មនុស្ស​បួន​ប្រភេទ​ដែល​ជួយ​​ឲ្យ​អ្នក​អាច​សម្រេច​គោលដៅ​កាន់​តែ​រហ័ស

មនុស្ស​បួន​ប្រភេទ​ដែល​ជួយ​​ឲ្យ​អ្នក​អាច​សម្រេច​គោលដៅ​កាន់​តែ​រហ័ស

ធ្មេច​បើក​ៗ​ពេល​វេលា​មួយ​ថ្ងៃ​កន្លង​ផុត​ចូល​ជា​ខែ​រហូត​ដល់​ឆ្នាំ​​ដោយ​មិន​ដឹង​ខ្លួន។ ​​​បើ​មិន​បាន​ដាក់​គោលដៅ​​​ច្បាស់លាស់ ​និង​​ព្យាយាម​សម្រេច​គោលដៅ​ទាំង​នោះ​​ទេ ​មិន​ថា ​១០ ​ឬ​ ២០​ឆ្នាំ​ អ្នក​នឹង​​មិន​រីកចម្រើន​ ឬ​បើ​រីក​ចម្រើន​ក៏​តិចតួច។ ​​ការ​ដាក់​គោលដៅ ​និង​ព្យាយាម​សម្រេច​គោលដៅ​ជា​ការ​សំខាន់​ តែ​អ្វី​ដែល​រឹត​តែ​សំខាន់​ជាង​នោះ​គឺ ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ត្រូវ​ដែល​នឹង​ជួយ​ជំរុញ​​​អ្នក​ឲ្យ​ខិត​ទៅ​រក​គោលដៅ​កាន់​តែ​រហ័ស។ ​​​​មិន​ថា​ គោលដៅ​​នោះ​ធំ​ ឬ​តូច​ប៉ុណ្ណា​ ​​មាន​មនុស្ស​បួន​ប្រភេទ​ដែល​​ជួយ​ឲ្យ​អ្នក​រត់​ទៅ​រក​គោលដៅ​បាន​កាន់​តែ​លឿន៖

 

១ ​​គ្រូ​ធំ ​ឬ​គ្រូ​ដើម
​​​​​​​​​​​​​​​

 មនុស្ស​បួន​ប្រភេទ​ដែល​ជួយ​​ឲ្យ​អ្នក​អាច​សម្រេច​គោលដៅ​កាន់​តែ​រហ័ស

 

អ្នក​និពន្ធ​​អាមេរិក​​ដ៏​មាន​កេរ្ថ៍​ឈ្មោះ​លោក​ Joseph Cambell ​​ធ្លាប់​បាន​លើក​ឡើង​ឃ្លា​ដ៏​​ល្បីល្បាញ​​​មួយ​​ក្នុង​សៀវភៅ​មាន​ចំណងជើង​​​ ​”The Hero’s Journey” ​ថា​ «គ្រប់​វីរបុរស​ដ៏​អស្ចារ្យ​សុទ្ធ​តែ​មាន​គ្រូ​ដើម​រៀងៗ​ខ្លួន»។ ​តើ​នរណា​អាច​ជា​គ្រូ​ដើម​របស់​អ្នក? ​​​គ្រូ​ដើម​ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍​​​លើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ។ ​គ្រូ​ដើម​អាច​​​ឲ្យ​អ្នក​សុំ​ជំនួយ ​សួរ​សំណួរ ​និង​ផ្ដល់​ដំបូន្មាន​បាន។ ​បើ​ចង់​ធ្វើ​ជំនួញ​មួយ ​អ្នក​ត្រូវ​រក​មនុស្ស​ដែល​​ជា​បុគ្គល​ជោគជ័យ​លើ​ជំនួញ​នោះ​​ដែល​មាន​កម្លាំង​ជំរុញ​ចិត្ត​អ្នក​កាន់​តែ​​ខ្លាំង។ ​​​បើ​ចង់​​សម្រក​ទម្ងន់​ អ្នក​អាច​រក​គ្រូ​កីឡា​ ​ឬ​​មិត្តភ័ក្ដិ​ណា​ដែល​ជោគជ័យ​ក្នុង​​ការ​សម្រក​ទម្ងន់​នេះ​ស្រាប់។

