ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទីភ្នាក់ងារ​ព័ត៌មាន AP ផ្សាយ​ថា មាន​ហេតុការណ៍​បើករថយន្ត​អត្តឃាត​ទៅ​បុក​បំផ្ទុះ​រថយន្តក្រុង​ដឹក​បុគ្គលិក​របស់​ស្ថានីយទូរទស្សន៍​ឯករាជ្យ​ដ៏​ធំ​មួយ​នៅ​ក្រុង​កា​បុ​៊​ល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​យប់​ថ្ងៃ​ទី​២០ ខែមករា​កន្លង​មក បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​យា​៉​ង​តិច​៧​នាក់ និង​២៧​នាក់​រង​របួស ។

របាយការណ៍​បានឱ្យ​ដឹង​ថា ហេតុការណ៍​បំផ្ទុះ​រថយន្ត​លើក​នេះ​បាន​កើតឡើង​នៅ​ផ្លូវ «​ដា​រូ​ល​អា​មា​៉​ន​» ភាគ​ខាងលិច​ទីក្រុង​កា​ប៊ុល និង​នៅ​ក្បែរ​ស្ថាន​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ក្រុម​ណាមួយ​ចេញ​មុខ​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​នៅឡើយ​ទេ ។

លោក​អាប់​ឌុ​ល រ៉ក់​មា​៉​ន រា​៉​ហ៊ី​មី មេបញ្ជាការ​ប៉ូលិស​ក្រុង​កា​ប៊ុល បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្រោយ​ពេល​មាន​ហេតុការណ៍​ផ្ទុះ​នេះ​ថា អ្នក​ធ្វើ​អត្តឃាត​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​គ្រាប់​ផ្ទុះ​ទៅ​បុក​រថយន្តក្រុង​ដឹក​បុគ្គលិក​របស់​ក្រុមហ៊ុន​«​ម៉ូ​ប៊ី​ហ្គ្រុ​ប​» រួម​ទាំង​បុគ្គលិក​របស់​ស្ថានីយទូរទស្សន៍ «TOLO TV» ។ ទោះ​ជាយា​៉​ង​ណា លោក​នៅ​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ក្រុម​អត្តឃាត​ថា ជា​សមាជិក​របស់​ក្រុម​ណាមួយ​នៅឡើយ​ទេ ។

មេបញ្ជាការ​ប៉ូលិស​ក្រុង​កា​ប៊ុល បាន​ថ្លែង​ពី​ហេតុការណ៍​វាយប្រហារ​ដែល​កើតឡើង​ថា បុគ្គលិក​ស្ថានីយទូរទស្សន៍ មិន​គួរ​ក្លាយជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ក្រុម​ភេរវ​ករ ឬ​ក្រុម​ជ្រុលនិយម​ណាមួយ​ឡើយ ។ ចំណែក​អ្នកគ្រប់គ្រង​ស្ថានីយទូរទស្សន៍​ខាងលើ ដែល​ជា​ស្ថានីយទូរទស្សន៍​ឯករាជ្យ​ដ៏​ធំ​មួយ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ថ្លែង​តាម​រយៈ​គេហទំព័រ​ថា មាន​បុគ្គលិក​របស់​ស្ថានីយ​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​ចំនួន​៧​នាក់ ។

កាលពី​ឆ្នាំ​មុន អ្នកនាំពាក្យ​របស់​ក្រុម​តា​លី​បង់ ធ្លាប់​ចេញ​មុខ​ប្រកាស​ថា បុគ្គលិក​របស់​ស្ថានីយទូរទស្សន៍​ចំនួន​៣​កន្លែង រួម​មាន TOLO TV និង 1TV រួម​ទាំង​ស្ថានីយ​ទូរទស្សន៍​​ឯកជន​មួយ​កន្លែង​ទៀត គឺជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ពួក​គេ ។

កាលពី​យប់​ថ្ងៃ​ទី​៣ ខែមករា កន្លង​មក មាន​ហេតុការណ៍​ខ្មាន់កាំភ្លើង​អនាមិក​មួយ​ក្រុម បាន​ព្យាយាម​លុក​ចូល​ទៅ​កន្លែងធ្វើការ​របស់​ស្ថាន​កុងស៊ុល​ឥណ្ឌា នៅ​ក្រុងមា​៉​សារី​ឆា​រី​ហ្វ ភាគ​ខាងជើង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​មិន​បាន​សម្រេច ព្រោះ​មាន​សំឡេង​ផ្ទុះ​នៅ​ជុំវិញ​បរិវេណ​ខាងលើ​កងរំពង ខណៈ​ពេល​ខ្មាន់កាំភ្លើង​២​នាក់ ត្រូវ​បាន​កង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាញ់​សម្លាប់​នៅ​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​បាន​គេចខ្លួន ៕