រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នឹង​ជួប​គណបក្ស​ប្រឆាំង​ពេល​មក​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) នឹង​ជួបពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង នៅ​ពេល​លោក​មក​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា​ក្នុង​សប្ដាហ៍​ក្រោយ

អ្នកនាំពាក្យ​​គណបក្សសង្រ្គោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​វិទ្យុ​អាស៊ីសេរី ​ដឹង​នៅ​ថ្ងៃទី២១ ខែ​មករា ថា នៅ​ក្នុង​ជំនួប​រវាង លោក ចន ឃើរី ជាមួយ​ប្រធាន​ស្ដីទីគណបក្ស​សង្រ្គោះជាតិ លោ កឹម សុខា គណបក្ស​សង្រ្គោះជាតិ នឹង​លើក​យក​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ទៅ​ជជែក

ប៉ុន្តែ​លោក យឹម សុវណ្ណ មិន​ទាន់​ឲ្យ​ដឹង​ថា តើ​ការ​ជួប​គ្នា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ណា ឬ​នៅ​ទីណា​នៅ​ឡើយ​ទេ ព្រោះ​នេះ​ជា​កា​ររៀបចំ​របស់ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​១៦ មករា ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី២៦ ខែ​មករា។

ដំណើរ​ទស្សនកិច្ច​របស់ លោក ចន ឃែរី មក​កម្ពុជា គឺ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ក្នុង​បំណង​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេ​ភាគី រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ចន ឃែរី នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង។

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ រំពឹង​ថាជំនួប​រវាង លោក ចន ឃែរី និង​គណបក្ស​ប្រឆាំង ក្រៅ​ពី​ការ​ជជែក​គ្នា​ពី​រឿង​នយោបាយ ក៏​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យោបល់ ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​សង្គម​ផង​ដែរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។