បុគ្គលិក IGE បង្ហាញ​ថា​ឧត្តមសេនីយ៍​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ក្លែង​បន្លំ

សវនាការ​ដ៏​អូស​បន្លាយ​ពេល​លើ​សហគ្រិន​អង់គ្លេស​ម្នាក់ បុគ្គលិក​ពីរ​នាក់​របស់​គាត់ មេធាវី​ម្នាក់ និង​មន្ត្រី​ខេត្ត​ម្នាក់ ដែល​ប្រឈម​នឹង​បទ​ចោទ​ជា​ច្រើន ទាក់ទិន​នឹង​ការ​រកស៊ី​ជីវ​ឥន្ធនៈ​បរាជ័យ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​បន្ត​នៅ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ ដោយ​បុគ្គលិក​ម្នាក់​បង្ហាញ​ថា​មាន​ឧត្ដមសេនីយ៍​យោធា​ម្នាក់​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើ​ឯកសារ​ផ្ទេរ​ដី​ក្លែងក្លាយ​នេះ។

លោក អ៊ុំ សំអាង ពលរដ្ឋ​ខ្មែរ​អាមេរិក ជា​នាយក​ក្រុមហ៊ុន International Green Energy (IGE) របស់​លោក ក្រេក ហ្វ្រីយ៉េត កំពុង​ប្រឈម​នឹង​បទ​ចោទ​ចំនួន​៥ ទាក់​ទិន​នឹង​ការ​ទទួល​បាន​និង​ឈូស​ឆាយ​ដី​ពីរ​កន្លែង​នៅ​ស្រុក​ស្វាយ​ចេក ដែល​ក្រុមហ៊ុន​បាន​ស្វះស្វែង​ដាំ​ល្ហុង​ខ្វង ដែល​អាច​ផលិត​ជា​ជីវ​ឥន្ធនៈ។ លោក ហ្វ្រីយ៉េត ខ្លួន​ឯង​ប្រឈម​នឹង​បទ​ចោទ​ក្លែង​ឯកសារ និង​ឈូស​ឆាយ​ដី​ព្រៃ​ដោយ​ខុស​ច្បាប់ ជា​អ្វី​ដែល​ការិយាល័យ​បទ​ល្មើស​ក្លែង​បន្លំ​កម្រិត​ធ្ងន់របស់​អង់គ្លេស​បាន​ចាត់​ទុក​ថា ជា​គម្រោង​បោកប្រាស់។

លោក អ៊ុង អឿន អតីត​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​និយាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ថា ក្រុមហ៊ុន IGE ជា​ជន​រងគ្រោះ​ដោយសារ​គម្រោង​អាក្រក់​របស់​មន្ត្រី​ពុក​រលួយ​បី​នាក់ ហើយ​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ថា អតីត​អភិបាល​រង​ខេត្ត​ម្នាក់​ជា​អ្នក​ក្លែង​ឯកសារ​ដី ប៉ុន្តែ អយ្យការ​បាន​ចោទ​សួរ​លោក សំអាង កាលពី​ថ្ងៃ​ពុធ​ដោយ​គ្មាន​ការ​លើក​ឡើង ឬ ការ​ពិចារណា​ច្បាស់លាស់​អំពី​អង្គហេតុ​ទាំង​នេះ​ទេ។

ផែនទី​នៃ​ប្លង់​ដី​មួយ ទំហំ​៥.០៧៩​ហិកតា​នៅ​ឃុំ​ស្លក្រាម ត្រូវ​បាន​បញ្ចាំង​លើ​អេក្រង់​មួយ​ក្នុង​បន្ទប់​តុលាការ ហើយ​ព្រះ​រាជអាជ្ញា លី សុផាន់ណា បាន​ចាប់​ផ្តើម​សួរ​លោក សំអាង ដោយ​សួរ​អំពី​ប្រវត្តិ​របស់​លោក តើ​គាត់​ជាប់​ពាក់ព័ន្ធ​ក្នុង​ក្រុមហ៊ុន IGE របៀបណា ហើយ​ថា​តើ គាត់​អាច​បញ្ជាក់​ថា គាត់​មិន​បាន​បង្កើត​ឯកសារ​ក្លែង​ឬ​ទេ មុន​ពេល​មេធាវី សុក សំអឿន ស៊ក​សម្តី។

