ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា មាន​ហេតុការណ៍​រញ្ជួយ​ដី​មួយ​ក្នុង​កម្រិត​៥,៩​រិ​ក​ស្ទ័​រ នៅ​ខេត្ត​ឈី​ង​ហៃ ភាគ​និរតី​ប្រទេស​ចិន កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមករា ប៉ុន្តែ​ភ្លាម​ៗ​នោះ​នៅ​មិន​ទាន់​មាន​របាយការណ៍​ស្តី​ពី​ការ​ខូចខាត​ឬ​អ្នក​រង​របួស​ទេ ។

វិទ្យាស្ថាន​ធរណីវិទ្យា​សហរដ្ឋអាមេរិក​និយាយ​ថា ហេតុការណ៍​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៣​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមករា ស្ថិត​ក្នុង​ជម្រៅ​ដី​១០​គីឡូម៉ែត្រ ។ បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​ចិន និង​វិទ្យាស្ថាន​ធរណីវិទ្យា​សហរដ្ឋអាមេរិក​បាន​និយាយ​ដូច​គ្នា​ថា ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ​ស្ថិត​នៅ​តំបន់​«​ម៉ឺន​យួន​» ចម្ងាយ​ពី​ក្រុង​ជី​ន​ឆាង​ប្រហែល​១០០​គីឡូម៉ែត្រ ហើយ​ខាង​មជ្ឈមណ្ឌល​រញ្ជួយ​ដី​ក្រុង​ប៉េ​កាំ​ង​បាន​វាស់​កម្រិត​រញ្ជួយ​មាន​ទំហំ​៦,៤​រិ​ក​ស្ទ័​រ ។

ប្រទេស​ចិន​បាន​ជួប​បាតុភូត​រញ្ជួយ​ដី​ជា​ញឹកញាប់ ប៉ុន្តែ​ជា​ភាគច្រើន​កើត​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ភាគ​និរតី​ប្រទេស​រួម​មាន ខេត្ត​ស៊ី​ឈួ​ន និង​ខេត្ត​យូ​ណា​ន​ជាដើម ។ កាលពី​ខែតុលា ឆ្នាំ​២០១៤ មាន​ប្រជាជន​រង​របួស​ជា​ច្រើន​នាក់ និង​ជាង​១០០.០០០​នាក់ គ្មាន​ទីជម្រក ក្រោយ​កើតហេតុ​ការណ៍​រញ្ជួយ​ដី​មាន​កម្លាំង​៦​រិ​ក​ស្ទ័​រ ញ័រ​រញ្ជួយ​ដល់​ខេត្ត​យូ​ណា​ន ជាប់​ព្រំប្រទល់​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ឡាវ ។

ដោយឡែក កាលពី​ខែឧសភា ឆ្នាំ​២០០៨ មាន​ហេតុការណ៍​រញ្ជួយ​ដី​កម្រិត​៧,៩​រិ​ក​ស្ទ័​រ នៅ​ខេត្ត​ស៊ី​ឈួ​ន សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​៨០.០០០​នាក់ និង​ធ្វើ​ឱ្យ​លំនៅ​ឋាន​ជា​ច្រើន​ខ្នង​បាក់​រាប​ដល់​ដី ហើយ​ត្រូវ​បាន​កត់​សម្គាល់ថា ជា​បាតុភូត​រញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត​ក្នុងអំឡុងពេល​ជាង​៣​ទសវត្សរ៍​របស់​ចិន ៕