សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វេ​ស្ទ​ឡាញ​ន៍ គ្រុប បាន​ប្រកាស​បើក​មជ្ឈមណ្ឌល​ភាសា​ចិន ឆាង​ឈឹង ក្នុង​ការ​បណ្ដុះបណ្ដាល​កម្មវិធី​សិក្សា​ភាសា​ចិន នៅ​សាលា​វេ​ស្ទ​ឡាញ​ន៍ ដើម្បី​ឱ្យ​សិស្ស​នៅ​ដែល​មាន​បំណង​ចង់​សិក្សា​ភាសា​ចិន អាច​សិក្សា​ភាសា​បាន​មួយ​ផ្សេង​ទៀត​ក្រៅពី​កម្មវិធី​សិក្សា​ដែល​សាលា​មាន​ស្រាប់​សព្វ​ថ្ងៃនេះ ។

លោក ប៉ិច បូ​ឡែ​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វេ​ស្ទ​ឡាញ​ន៍​គ្រុប បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី​២០ មក​រា ២០១៦ នៅ​សាលា​វេ​ស្ទ​ឡាញ​ន៍​សាខា​ដូនពេញ ថា សព្វ​ថ្ងៃនេះ ឥទ្ធិពល​នៃ​ភាសា​ចិន​ក្នុង​ប្រទេស​កម្ពុជា​យើង​កំពុង​តែ​រីកសាយ​ភាយ ហើយ​ការ​ប្រើប្រាស់​ភាសា​ចិន​ក៏​កាន់តែ​ទូលាយ ។ ម្យ៉ាងវិញទៀត ក្រៅពី​កម្ពុជា ចិន​ក៏​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​ផង​ដែរ ជាក់ស្ដែង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ប្រជាជន​មួយ​ចំនួន​ធំ​ក៏​ប្រើប្រាស់​ភាសា​ចិន​ក្នុង​ការ​ទាក់ទង​គ្នា​ដែរ ។ ដូចនេះ​នៅ​ពេល​យើង​ចេញចូល​ប្រទេស​ទាំងនេះ ហើយ​ចេះ​ភាសា​ចិន គឺ​កាន់តែ​មាន​ភាព​ងាយស្រួល​ថែម​ទៀត​។ លោក​បន្ត​ថា យោង​តាម​តម្រូវការ និង​សារសំខាន់​នៃ​ការ​ប្រើប្រាស់​ភាសា​ចិន​ក្នុង​ការ​ទំនាក់ទំនង ក្រុមហ៊ុន វេ​ស្ទ​ឡាញ​ន៍ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​សាកលវិទ្យាល័យ Nantong Shipping College, Guiyang Pre-School Education College, Guilin University Of Electronic Technology នៅ​ប្រទេស​ចិន ដើម្បី​បើក​មជ្ឈមណ្ឌល​នេះ​ឡើង និង​ចាប់ផ្ដើម​ដំណើរការ​នៅ​គ្រប់​សាខា​នៃ​សាលារៀន​វេ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ចាប់ពី​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០១៦​តទៅ ។

លោក​បញ្ជាក់​ថា ដើម្បី​ឱ្យ​សិស្ស​ឆាប់​ចេះ និង​ជា​ជម្រើស​មួយ​នៃ​ការ​សិក្សា​ភាសា​ចិន មជ្ឈមណ្ឌល​ភាសា​ចិន ឆាង​ឈឹង នៃ​ក្រុមហ៊ុន​វេ​ស្ទ​ឡាញ​ន៍ អេ​ឌ្យូ​ខេ​សិន​គ្រុប នឹង​ផ្តោត​សំខាន់​លើ​ការ​ជ្រើសរើស​កម្មវិធី​ល្អ ដោយ​សិក្សា​ជាមួយ​វី​ដេ​អូ កុំព្យូទ័រ និង​សកម្មភាព​បង្រៀន​ថ្មី​ៗ សប្បាយ​ៗ​ដែល​អាច​ជួយ​ឱ្យ​សិស្ស​ឆាប់​ចាប់​បាន និង​រៀន​បាន​លឿន ។

គួរ​បញ្ជាក់​ថា ភាសា​ជា​មធ្យោបាយ​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញ​អារម្មណ៍​របស់​មនុស្ស​និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ក្នុង​ការ​ទាក់ទង​ទូទៅ ផ្នែក​អាជីវកម្ម និង​ជា​ផ្លូវការ ។ ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន មនុស្ស​តែងតែមាន​ភាសា​ជាក់លាក់​មួយ​សម្រាប់​ទំនាក់ទំនង ។ សម្រាប់​កម្មវិធី​សិក្សា​ភាសា​ចិន​នៅ​ក្នុង​សាលា​វេ​ស្ទ​ឡាញ​ន៍​ត្រូវ​បែងចែក​ជា​ពីរ មានកម្ម​វិធី​សិក្សា​ភាសា​ចិន​ទូទៅ​ដែល​បើក​ទូលាយ​ដល់​សិស្ស​នូវ​សមត្ថភាព​ក្នុង​ការ​អាន ការ​សរសេរ ការ​និយាយ និង​ការ​ស្ដាប់ ដោយ​ផ្តោត​សំខាន់​ដើម្បី​ជួយ​ឱ្យ​ពួក​គេ ទទួល​បាន​សមត្ថភាព និង​ជំនាញ​ភាសា​ចិន​យ៉ាង​ស្ទាត់ជំនាញ និង​កម្មវិធី​មួយទៀត​នោះ​គឺ​កម្មវិធី​សិក្សា​ភាសា​ចិន​សម្រាប់​ទំនាក់ទំនង ដែល​បើក​ដំណើរការ​សម្រាប់​សិស្ស​ធំ​ដែល​មិន​ចេះ​សោះ ឬ​មានចំណេះ​ដឹង​ភាសា​ចិន​តិចតួច​ហើយ ដើម្បី​ពង្រឹង​ជំនាញ​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ ៕