ពលរដ្ឋ​ស្រុក​សំរោងទង​ខេត្ត​កំពង់ស្ពឺ​ត្អូញត្អែរ​ពី​ការ​រំខាន​ដោយ​ការដ្ឋាន​បំផ្ទុះ​ភ្នំ​យក​ថ្ម

ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​នៅ​ឃុំ​ធម្មតាអរ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ចោទ​ប្រកាន់​ថា ការដ្ឋាន​យក​ថ្ម​របស់ លោក ហ៊ុន តូ និង​ក្រុមហ៊ុន ហ៊ិច សុន ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ត្រូវ​ជួប​បញ្ហា​ផ្នែក​សុខភាព និង​ផ្លូវ​ត្រូវ​ខូចខាត ដោយសារ​ឡាន​ដឹក​ថ្ម។ ភាគី​តំណាង​ក្រុមហ៊ុន អេច្ឆ.ធី.ធី.ខេ (HTTK) បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ។

ការដ្ឋាន​ថ្ម​ភ្នំ​ជាច្រើន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កំពុង​ត្រូវ​បាន​ឈ្មួញ​ធ្វើ​អាជីវកម្ម​ជា​រៀង​រាល់​ថ្ងៃ ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ប្រឈម​នឹង​បញ្ហា​សុខភាព ជាពិសេស​ការ​បំផ្ទុះ​ភ្នំ​យក​ថ្ម​នេះ រំខាន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់។

រស់នៅ​ភូមិ​កន្ទ្រង់ ឃុំ​ធម្មតាអរ លោក ពៅ ណៃ អះអាង​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នោះ គឺ​ដោយសារ​ក្រុមហ៊ុន អេច្ឆ.ធី.ធី.ខេ នេះ បាន​ដឹក​ថ្ម ហើយ​ឆ្លង​កាត់​ផ្លូវ​ដែល​អ្នក​ភូមិ​ធ្វើ​ទាំង​ព្រឹក​ទាំង​ល្ងាច។ ក្រៅ​ពី​នេះ​ទៀត​នោះ ខាង​ក្រុមហ៊ុន​ពុំ​បាន​គិតគូរ​ពី​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សង​ខាង​ផ្លូវ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «គាត់​ធ្វើ​រាល់​ឆ្នាំ។ មួយ​ឆ្នាំ​ធ្វើ​ម្ដងៗ ដោយសារ​ឡាន​ដឹក​ថ្ម​ធ្វើ​អាជីវកម្ម​ភ្នំ​ស្រី​ស្រណោះ មក​កាន់​ផ្លូវ​ជាតិ​លេខ​៤ នេះ។ ផ្លូវ​នេះ​ស្រួល​អ៊ីចឹង វា​ជៀស​ពី​ផ្លូវ​នោះ មក​ឆ្លង​កាត់​ផ្លូវ​ប្រជាពលរដ្ឋ​ដែល​គាត់​ធ្វើ។ ផ្លូវ​នេះ​មិន​ហាម​ឃាត់​ទេ យើង​គិត​ថា​ជា​ផ្លូវ​សាធារណៈ​ទេ តែ​ដល់​ពេល​ឡាន​វា​ហួស​ទម្ងន់​រត់​មក​ហែក​ដី»

ការដ្ឋាន​ថ្ម​ដែល​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា ពុំ​បាន​ធ្វើ​ឲ្យ​សហគមន៍​ចំណេញ​អ្វី​នោះ គឺ​បាន​ហ៊ុមព័ទ្ធ​ភូមិ​ចំនួន​៤ នៃ​ឃុំ​ធម្មតាអរ មាន​ភូមិ​ដីក្រហម ភូមិ​ព្រៃវាវ ភូមិ​ពង្រ និង​ភូមិ​ក្រាំង។ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ពីរ​ដែល​កំពុង​ដំណើរ​ការ​បំផ្ទុះ​ភ្នំ​យក​ថ្ម។ ក្រុមហ៊ុន អេច្ឆ.ធី.ធី.ខេ របស់ លោក ហ៊ុន តូ កំពុង​ដំណើរ​ការ​អាជីវកម្ម​នៅ​ចំណុច​វាល​ស្រី​ស្រណោះ និង​ក្រុមហ៊ុន ហ៊ិច សុន កំពុង​ប្រតិបត្តិការ​ដែរ​នៅ​ភ្នំ​ចារ៉ាម។

បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ តំណាង​ក្រុមហ៊ុន អេច្ឆ.ធី.ធី.ខេ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា ខ្លួន​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​កំពុង​តែ​ពិនិត្យ​លទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​ហើយ។

ព្រះតេជព្រះគុណ​គង់​នៅ​វត្ត​វាល​ស្រី​ស្រណោះ ព្រះនាម ស៊ឹម សុវណ្ណរិទ្ធ មាន​ថេរ​ដីកា​ថា រាល់​ថ្ងៃ ក្រុមហ៊ុន​ចាប់​បំផ្ទុះ​ភ្នំ​ដើម្បី​យក​ថ្ម​មិន​តិច​ជាង ៥​ដង​ទេ​ក្នុង​មួយ​ថ្ងៃៗ។ ព្រះអង្គ​បន្ត​ថា សំឡេង​នៃ​ការ​បំផ្ទុះ​យក​ថ្ម​រាល់​លើក បើ​អ្នក​ដែល​ពុំ​ធ្លាប់​បាន​ឮ អាច​រន្ធត់ ឬ​អាច​គាំង​បេះដូង ព្រោះ​សំឡេង​នៃ​ការ​បំផ្ទុះ​លាន់​កង​រំពង និង​ញ័រ​អស់​ផ្ទៃដី​វត្ត។ ព្រះអង្គ​បន្ត​ថា «មុន​ចង់​បំផ្ទុះ ចង់​ឲ្យ​ក្រុមហ៊ុន​ជួយ​ប្រាប់​មុន។ ប្រាប់​មុន​ជា​សញ្ញា​ថា ឥឡូវ​នេះ​ម៉ោង​ប៉ុណ្ណេះ វេលា​នេះ ផ្ទុះ​ហើយ។ អា​ហ្នឹង​ឲ្យ​គ្នា​ប្រុង​ប្រយ័ត្ន​ទុក​មុន ក៏ប៉ុន្តែ​ដល់​ពេល​ផ្ទុះ​ហ្នឹង ឥត​មាន​បញ្ជាក់​ថា​ត្រូវ​ផ្ទុះ​ផង។ ដល់​អ៊ីចឹង​ការ​ស្លុត​ការ​អី​នេះ​ហ្នឹង គឺ​មាន​ហើយ​ញោម»

