ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន «SETE» បាន​បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​អគារ «​ទួ​រ​អេ​ហ្វែ​ល​» ដែល​ជា​និមិត្តរូប​និង​ជា​ប្រភព​ទេសចរណ៍​ដ៏​សំខាន់ ក្នុង​ទីក្រុង​ប៉ា​រី​ស បាន​ធ្លាក់​ចុះ​ចាប់តាំងពី​កើត​មានការ​វាយប្រហារ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ គឺ​មក​នៅ​ត្រឹម​ចំនួន​៦,៩១​លាន​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ដែល​មាន​ចំនួន​៧,១​លាន​នាក់ គឺ​ថយ​ចុះ​ប្រហែល​១% ។

ក្រុម​ខ្មាន់កាំភ្លើង​និង​គ្រាប់បែក​អត្តឃាត​របស់​ក្រុម IS បាន​វាយប្រហារ​ហាង​កាហ្វេ ភោជនីយដ្ឋាន កន្លែង​ប្រគំ​តន្ត្រី និង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុង​ប៉ារី​ស កាលពី​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​១៣០​នាក់ ។

អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ខាងលើ​បាន​គូសបញ្ជាក់​ថា ភ្ញៀវ​ទេសចរ​នៅ​រួញរា​ក្នុង​ការ​ចូល​ទស្សនា​អគារ «​ទួ​រ​អេ​ហ្វែ​ល​» ក្នុងអំឡុងពេល​២​ស​ប្តា​ហ៍ ក្រោយ​ពេល​មានការ​វាយប្រហារ​ដែល​បាន​បិទ​ការ​ផ្តល់​សេវាកម្ម​រយៈពេល​២​ថ្ងៃ​។ អគារ «​ទួ​រ​អេ​ហ្វែ​ល​» ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៨៨៩ ដើម្បី​ជា​និមិត្តរូប​ក្នុង​ពិ​ព​រ័​ណ៍​ពាណិជ្ជកម្ម​ពិភពលោក​នេះ ត្រូវ​បាន​តុបតែង​លំអ​ដោយ​ពន្លឺភ្លើង​៣​ពណ៌​ជា​និមិត្តរូប​ទង់ជាតិ​បារាំង ដើម្បី​សម្តែង​ការ​កាន់ទុក្ខ​ដល់​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​វាយប្រហារ​នេះ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ខាង​ក្រុមហ៊ុន​ស្រាវជ្រាវ «MKG» និយាយ​ថា ដោយសារ​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ា​រី​ស កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ធ្វើ​ឱ្យ​ចំណូល​ក្នុង​សណ្ឋាគារ​របស់​បារាំង​បាត់បង់​ប្រហែល​២៧០​លាន​អឺ​រ៉ូ ហើយ​ការ​ប៉ះពាល់​បែប​នេះ​នឹង​នៅ​បន្ត​ទៀត ប្រសិនបើ​ចំនួន​ភ្ញៀវ​នៅ​តែ​ធ្លាក់​ចុះ ៕