ពលរដ្ឋ​ជាង​៣០០​នាក់​​នៅ​ខេត្ត​កោះកុង​ដាក់​ញត្តិ​ជូន​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដី

ពលរដ្ឋ​ជាង ៣០០​នាក់ តំណាង​ឲ្យ ៧៥៤​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​មាន​ផ្ទៃដី​សរុប​ជាង ៣​ពាន់​ហិកតារ ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ កោះកុង (Koh Kong Sugar) និង​ក្រុមហ៊ុន ផ្លែនថេសិនអ៊ីនដាសស្ទ្រី (Plantation Industry) នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បាន​ហែ​យក​ញត្តិ​ដាក់​ជូន​អាជ្ញាធរ​ឃុំ​ចំនួន ៤​នាក់​មូលដ្ឋាន​នេះ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឲ្យ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ ដែល​ក្រុមហ៊ុន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​តាំង​ពី​ឆ្នាំ​២០០៦។

អាជ្ញាធរ​ទាំង ៤​ឃុំ បាន​ទទួល​យក​ញត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ក្រុមហ៊ុន ប៉ុន្តែ​មិន​ដឹង​ថា នឹង​មាន​លទ្ធផល​បែប​ណា​ទេ។

អាជ្ញាធរ​ឃុំ​ចំនួន ៤ មាន​ឃុំ​ជីខលើ ឃុំ​ជីខក្រោម ឃុំ​ដងពែង និង​ឃុំ​កណ្ដោល ស្ថិត​ក្នុង​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា បាន​សន្យា​នឹង​បញ្ជូន​ញត្តិ ឬ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ ឲ្យ​បាន​ដល់ដៃ​ថ្នាក់ដឹកនាំ​ខេត្ត​កោះកុង និង​ក្រុមហ៊ុន។ ប៉ុន្តែ​នឹង​មាន​លទ្ធផល​បែប​ណា​នោះ​មិន​ហ៊ាន​សន្យា​ទេ។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កោះកុង លោក ញៀប សំអឿន មាន​ប្រសាសន៍​ថា នឹង​តាមដាន​សកម្មភាព​របស់​អាជ្ញាធរ​ឃុំ​ទាំង ៤ ដោយ​យកចិត្តទុកដាក់។ លោក​បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ទាំង ៤​ឃុំ បាន​ហែ​យក​ញត្តិ​ដាក់​ជូន​មេ​ឃុំ​ទាំង ៤ រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា។

លោក ញៀប សំអឿន ឲ្យ​ដឹង​ថា ក្បួន​ហែ​របស់​ក្រុម​ប្រជាពលរដ្ឋ​មក​ដល់​ឃុំ​ដងពែង គឺ​មាន​ការ​ប៉ះ​ពាក្យ​សម្ដី​គ្នា​ខ្លះ​រវាង​ប្រជាពលរដ្ឋ​ជាមួយ​មេ​ឃុំ​ដងពែង ប៉ុន្តែ​មិន​មាន​ហិង្សា​ទេ៖ «ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ នា​ខេត្ត​កោះកុង មាន​ទំហំ​ផ្ទៃ​ដី​ជាង ៣​ពាន់​ហិកតារ និង​មាន​ប្រជាពលរដ្ឋ​ចំនួន ៧៥៤​គ្រួសារ»

​បញ្ហា​នេះ​ដែរ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ដែល​បាន​ចុះ​អង្កេត​ការ​ហែ​ក្បួន​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា មិន​មាន​ការរារាំង​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​នេះ ទៅ​លើ​សកម្មភាព​ហែ​ក្បួន​តាម​មធ្យោបាយ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​កម្លាំង​នគរបាល​បាន​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ហែ​ក្បួន។

លោក​ឲ្យ​ដឹង​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ពេល​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​កាត់​ឆ្វៀល​ដី​ចម្ការ ឬ​ដី​ធ្លាប់​បង្ក​បង្កើន​ផល​ដែល​ក្រុមហ៊ុន​រំលោភ​យក ដើម្បី​ឲ្យ​ពួកគាត់​អាច​បង្កបង្កើន​ផល​ចិញ្ចឹម​គ្រួសារ​ដូច​ពេល​មុន​កើត​មាន​ជម្លោះ​វិញ៖ «ចុង​ក្រោយ​នេះ​ប្រជាពលរដ្ឋ​គាត់​ចង់​ញាក់​ស្មារតី​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ ដែល​ជា​មន្ត្រី​ធ្វើ​ការងារ​ពាក់ព័ន្ធ​ផលប្រយោជន៍​ពួកគាត់​ហ្នឹង​ឲ្យ​ចាប់​អារម្មណ៍​ទៅ​លើ​ភាព​រង​ទុក្ខ​វេទនា​របស់​ពួកគាត់ ហើយ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំង​អស់​ហ្នឹង​ធ្វើ​សំណើ ឬ​កិច្ច​អន្តរាគមន៍​បន្ត​ទៀត​ទៅ​អាជ្ញាធរ​ខេត្ត​កោះកុង និង​ថ្នាក់​ជាតិ។ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត និង​ឃុំ​សូម​ទទួល​យក​ញត្តិ​របស់​ពួកគាត់ និង​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ស្វែង​រក​ដំណោះស្រាយ កាត់​ឆ្វៀល​ដី​ចម្ការ​របស់​គាត់​ជូន​ពួកគាត់​បាន​បង្កបង្កើន​ផល​ឡើង​វិញ»

​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ៤​ឃុំ ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា  ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ កោះកុង និង​ក្រុមហ៊ុន ផ្លែនថេសិនអ៊ីនដាសស្ទ្រី របស់​ពលរដ្ឋ​ស្រុក​ស្រែ​អំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០០៦ មក​ម្លេះ ហើយ​ពលរដ្ឋ​ពួកគាត់​ក៏​ធ្លាប់​បាន​ដាក់​ញត្តិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូលៗ​ថ្នាក់​ជាតិ​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​នោះ​ទេ គិត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៦ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។