ប្រជាពលរដ្ឋ​និយាយ​ថា ឡាន​យីឌុប​ប្រភេទ​ទម្ងន់​ធ្ងន់​របស់​ក្រុមហ៊ុន អេច្ឆ.ធី.ធី.ខេ លោក ហ៊ុន តូ បាន​ដឹក​ថ្ម​ចេញ​ពី​ភ្នំ​វាល​ស្រី​ស្រណោះ ជាច្រើន​គ្រឿង​ទាំង​ថ្ងៃ​ទាំង​យប់។ ផ្លូវ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លិច​នៃ​ភូមិ​កន្ទ្រង់ ត្រូវ​ខូចខាត និង​បាក់​ស្រុត។ ស្រប​ពេល​ផ្លូវ​នេះ​ស្ទើរ​មិន​អាច​ដំណើរ​ការ​ទៅ​រួច ក្រុមហ៊ុន អេច្ឆ.ធី.ធី.ខេ នេះ បាន​បង្វែរ​ទិសដៅ​មក​ប្រើប្រាស់​ផ្លូវ​លំ​ផ្នែក​ខាង​កើត ដែល​អ្នក​ភូមិ​សាងសង់​វិញ​ម្តង។ ផល​ប៉ះពាល់​នៃ​ដី​ហុយ​ដោយ​ការ​ដឹក​ថ្ម​នេះ បណ្ដាល​ឲ្យ​អ្នក​ភូមិ​កន្ទ្រង់ ភូមិ​ដីក្រហម និង​ភូមិ​ពង្រ ជាដើម ប្រឈម​នឹង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ញឹកញាប់ និង​ផ្ដាសាយ​លែង​មាន​រដូវ​កាល។

ចំណែក​មេ​ឃុំ​ធម្មតាអរ លោក អែម ធន បញ្ជាក់​ថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​មាន​មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​ផង កំពុង​រក​មធ្យោបាយ​ជាមួយ​ភាគី​ក្រុមហ៊ុន ដោះស្រាយ​ពី​បញ្ហា​នេះ​ហើយ។ លោក​បន្ត​ថា ក្នុង​ពេល​ជួប​ពិគ្រោះ​យោបល់​នោះ ខាង​ភាគី​ក្រុមហ៊ុន​សន្យា​ថា នឹង​ស្រោច​ទឹក​នៅ​តាម​ផ្លូវ ដើម្បី​បញ្ចៀស​ការ​ហុយ​ដី ជាដើម។ បន្ថែម​ពី​លើ​នេះ​ទៀត ខាង​អាជ្ញាធរ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ចាក់​បេតុង​ផ្លូវ ដើម្បី​បញ្ចប់​បញ្ហា​នៅ​ក្នុង​សហគមន៍។ លោក​បន្ត​ថា «ពាក់ព័ន្ធ​បញ្ហា​ដី​ហុយ​នេះ អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង​ជាមួយ​ប្រជាពលរដ្ឋ សំខាន់​គឺ​យើង​ពេល​វេទិកា​សាធារណៈ ប្រជាពលរដ្ឋ​លើក​បញ្ហា​ប៉ះពាល់​នឹង​ដី​ហុយ​នេះ ដោយសារ​ក្រុមហ៊ុន​ដឹក​ថ្ម​ហ្នឹង។ អ៊ីចឹង​យើង​មាន​វិធានការ​សំខាន់ គឺ​យើង​ឲ្យ​ក្រុមហ៊ុន​ស្រោច​តាម​ផ្លូវ»

ភ្នំ​ជាច្រើន​ទីតាំង​នៅ​ក្នុង​ស្រុក​ភ្នំស្រួច និង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ក្លាយ​ជា​គោលដៅ​មួយ​ថ្មី​ទៀត សម្រាប់​ការ​ធ្វើ​អាជីវកម្ម​បំផ្ទុះ​ភ្នំ​យក​ថ្ម។ ការ​ងាក​មក​ចាប់​អារម្មណ៍​យក​ភ្នំ​សម្រាប់​ប្រកប​របរ​អាជីវកម្ម​វិញ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ធនធាន​ធម្មជាតិ​មួយ​ចំនួន​ត្រូវ​រេចរឹល​បន្តិច​ម្តងៗ ដូចជា​សត្វ​ព្រៃ រ៉ែ និង​ព្រៃ​ឈើ ជាដើម។

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល យល់​ឃើញ​ថា កម្ពុជា នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ​ក្នុង​ពេល​ខាង​មុខ នៅ​ពេល​ភ្នំ​ដែល​ជា​របាំង​ការពារ​ខ្យល់​ចុង​ក្រោយ ត្រូវ​បាត់បង់ បន្ទាប់​ពី​ព្រៃ​ឈើ​ត្រូវ​បាន​កាប់​បំផ្លាញ​អស់​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។