 

​ស្វែង​រក​អ្នក​ដែល​ធ្លាប់​ដើរ​ដោយ​ជោគជ័យ​​លើ​ផ្លូវ​ដែល​អ្នក​ចង់​ដើរ។ ​​ចូល​ទៅ​ជិត​ពួកគេ​ ​​បង្កើត​សម្ពន្ធភាព​ឲ្យ​ល្អ។ ​​​​​ពេល​មាន​ជំនួយ​ពី​ពួកគេ​ អ្នក​នឹង​ទទួល​បាន​មេរៀន ​បទពិសោធន៍ ​ឬ​ដំបូន្មាន​ល្អ​ៗ​ដែល​ឲ្យ​អ្នក​ចំណេញ​ពេល​​​ច្រើន​​ដើម្បី​ឆ្ពោះ​ទៅ​រក​គោលដៅ។

 

​២ មនុស្ស​​​ដែល​អ្នក​ចង់​បង្ហាញ​សមិទ្ធផល​ឲ្យ​ឃើញ

 

មនុស្ស​​ដែល​អ្នក​ចង់​បង្ហាញ​សមិទ្ធផល​ឲ្យ​ឃើញ​នេះ​គឺ​​​​ច្រើន​​​ចង់​ឃើញ​អ្នក​សម្រេច​ជោគជ័យ​លើ​អ្វី​មួយ។ ​​​ពួកគេ​អាច​ជា​​គ្រួសារ ​​ប្ដី​ប្រពន្ធ ​បងប្អូន ​ឬ​មិត្ត​រួម​ការងារ​ ​ដែល​រីករាយ​​ ​ឬ​សប្បាយ​ចិត្ត​​​ឃើញ​អ្នក​ធ្វើ​អ្វី​មួយ​បាន​លទ្ធផល​គាប់​ប្រសើរ។ ​​ពួកគេ​អាច​ជា​អ្នក​ ដែល​អ្នក​ចង់​ជំរុញ​ចិត្ត​​​ឲ្យ​បាន​អភិវឌ្ឍ​ឈាន​ឡើង​ដូច​អ្នក​ដែរ។ ​​​បើ​អ្នក​ដឹង​ថា ​អ្វី​ដែល​អ្នក​ធ្វើ​បាន​ជោគជ័យ​ អាច​ឲ្យ​អ្នក​ដទៃ​រីករាយ​នោះ ​​​​អ្នក​​នឹង​រឹត​តែ​មាន​កម្លាំង​ប្រឹងប្រែង​កាន់​តែ​ក្លៀវក្លា​ឡើង។​

 

​៣ ​​​​​អ្នក​លើក​ទឹកចិត្ត

 

មនុស្ស​បួន​ប្រភេទ​ដែល​ជួយ​​ឲ្យ​អ្នក​អាច​សម្រេច​គោលដៅ​កាន់​តែ​រហ័ស

 