លោក សំអឿន បាន​និយាយ​ថា “តើ​អ្នក​មាន​ភ័ស្តុតាង​ពិត​ប្រាកដ​អ្វី ដែល​ថា អ៊ុំ សំអាង ក្លែង​ឯកសារ?”

លោក សុផាន់ណា បន្ទាប់មក​បាន​សួរ​លោក សំអាង ថា​តើ​លោក​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឲ្យ​ដឹង​ថា ឯកសារ​នោះ​ត្រឹមត្រូវ​តាម​ច្បាប់​នៅ​ពេល​លោក​ទទួល​វា​ពី​ឧត្តមសេនីយ៍​ទោ ហាញ់ ចំរុង ដែល​មាន​តួនាទី​ជា​ជើងសារ​ជំនួញ​សម្រាប់​ម្ចាស់ដី​ឈ្មោះ ម៉ៅ ម៉ាឡៃ ជា​ភរិយារបស់​លោក កែ គឹមយ៉ាន អតីត​អគ្គ​មេបញ្ជាការ​កងទ័ព​ដែរ​ឬ​ទេ។

ចុង​ចោទ​បាន​និយាយ​ថា “គ្រប់​ឯកសារ​ដែល​ខ្ញុំ​បាន​ទទួល​ពី ហាញ់ ចំរុង គឺ​ត្រូវ​បាន​ថត​ចម្លង។ ខ្ញុំ​មិន​ដែល​បាន​ទទួល​ឯកសារ​ដើម​ទេ”។ លោក​បាន​បន្ថែម​ថា ឧត្តមសេនីយ៍​រូប​នេះ បាន​បង្ហាញ​លោក​នូវ​ច្បាប់​ចម្លង​របស់​ឯកសារ​ទាំង​មាន​ត្រា ទាំង​គ្មាន​ត្រា និង​ហត្ថលេខា​តម្រូវ​សម្រាប់​ការ​ផ្ទេរ។

“ម្ចាស់ដី​បាន​ចាត់ចែង​ផែនទី​ទាំងនេះ គឺ ហាញ់ ចំរុង និង ម៉ៅ ម៉ាឡៃ”។

អ្នកស្រី ម៉ៅ ម៉ាឡៃ មិន​ដែល​ត្រូវ​បាន​កោះហៅ​មក​តុលាការ​ទាក់ទិន​នឹង​រឿង​ក្តី​នេះ​ទេ។ ឧត្តមសេនីយ៍ទោ ចំរុង មិន​ដែល​បាន​បង្ហាញ​ខ្លួន​ឡើយ។ ចៅក្រម សុខរាសី បាន​ពន្យល់​តាម​ទូរស័ព្ទ​នៅ​ពេល​ក្រោយ​មក​ថា “មាន​ដីកា​ចាប់​ខ្លួន​មួយ ប៉ុន្តែ គាត់​បាន​គេច​ខ្លួន​បាត់”។

ចៅក្រម​រូប​នេះ​បាន​និយាយ​ថា ការ​ស៊ើបអង្កេត​ដោយ​ក្រសួង​មហាផ្ទៃ​នឹង​ត្រូវ​តុលាការ​យក​មក​ពិចារណា នៅ​ពេល​ដែល​លោក ហ្វ្រីយ៉េត ត្រូវ​គេ​សាកសួរ៕ និត

 

The post បុគ្គលិក IGE បង្ហាញ​ថា​ឧត្តមសេនីយ៍​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ក្លែង​បន្លំ appeared first on ខេមបូឌា ដេលី.