពរ​ឱ្យ​ខាង​ក្រុមហ៊ុន​មេត្តា​​ដឹក​ទឹក​​ជួយ​ស្រោច​ផ្លូវ​ផង យ៉ាង​ហោច​ណាស់​ក៏​បាន​៣​ដងក្នុង​មួយ​ថ្ងៃ​​ដែរ​ ដើម្បី​កុំឱ្យ​​ដី​ហុយ​ខ្លាំង​ពេក​ ​និង​សូម​ឱ្យ​រថយន្ត​​ដែល​ធ្វើ​ចរាចរណ៍​នៅ​ក្នុងភូមិ​ទាំងអស់​ ​មេត្តា​ជួយបន្ថយល្បឿន​​និង​សូម​ឱ្យ​អាជ្ញា​ធរ​​​មូល​​​ដ្ឋាន​​​​មាន​វិធានការ​​​ជុំ​វិញ​ករណី​ខាង​លើ​នេះ​​​ ​​​ពិសេស​​ក្រឡេក​មើល​​​ពី​ទុក្ខលំបាក​​របស់ប្រជាពលរដ្ឋខ្លះៗផង​​ ​កុំ​​សម្ងំយក​សុខ​​​តែ​ម្នាក់​ឯង ៕