ក្រសួង​រៀបចំ​ដែនដី ប្រកាសថា គម្រោង​អភិវឌ្ឍ លំនៅឋាន​សាធារណៈ របស់​រាជរដ្ឋាភិបាល មិនទាន់​ចាប់ផ្តើម​ទេ​

ភ្នំពេញ: ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ដោយ​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​សាធារណៈ ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ឯកជន​មួយចំនួន បាន​យកឈ្មោះ​នេះ​មកប្រើប្រាស់​នោះ មិនមែនជា​គម្រោង​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ទេ​។ ដូច្នេះ សូម​សាធារណជន កុំ​មានការ​ភាន់ច្រឡំ​។​

​សេដច​ក្តី​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា "​គម្រោង​អភិវឌ្ឍ "​លំនៅឋាន​សាធារណៈ​" ជាការ​អភិវឌ្ឍ​លំនៅឋាន ដែល​បាន​គណនា ទៅតាម​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ សំដៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ក្រុម​ជន​ងាយ​រងគ្រោះ អាចមាន​លទ្ធភាព​ទទួល​បាន​លំនៅឋាន​សមរម្យ ដែល​អាច​រស់​នៅបាន​ប្រកបដោយ​សុខុមាលភាព សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ តាមរយៈ​ការទិញ និង​/​ឬ​ជួល ក្នុងតម្លៃ​ទាប​សមស្រប​ជាមួយនឹង​ប្រាក់ចំណូល និង​តាមរយៈ​វិធី​បង់​រំលស់​ផ្សេងៗ​"​។​

​សេចក្តីប្រកាស​ដដែល ក៏បាន​បន្តថា "​គ្រប់​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ ដែល​អាច​ប្រើប្រាស់​ឈ្មោះ​ជា "​លំនៅឋាន​សាធារណៈ​" បាន លុះត្រាតែ​មានការ​បញ្ជាក់​ពី​រាជរដ្ឋាភិបាល ដោយ​ផ្អែកលើ​បទដ្ឋាន​បច្ចេកទេស​លំនៅឋាន​សាធារណៈ​។ ដោយឡែក គម្រោង​អភិវឌ្ឍ​នានា ដែល​បាន និង​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ឯកជន​នោះ ពុំមែន​ជា​គម្រោង​អភិវឌ្ឍ "​លំនៅឋាន​សាធារណៈ​" ដែលមាន​ការបញ្ជាក់​ពី​រាជរដ្ឋាភិបាល តាម​បទដ្ឋាន​បច្ចេកទេស​លំនៅឋាន​សាធារណៈ​នោះឡើយ​"៕​

ក្រសួង​រៀបចំ​ដែនដី ប្រកាសថា គម្រោង​អភិវឌ្ឍ លំនៅឋាន​សាធារណៈ របស់​រាជរដ្ឋាភិបាល មិនទាន់​ចាប់ផ្តើម​ទេ​