​​​ការងារ​មួយ​សម្រេច​ជោគជ័យ​ទៅ​បាន​ មិន​មែន​អ្នក​តែ​ឯង​​​​​អាច​ធ្វើ​បាន​ដោយ​រលូន​ទេ។ ​​តាម​ផ្លូវ​ទៅ​ទី​នោះ​ ​អ្នក​នឹង​ជួប​រណ្ដៅ ​​​និង​ឧបសគ្គ​ជា​ច្រើន​​ដែល​អ្នក​មិន​បាន​គិត​ដល់។ ​​​ហើយ​បើ​ជួប​បញ្ហា​ធំ ​អ្នក​មិន​ចេះ​លើក​ទឹកចិត្ត​ខ្លួន​ឯង ​ឬ​រក​មនុស្ស​ដែល​​អ្នក​អាច​បង្ហាញ​អារម្មណ៍​ប្រាប់ ​និង​ចាំ​ជួយ​អ្នក​ទេ​នោះ​ អ្នក​អាច​នឹង​បាក់​ទឹកចិត្ត​ បញ្ឈប់​កណ្ដាល​ទី ​ដែល​ជា​លទ្ធផល​គឺ​​ស្មើ​នឹង​បរាជ័យ។ ​ដូច្នេះ​ គួរ​ព្យាយាម​រក​មនុស្ស​ដែល​គាំទ្រ​អ្នក​ ​ជួយ​អ្នក​ពេល​អ្នក​លំបាក​បំផុត។ ​​អាច​ជា​មនុស្ស​ម្នាក់ ​​ឬ​ជា​ក្រុម​មនុស្ស​​ដែល​មាន​គំនិត​វិជ្ជមាន​ជំរុញ​អ្នក​ទៅ​មុខ។ ​​​​ចូល​ទៅ​ជិត​ពួកគេ​ ​​ភ្ជាប់​ទំនាក់ទំនង​ជា​ប្រចាំ។ ​ពេល​អ្នក​មាន​ទំនាក់ទំនង​ល្អ​​នឹង​ពួកគេ​ហើយ ​ពេល​មាន​បញ្ហា​ពួកគេ​នឹង​នៅ​ចាំ​ជួយ​អ្នក​ លើក​ទឹកចិត្ត​អ្នក​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

 

​៤ ​អ្នក​​​​​​​​​ទំនាក់ទំនង

 

​ដើម្បី​ឲ្យ​គោលដៅ​មួយ​សម្រេច​បាន​ អ្នក​ត្រូវ​ការ​មនុស្ស​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក។​​ ​បើ​​​អ្នក​បើក​ជំនួញ​​ ​​និង​​​​ចង់​ចូល​ទៅ​ជិត​អតិថិជន​គោលដៅ ​អ្នក​ប្រាកដ​ជា​សួរ​ខ្លួន​ឯង​នូវ​​​​សំនួរ​​​ថា ​”តើ​ធ្វើ​ម៉េច​ទើប​ទៅ​ជិត​ពួកគេ​បាន?” មិន​ខាន។ ​ពិត​ណាស់​ដើម្បី​ចូល​ជិត​អតិថិជន​ទាំង​នោះ​បាន​ អ្នក​ត្រូវ​មាន​ខ្សែ​បណ្ដាញ​ដែល​ជិតដិត​នឹង​ពួកគេ។ ​ហើយ​ធ្វើ​ម៉េច​ទើប​បាន​ស្គាល់​ខ្សែ​បណ្ដាញ​ទាំង​​នោះ? ​វា​គ្មាន​អ្វី​ដែល​រត់​មក​រក​អ្នក​ដោយ​ឯកឯង​ទេ។ ​អ្នក​អាច​ចូលរួម​សិក្ខាសាលា ​បទ​​បង្ហាញ​ និង​កម្មវិធី​នានា​ដែល​ពាក់ព័ន្ធ​ដើម្បី​ស្គាល់​មនុស្ស​នៅ​ក្នុង​រង្វង់​​ការងារ​​ដែល​អ្នក​ចង់​​សម្រេច​បំផុត​​ឲ្យ​​​កាន់​តែ​ច្រើន  និង​អ្នក​ដែល​ពូកែ​ស្គាល់​មនុស្ស។ ​ពេល​អ្នក​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ ​ពេល​នោះ​ហើយ​ដែល​អ្នក​​ទាំង​នោះ​អាច​ជួយ​​ភ្ជាប់​ទំនាក់ទំនង​ទៅ​មនុស្ស​​បន្ត​ដែល​ឲ្យ​ការងារ​អ្នក​កាន់​តែ​រលូន​ទៅ​មុខ​បាន​ល្អ។

 

​​ប្រិយមិត្ត​វិញ ​​​ ​យល់​ថា ​មាន​មនុស្ស​ប្រភេទ​ណា​ទៀត​​ដែល​ជួយ​ជំរុញ​ឲ្យ​អ្នក​កាន់​តែ​សម្រេច​ជោគជ័យ​បាន​រហ័ស?

 

 

ប្រែ​សម្រួល៖ ​ប្រាក់ ចាន់សីហា
ប្រភព៖ ​entrepreneur